ដោយ: កាំពី / ក្រចេះ ៖ ដោយមានការសម្របសម្រួលពីលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា សាលាដំបូងខេត្ត កងកម្លាំងអាវុធហត្ថខេត្តក្រចេះ ដឹកនាំដោយលោក ឡុង យឹង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានសហការជាមួយកម្លាំងគយចល័តតំបន់៦ បានចុះបង្រ្កាបករណីដឹកទំនិញគេចពន្ធ និងឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនឹងវត្ថុតាងមួយចំនួន នៅភូមិព្រែកតាអាំ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ កាលពី យប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ។

លោក ឡុង យឹង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តក្រចេះ​ បានប្រាប់កាសែតរស្មីកម្ពុជា តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ នេះថាៈ កម្លាំងសមត្ថកិច្ចប្រដេញតាមពី ក្រោយរថយន្ដជនសង្ស័យ តាំងពីភូមិសាស្រ្តស្រុកស្នួល ដល់ស្រុកចិត្តបុរី ហើយក្នុងការដេញ បង្រ្កាប រថយន្ដជនសង្ស័យ ក្នុងពេលនោះ ដោយជនសង្ស័យ បានបើករថយន្ដ បំបុករថយន្ត មន្រ្តីគយ និងបើកកៀរ បណ្ដាលឲ្យរថយន្តធ្លាក់ផ្លូវ លុះដល់ក្រុងក្រចេះ រថយន្ដជនសង្ស័យ បានបើកបំបុកបារ៉ាសសមត្ថកិច្ចបន្តទៀត លុះដល់ចំណុចភូមិព្រែកតាអាំ ឃុំបុសលាវ ស្រុកចិត្របុរី ទើបចាប់ជនសង្ស័យបាន។

លោកមេបញ្ជាការរងខេត្ត បានបន្តទៀតថាៈ ជនសង្ស័យ មានឈ្មោះ សាន វ៉ាន់ថៃ ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ ជាអ្នកបើកបររថយន្ដ មានទីលំនៅ ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។

លោកបានបញ្ជាក់បន្ថែម តាមទូរស័ព្ទទៀតថាៈ កម្លាំងសមត្ថកិច្ច បានរឹបអូសវត្ថុតាង រួមមាន
រថយន្ដ ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ក្រចេះ 3A1059 និងទំនិញ សង្ស័យអត់ពន្ធ នាំចូលចំនួន ៨ មុខ មានដូចជា ១.ស្បែកជើងជ័រ ប្រភេទចម្រុះ ៣៧៦ គីឡូក្រាម , ២. សំបកបេ ៥៥ ដុំ , ៣. តង់ ៨៤ គីឡូក្រាម, ៤. កីកៅស៊ូប្លាស្ទិក ៤២០ គីឡូក្រាម , ៥. មីកញ្ចប់ ៥០០ កេស , ៦.ថ្នាំបាញ់ស្មៅ ៥ កេស, ៧.ធុងបាញ់ថ្នាំ ២០ ធុង និង​ ៨. វ៉ាលី ចំនួន ៥។

បច្ចុប្បន្ន ជនសង្ស័យ បានត្រូវឃាត់ខ្លួន នៅមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការតាមនីតិវិធី ។ ចំណែកវត្ថុតាង ប្រគល់ឲ្យមន្ត្រីគយ តំបន់៦ យកទៅរក្សាទុក នៅសាខាគយចល័តតំបន់៦ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ចាត់ការតាមនីតិវិធីច្បាប់បន្ត៕/V-PC

 

រូបថត៥សន្លឹក ជនសង្ស័យដឹកទំនិញ គេចពន្ធ