ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ នាយក​ប្រតិបត្តិ​លោក ម៉ាក ហ្សាក់​ឃើ​បឺក បាន​និយាយ​នៅក្នុង​លិខិត​មួយ​ទៅ​កាន់​និយោជិត​កាលពី​ថ្ងៃ​ពុធ​ទី​៩​វិច្ឆិកា​ថា ក្រុមហ៊ុន​មេ​របស់ Facebook គឺ Meta នឹង​បញ្ឈប់​មនុស្ស​ពី​ការងារ​ចំនួន ១១.០០០ នាក់ ប្រហែល ១៣ ភាគរយ​នៃ​កម្លាំង​ការងារ​របស់​ខ្លួន ដោយសារ​ក្រុមហ៊ុន​ប្រឈម​នឹង​ប្រាក់ចំណូល​ធ្លាក់ចុះ​និង​បញ្ហា​កាន់តែ​ធំ​ក្នុង​ឧស្សាហកម្ម​បច្ចេកវិជ្ជា​។​

​ការកាត់បន្ថយ​ការងារ​នេះ​បាន​កើត​ឡើង​តែ​មួយ​សប្តាហ៍​ប៉ុណ្ណោះ​បន្ទាប់ពី​មាន​ការបញ្ឈប់​បុគ្គលិក​យ៉ាង​ច្រើន​នៅ​ក្រុមហ៊ុន Twitter ក្រោម​ម្ចាស់​ថ្មី​របស់​ខ្លួន​គឺ​មហាសេដ្ឋី អេ​ឡុន ម៉ាស​។​ក៏​មាន​ការ​កាត់​​បន្ថយ​ការងារ​ជាច្រើន​នៅ​ក្រុមហ៊ុន​បច្ចេកវិជ្ជា​ផ្សេង​ទៀត​ផង​ដែរ ដែល​បាន​ជួល​មនុស្ស​យ៉ាង​ប្រញាប់ប្រញាល់​ក្នុង​អំឡុង​ជំងឺ​រាតត្បាត​។​

​លោក​ហ្សាក់​ឃើ​បឺ​ក​បាន​និយាយថា គាត់​បានធ្វើការ​សម្រេច​ចិត្ត​ក្នុងការ​ជួល​បុគ្គលិក​យ៉ាង​ប្រញាប់​ដោយ​រំពឹងថា​នឹង​មាន​កំណើន​យ៉ាង​ឆាប់រហ័ស​បន្ទាប់​ពី​ការបិទ​ខ្ទប់​ទប់ស្កាត់​ជំងឺ​រាតត្បាត​ត្រូវបាន​​បញ្ចប់​។​

​លោក​ហ្សាក់​ឃើ​បឺ​ក​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​គួរ​ឱ្យ​ស្តាយ នេះ​មិន​ទទួលបាន​ផល​ដូច​អ្វី​ដែល​ខ្ញុំ​បាន​រំពឹង​ទុក​នោះ​ទេ​។​ពាណិជ្ជកម្ម​អន​ឡាញ​មិន​ត្រឹមតែ​មិន​បាន​ត្រឡប់​ទៅ​រក​និន្នាការ​​ដូច​ពីមុន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការធ្លាក់ចុះ​នៃ​ម៉ាក្រូសេដ្ឋកិច្ច ការកើនឡើង​នៃ​ការប្រកួតប្រជែង និង​ការបាត់បង់​សញ្ញា​ពាណិជ្ជកម្ម​ក៏​បាន​បណ្តាលឱ្យ​ប្រាក់ចំណូល​របស់​យើង​ទាប​ជាង​ការរំពឹង​ទុក​ផង​ដែរ​។ ខ្ញុំ​បាន​យល់​ខុស ហើយ​ខ្ញុំ​សូម​ទទួលខុសត្រូវ​ចំពោះ​រឿង​នោះ​”​។​

