ដោយៈតារារិទ្ធ,បូព៌ព្រឹក្ស/ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា វិស័យឯកជនមានតួនាទីកាន់តែសំខាន់ និង មិនអាចខ្វះបាន ក្នុងការចូលរួមជាមួយអាស៊ានឱ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីជំរុញកិច្ចអភិវឌ្ឍតំបន់ ប្រកបដោយបរិយាប័ន្ន, ភាពធន់ និង ចីរភាព ។ សម្តេចតេជោនាយករដ្ឋមន្ដ្រីកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ បានបញ្ជាក់ដូចនេះ ក្នុងពិធីបើកនៃកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២២ នៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ។

សម្ដេចតេជោបានគូសបញ្ជាក់ថា វិស័យឯកជន មានតួនាទីកាន់តែសំខាន់ និង មិនអាចខ្វះបាន ក្នុងការចូលរួមជាមួយអាស៊ានឱ្យ កាន់តែខ្លាំងក្លាថែមទៀត ដើម្បីជំរុញកិច្ចអភិវឌ្ឍតំបន់ ប្រកបដោយបរិយាប័ន្ន, ភាពធន់ និង ចីរភាព ដូចជា៖ (១). ការជំរុញសកម្មភាពសេដ្ឋកិច្ច, ពាណិជ្ជកម្ម, និង ការវិនិយោគ, ជាពិសេស ការជំរុញការវិនិយោគផ្ទាល់ ពីបរទេសបន្ថែមទៀត ក៏ដូចជាការទាញប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់អាស៊ ន ដែលមានស្រាប់; (២). ការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន, បច្ចេកវិទ្យាឌីជីថល, ការស្រាវជ្រាវ និង អភិវឌ្ឍន៍, និង ការលើកកម្ពស់នវានុវត្តន៍; (៣), ការអភិវឌ្ឍធនធានមនុស្ស តាមរយៈការផ្ទេរបច្ចេកវិទ្យា, ចំណេះដឹង និង ចំណេះធ្វើ, ការបណ្តុះបណ្តាលជំនាញឡើងវិញ (Re-skilling) និង ការលើកកម្ពស់ជំនាញបន្ថែម (Upskilling); (៤). ការលើកកម្ពស់កិច្ចអភិវឌ្ឍប្រកបដោយភាតរភាពបរិស្ថាន និង ការជំរុញឌីជីថលភាវូបនីយកម្ម ជាមួយនឹងការលើកកម្ពស់ការកាត់បន្ថយគម្លាតឌីជីថល; (៥). ការបំពេញបន្ថែមនូវតម្រូវការផ្នែកហិរញ្ញវត្ថុ សម្រាប់ការស្តារឡើងវិញនូវកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព ។ល។

សម្រាប់កម្ពុជា, ដើម្បីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិឡើងវិញ ប្រកបដោយភាពធន់, ចីរភាព និង បរិយាប័ន្ន, រាជរដ្ឋាភិបាល បានអនុម័តនូវ “ច្បាប់ស្ដីពីវិនិយោគ» ថ្មីមួយ និងបានដាក់ចេញនូវ “ក្រប ខណ្ឌយុទ្ធសាស្ត្រ និង កម្មវិធីស្តារសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣» ។ រាជរដ្ឋាភិបាលក៏បាន និង កំពុងបន្តខិតខំបង្កើនការវិនិយោគលើប្រព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធ, ទាំងរូបវន្ត និង ឌីជីថល; លើកកម្ពស់គុណភាពសេវាឡូជីស្ទីក, បង្កើនប្រសិទ្ធភាពនៃការ ផ្តល់សេវាសាធារណៈ, ជំរុញការអភិវឌ្ឍជំនាញ និង ការធ្វើទំនើបកម្មប្រព័ន្ធសន្តិសុខសង្គម ជាដើម ។ ជាមួយគ្នានេះ, ក្នុងនាមជាភាគីមួយនៃកិច្ចព្រមព្រៀងអាសិប, កម្ពុជាសូមបញ្ជាក់សារជាថ្មី អំពីការប្តេជ្ញាចិត្ត របស់ខ្លួនចំពោះប្រព័ន្ធពាណិជ្ជកម្មស្របតាមវិធាននៃច្បាប់ និង សូមស្វាគមន៍រាល់ការធ្វើធុរកិច្ច និង ការវិនិ យោគ ពីសំណាក់ប្រទេសសមាជិកអាស៊ានទាំងអស់ និង គ្រប់បណ្តាភាគី ។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់។

ជាមួយគ្នានេះ ដើម្បីរួមចំណែកក្នុងការឆ្លើយតបនឹងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ, គ្រោះធម្មជាតិ និងការបំផ្លាញបរិស្ថាន ជាដើម, កម្ពុជា បានលើកសំណើឱ្យមានការរៀបចំនូវ “កិច្ចព្រមព្រៀងបៃតងអាស៊ាន» សំដៅរួមចំណែកក្នុងការជួយតម្រង់ទិសអាស៊ាន ឆ្ពោះទៅរកអនាគតបៃតងប្រកប ដោយចីរភាព និង ភាពប្រកួតប្រជែងខ្ពស់ ក្នុងទិដ្ឋភាពសេដ្ឋកិច្ច ។

សម្ដេចតេជោហ៊ុន សែន បានបន្ថែមថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២, កម្ពុជា សូមផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចប្រជុំកំពូលធុរកិច្ច និង វិនិយោគអាស៊ាន ។ កម្ពុជា សូមសម្តែងការប្ដេជ្ញាចិត្តក្នុងការសហការយ៉ាងជិតស្និទ្ធ រួមគ្នាជាមួយនឹងប្រទេសសមាជិកអាស៊ាន និង ដៃគូសន្ទនាអាស៊ានទាំងអស់ ដើម្បីដឹកនាំសហគមន៍ សេដ្ឋកិច្ចអាស៊ាន ឆ្ពោះទៅរកភាពធន់រឹងមាំ, ចីរភាព, បរិយាប័ន្ន និង ភាពប្រកួតប្រជែងខ្ពស់ ៕សរន / N