ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធានាធិបតី​អាម៉េរិក ចូ បៃ​ដិន កាលពី​ថ្ងៃ​ពុធ​ទី​៩​វិច្ឆិកា បាន​និយាយថា ទំនាក់ទំនង​របស់​លោក​អេ​ឡុន ម៉ាស ជាមួយ​បរទេស​គឺ “​សម​” នឹង​ធ្វើការ​ពិនិត្យពិច័យ ចំ​ពេល​មាន​ចម្ងល់​ជុំវិញ​ការទិញ​ភាគហ៊ុន​របស់​អា​រ៉ាប៊ីសាអូឌីត​នៅក្នុង Twitter ដែល​ជា​ផ្នែក​មួយ​នៃ​ការកាន់កាប់​ភាគហ៊ុន​របស់​មហាសេដ្ឋី​រូបនេះ​។​

​ឆ្លើយតប​នឹង​សំណួរ​របស់​អ្នកកាសែត​ម្នាក់ លោកបៃ​ដិនបាន​និយាយថា “​ខ្ញុំ​គិតថា កិច្ចសហប្រតិបត្តិការ និង​/​ឬ​ទំនាក់ទំនង​បច្ចេកទេស​របស់​លោក អេ​ឡុន ម៉ាស​ជាមួយ​ប្រទេស​ផ្សេង​ទៀត​គឺ​សម​នឹង​​ពិនិត្យមើល​”​។​

​របាយការណ៍​កាលពី​ខែ​មុន​បាន​លេចឡើង​ថា រដ្ឋបាលបៃដិ​ន​កំពុង​ថ្លឹងថ្លែង​លើ​ការត្រួតពិនិត្យ​សន្តិសុខ​ជាតិ​លើ​ការកាន់កាប់ Twitter​តម្លៃ ៤៤ ពាន់​លាន​ដុល្លារ​របស់​លោក​ម៉ាស​ដែល​មួយ​ផ្នែក​គឺ​​ដោយសារ​តែ​ក្រុម​វិនិយោគិន​សំខាន់ៗ​ដែល​គាំទ្រ​ការទិញ​នេះ​។​

​អ្នកវិនិយោគ​រួម​មាន​ព្រះអង្គម្ចាស់ អាល់​វ៉ា​លី​ដ ប៊ីន តា​ឡាល់ (Alwaleed bin Talal)​នៃ​ប្រទេស​អា​រ៉ាប៊ីសាអូឌីត និង​មូលនិធិ​ទ្រព្យសម្បត្តិ​អធិបតេយ្យ​របស់​កាតា​។​

​ព្រឹទ្ធ​សមាជិក​អាម៉េរិក​ពីរ​រូប​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ពិនិត្យ​លើ​កិច្ចព្រមព្រៀង​ទិញ Twitter​ដើម្បី​ទប់ស្កាត់​វេទិកា​នេះ​ពី​ការ​ចូល​ប្រើ​ព័ត៌មាន​អ្នកប្រើប្រាស់​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​សកម្មជន​​សិទ្ធិមនុស្ស​និង​អ្នក​រិះគន់​រដ្ឋាភិបាល​អា​រ៉ាប៊ីសាអូឌីត​។​

​ព្រឹទ្ធ​សមាជិក គ្រីស មឺ​ហ្វី (Chris Murphy) នៃ​រដ្ឋ​ខុន​និក​ធី​ខាត់ (Connecticut) បាន​និយាយថា “​យើង​គួរតែ​មាន​ការព្រួយបារម្ភ​ថា អា​រ៉ាប៊ីសាអូឌីត​ដែលមាន​ចំណាប់​អារម្មណ៍​ច្បាស់លា​ស់​​ក្នុង​ការគាបសង្កត់​ការនិយាយ​ខាង​នយោបាយ​និង​ដាក់​ឥទ្ធិពល​លើ​នយោបាយ​អាម៉េរិក ឥឡូវ​នេះ​គឺជា​ម្ចាស់​ធំ​ទី​ពីរ​នៃ​វេទិកា​បណ្តាញ​សង្គម​ដ៏​ធំ​មួយ​”​។​

​លោក​ម៉ាស​ក៏​បញ្ចេញ​ឥរិយាបថ​សាធារណៈ​ដ៏​អំណោយផល​ចំពោះ​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ផងដែរ បើទោះបីជា​រុស្ស៊ី​បាន​លុកលុយ​អ៊ុយ​ក្រែន​ក៏ដោយ​ជា​ពិសេស​តាមរ​យៈ​ការ​បន្ទរ​លើ​ចំណុច​ដែល​បាននិ​​យាយ​របស់​ប្រធានាធិបតី​រុស្ស៊ី​ស្តីពី​ជម្លោះ​។​

​ហើយ​គាត់​បាន​បង្ក​ការងឿងឆ្ងល់​ដោយ​លើកឡើងថា កោះ​តៃវ៉ាន់​ដែល​គ្រប់គ្រង​ដោយ​ខ្លួនឯង​គួរតែ​ក្លាយជា​ផ្នែក​មួយ​នៃ​ប្រទេស​ចិន​ជា​ជំហរ​មួយ​ត្រូវបាន​ស្វាគមន៍​ដោយ​មន្ត្រី​ចិន​ប៉ុន្តែ​បាន​ធ្វើឱ្យ​មន្ត្រី​​តៃវ៉ាន់​ខឹង​យ៉ាងខ្លាំង​។​

​អ្នក​រិះគន់​បាន​ចង្អុល​ទៅ​ទំនាក់ទំនង​ឧស្សាហកម្ម ដែល​ផ្សារភ្ជាប់​លោក​ម៉ាស​ទៅ​ប្រទេស​ចិន ដែល​មាន​ទំនាក់ទំនង​កាន់តែ​អាក្រក់​ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​។​

​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី Tesla របស់​មហាសេដ្ឋី​រូបនេះ​បាន​បង្កើន​ផលិតកម្ម​ដល់​កម្រិត​ឯតទគ្គ​កម្ម​នៅ​រោងចក្រ​ចិន​របស់ខ្លួន​ក្នុង​ទីក្រុង​សៀង​ហៃ​៕

សំណួរ​កំពុង​ត្រូវបាន​លើកឡើង​ជុំវិញ​ការទិញ​ភាគហ៊ុន​របស់​អា​រ៉ាប៊ីសាអូឌីត​នៅក្នុង Twitter ដែល​ជា​ផ្នែក​មួយ​នៃ​ការកាន់កាប់​ដោយ​មហាសេដ្ឋី អេ​ឡុន ម៉ាស