ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ក្រុមបាល់បោះជិះរទេះជនពិការនារីកម្ពុជា បន្ទាប់ពីឈ្នះឥណ្ឌានោះ ក៏បានយកឈ្នះក្រុមនេប៉ាល់ជាបន្ត ក្នុងព្រឹត្តិការណ៍ប្រកួត ICRC International Wheelchair Basketball Tournament លើកទី៣ នៅប្រទេសឥណ្ឌា ។

សូមបញ្ជាក់ថា ក្រុមបាល់បោះរទេះជនពិការនារីកម្ពុជា បានយកឈ្នះឥណ្ឌា ក្នុងពិន្ទុ ៥៨ទល់១៤ ហើយនៅក្នុងការប្រកួតលើកទី២ បានយកឈ្នះ ក្រុមកីឡាការិនី បាល់បោះជិះរទេះ នេប៉ាល់ ក្នុងលទ្ធផល ៥៦ទល់២២។

លោក ម៉ៅ សុខជា ដែលជាគ្រូបង្វឹក បានឱ្យដឹងថាៈ បន្ទាប់ពីឆ្លងកាត់ ២ ប្រកួត ក្រុមកីឡាការិនីកម្ពុជា ធ្វើបានល្អ ឈរនៅលំដាប់លេខ១ ក្នុងពូល នៅដំណាក់កាលទី១ ប៉ុន្តែក្រុមទាំង៣ បន្តប្រកួតគ្នា ២ ប្រកួតទៀត ដើម្បីស្វែងរកក្រុមឈរលេខ១ និងលេខ២ និងត្រូវប្រកួតផ្តាច់ព្រ័ត្រដណ្តើមពាន។

គួរបញ្ជាក់ថា សហព័ន្ធកីឡាបាល់បោះជិះរទេះជនពិការកម្ពុជា បានបញ្ជូនតែក្រុមនារីចូលរួមប៉ុណ្ណោះ តបតាមការអញ្ជើញរបស់ប្រទេសឥណ្ឌា ជាម្ចាស់ផ្ទះ ជាមួយបណ្តាប្រទេស ជាច្រើនទៀត ចូលរួមសរុប ៨ ប្រទេស មានដូចជា ប្រទេសនេប៉ាល់ បង់ក្លាដែស កម្ពុជា លីប៊ី អាហ្វហ្គានីស្ថាន ស៊ីរី ហ្គាណា និង ឥណ្ឌា ។ ដោយឡែក ក្រុមនារីមានតែ ៣ ប្រទេស ចូលរួមគឺ កម្ពុជា នេប៉ាល់ និងម្ចាស់ផ្ទះឥណ្ឌា។

លោក ម៉ៅ សុខជា បានបញ្ជាក់ថាៈ ក្រុមកីឡាការិនីបាល់បោះជិះរទេះនារីកម្ពុជា នឹងឈ្នះពាន កម្រិតអន្តរជាតិនេះ ដើម្បីជាការប្រកួតបង្កើនសមត្ថភាព និងកម្តៅសាច់ដុំ ក្នុងដំណើរឆ្ពោះ ទៅធ្វើជាម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ប្រកបដោយភាពជឿជាក់ ក្នុងនាមជាក្រុមការពារមេដាយមាស ផងដែរ។

សូមបញ្ជាក់ថា ក្រៅពីការប្រកួតកម្រិតអន្តរជាតិ នៅឥណ្ឌា កីឡាករ កីឡាការិនីបាល់បោះ ជនពិការកម្ពុជា គ្រោងប្រកួតជម្រុះជាមួយ ប្រទេសហ្វីលីពីន និងឡាវ ដើម្បីយកសិទ្ធិ ចូលរួមការប្រកួតអាស៊ីប៉ារ៉ាហ្គេម នៅប្រទេសចិន ឆ្នាំ២០២៣ ខាងមុខ។

សម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា (CAMAPGOC ) បានត្រៀម ១២ ប្រភេទកីឡា ដាក់ឲ្យប្រកួតប្រជែង៕ V / N