ដោយៈ សុផល / ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៃព្រះរាជាណាចក្រកម្ពុជា និងលោក Nguyen Van Thang រដ្ឋមន្ត្រីក្រសួង ដឹកជញ្ជូន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីពាក់កណ្តាល សប្តាហ៍នេះ បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ ស្ដីពីប្រភេទ និងបរិមាណយានយន្ត ពាណិជ្ជកម្ម ដើម្បីអនុវត្តកិច្ចព្រមព្រៀង និងពិធីសារ រវាងរដ្ឋាភិបាល នៃព្រះរាជាណាចក្រ កម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់ការដឹកជញ្ជូន តាមផ្លូវគោក។

តាមរយៈអនុស្សរណៈថ្មីនេះ ភាគីទាំងពីរ រំពឹងថាៈ ចំនួននៃយានយន្តពាណិជ្ជកម្ម ឆ្លងកាត់ ព្រំដែន នៃប្រទេសទាំងពីរ នឹងកើនឡើងរហូតដល់ ៨០០ គ្រឿង និងបានឯកភាពជូនដំណឹង​អំពីខ្លឹមសារនៃអនុស្សរណៈនេះ ទៅកាន់អាជ្ញាធរពាក់ព័ន្ធ និងក្រុមហ៊ុនប្រតិបត្តិករដឹកជញ្ជូន របស់ប្រទេសទាំងពីរផងដែរ។

បន្ថែមលើសពីនេះ ភាគីទាំងពីរ បានឯកភាពជំរុញការតភ្ជាប់ខឿនសេដ្ឋកិច្ច នៃប្រទេសទាំងពីរ ជាពិសេសផ្នែកហេដ្ឋារចនាសម្ព័ន្ធរឹង ក៏ដូចជាច្បាប់ និងគោលនយោបាយ គាំទ្រគ្នាទៅវិញ ទៅមក ក្នុងការកសាងសេដ្ឋកិច្ចឯករាជ្យ ស្វ័យភាព ព្រមទាំងធានាការធ្វើសមាហរណកម្ម អន្តរជាតិ យ៉ាងទូលំទូលាយ និងមានប្រសិទ្ធភាព។

សូមបញ្ជាក់ថា ពិធីចុះហត្ថលេខា បានប្រារព្ធឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក Pham Minh Chinh នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម៕ V / N