​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ ប្រធានាធិបតី​រុស្ស៊ី លោក​វ្ល៉ា​ឌី​មៀ ពូ​ទីន នឹង​មិន​មក​ចូលរួម​ជំនួប​កំពូល​នៃ​មេដឹកនាំ​ក្រុម​ប្រទេស​មាន​ឧស្សាហកម្ម​ជឿនលឿន​ទាំង​ម្ភៃ​ហៅ​កាត់​ថា​G20​នៅ​កោះ​បាលី​​នៅ​សប្តាហ៍​ក្រោយ​ទេ នេះ​បើ​តាម​ការបញ្ជាក់​ពី​មន្ត្រី​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​ម្នាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១០​វិច្ឆិកា​។​

​អ្នកនាំពាក្យ​រដ្ឋមន្ត្រី​ឥណ្ឌូនេស៊ី​ម្នាក់​បាន​និយាយថា«​ប្រធានាធិបតី​រុស្ស៊ី​នឹង​មិន​ចូលរួម​ជំនួប​នេះ​ដោយ​ផ្ទាល់​ទេ​។​ លោកពូ​ទីន​នឹង​តំណាង​ដោយ​រដ្ឋមន្ត្រី​ការបរទេស សឺ​ហ្គេ ឡាវ​រ៉ូវ» ។​

​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ G20​ឆ្នាំនេះ ឥណ្ឌូនេស៊ី​បាន​ព្យាយាម​ប្រឆាំងនឹង​សម្ពាធ​ពី​បណ្តា​ប្រទេស​លោកខាងលិច​និង​អ៊ុយ​ក្រែន​អោយ​ដក​ការអញ្ជើញ​លោក​ពូ​ទីន​ពី​ជំនួប​កំពូល​នេះ និង​បណ្តេញ​រុស្ស៊ី​​ចេញពី​ក្រុម​នេះ​ថែម​ទៀត​ដោយសារ​តែ​សង្គ្រាម​នៅ​អ៊ុ​យក្រែន ។​តែ​រដ្ឋាភិបាល​ទីក្រុង​ហ្សា​ការតា​បាន​និយាយថា ខ្លួន​មិន​មាន​សិទ្ធិ​អំណាច​ធ្វើ​ដូច្នេះ​ដោយ​គ្មាន​ការយល់ស្រប​ក្នុងចំណោម​ប្រទេស​ជា​សមាជិក​​ទេ​។​

​ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក ចូកូ វី​ដូ​ដូ ក្នុង​កិច្ចសម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន​Financial Times​បាន​និយាយថា រុស្ស៊ី​ត្រូវបាន​ស្វាគមន៍​ចំពោះ​ជំនួប​កំពូល​នេះ​។​«G20​មិន​ជា​វេទិកា​នយោបាយ​​មួយ​ទេ​។​វា​ផ្តោតលើ​សេដ្ឋកិច្ច​និង​ការអភិវឌ្ឍ​»ប៉ុណ្ណោះ​។​

​ឥណ្ឌូនេស៊ី​ក៏បាន​អញ្ជើញ​ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡេន​ស្គី ដែល​បាន​បញ្ជាក់​ជាមុន​ថា​លោក​នឹង​មិន​មក​ចូលរួម​ទេ​បើ​សិនជា ពូ​ទីន មក​ចូលរួម​ដែរ​។​

​មេដឹកនាំ​ពិភពលោក​ដទៃទៀត​ដែល​នឹង​មក​ចូលរួម​ជំនួប​ដែល​បាន​ចាប់ផ្តើម​ពី​ថ្ងៃ​១០​វិច្ឆិកា រួម​មាន​ប្រធានាធិបតី​អាម៉េរិក ចូ បៃ​ដិន និង​ប្រធានាធិបតី​ចិន ស៊ី ជីន ភី​ង​៕

លោកពូ​ទីន​នឹង​តំណាង​ដោយ​រដ្ឋមន្ត្រី​ការបរទេស សឺ​ហ្គេ ឡាវ​រ៉ូវ សំរាប់ជំនួបG20នៅកោះបាលី