​ក្រុមហ៊ុន Meta ក៏​ដូចជា​ក្រុមហ៊ុន​បណ្តាញ​សង្គម​ដទៃទៀត​ដែរ បាន​ទទួល​ការជំរុញ​ផ្នែក​ហិរញ្ញវត្ថុ​ក្នុងអំឡុង​ការបិទ​ខ្ទប់​ទប់ស្កាត់​ជំងឺ​រាតត្បាត​ដោយសារ​មនុស្ស​កាន់តែ​ច្រើន​បាន​ស្នាក់នៅ​ផ្ទះ​និង​អូស​​មើល​ទូរស័ព្ទ​និង​កុំព្យូទ័រ​របស់​ពួកគេ​។ ប៉ុន្តែ​នៅពេលដែល​ការបិទ​ខ្ទប់​បានបញ្ចប់ ហើយ​មនុស្ស​ចាប់ផ្តើម​ចេញ​ទៅ​ក្រៅ​ម្តងទៀត កំណើន​ប្រាក់ចំណូល​បានចាប់ផ្តើម​ធ្លាក់ចុះ​។​

​វា​ជា​ការព្រួយបារម្ភ​ចំពោះ​វិនិយោគិន នៅ​ពេល​ក្រុមហ៊ុន Meta​បាន​ចាក់​ប្រាក់​ជាង ១០ ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ចូលទៅក្នុង Metaverse​ខណៈ​ខ្លួន​បង្វែរ​ការ​ផ្តោតអារម្មណ៍​ចេញ​ពី​បណ្តាញ​សង្គម​។ ​លោក​ហ្សាក់​ឃើ​បឺ​ក​បាន​ព្យាករណ៍​ថា Metaverse ដែល​ជា​ចក្រវាល​ឌីជីថល​ដ៏​អស្ចារ្យ នឹង​ជំនួស​ស្មា​ត​ហ្វូន​សម្រាប់​ជាវិ​ធីចម្បង​ដែល​មនុស្ស​ប្រើ​បច្ចេកវិជ្ជា​។​

​វិនិយោគិន ដែល​ព្រួយបារម្ភ បានធ្វើឱ្យ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ធ្លាក់ចុះ​ជា​ង ៧១ ភាគរយ ចាប់តាំងពី​ដើមឆ្នាំ​២០២២ ហើយ​ភាគហ៊ុន​ឥឡូវ​នេះ​បាន​ជួញដូរ​នៅ​កម្រិត​ធ្លាប់​ឃើញ​ចុងក្រោយ​ក្នុង ២០១៥​។​

​ការធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច និង​ទស្សនវិស័យ​ដ៏​អាក្រក់​សម្រាប់​ការផ្សាយ​ពាណិជ្ជកម្ម​តាម​អន​ឡាញ ដែល​រហូត​មកដល់ពេលនេះ​ជា​ប្រភព​ចំណូល​ធំ​បំផុត​របស់ Meta បាន​រួមចំណែក​ដល់​បញ្ហា​របស់​ក្រុមហ៊ុន Meta ផងដែរ​។ នៅ​រដូវក្តៅ​នេះ ក្រុមហ៊ុន​បានប្រកាស​ពី​ការធ្លាក់ចុះ​ប្រាក់ចំណូល​ប្រចាំត្រីមាស​ដំបូង​របស់​ខ្លួន​នៅក្នុង​ប្រវត្តិសាស្ត្រ​បន្ទាប់មក​គឺ​ការធ្លាក់ចុះ​មួយទៀត​កាន់តែ​ធំ​នៅក្នុង​រដូវ​ស្លឹក​ឈើ​​ជ្រុះ​ថ្មីៗ​នេះ​៕

​លោក​ហ្សាក់​ឃើ​បឺក​និយាយ​នៅ​សកលវិទ្យាល័យ Georgetown ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី ១៧ ខែតុលា ឆ្នាំ ២០១៩​