ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា អនុប្រធានអចិន្ត្រៃយ៍ ទទួលបន្ទុករួមរៀបចំ ព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ និងជាតំណាងលោក បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយលោក អ៊ឹង ឆាយ អភិបាលរង នៃគណៈអភិបាលខេត្តកំពត និងលោក អ៊ឹម បញ្ញារិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តកែប បានអញ្ជើញដឹកនាំ ​កិច្ចប្រជុំពិភាក្សាការងាររៀបចំ ការប្រកួតកីឡាទូកប្រពៃណី សម្រាប់ខេត្តកំពត និងកីឡាទ្រីយ៉ាត្លុង សម្រាប់ខេត្តកែប នៅក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ នៅសាលាខេត្តកំពត នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក ស សុខា បានបញ្ជាក់ថាៈ សម្រាប់ខេត្តកំពត នឹងក្លាយជាម្ចាស់ផ្ទះលើប្រភេទកីឡា ទូកប្រពៃណី ដែលជាប្រភេទកីឡាមួយ តែងតែរៀបចំជារៀងរាល់ឆ្នាំ ក្នុងព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ទាំងនៅថ្នាក់ជាតិ និងតាមបណ្តាខេត្ត ។ ចំណែកឯខេត្តកែប ជាម្ចាស់ផ្ទះលើប្រភេទកីឡាទ្រីយ៉ាត្លុង ដែលមាន ៣ប្រភេទ ដូចជា កីឡាហែលទឹក រត់ និងកីឡាធាក់កង់។

លោក ស សុខា ក្នុងនាមលោកបណ្ឌិត សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី សមាជិក សមាជិកា គណៈកម្មការចំពោះកិច្ច ដែលបាននិងកំពុងខ្នះខ្នែង ខិតខំបំពេញការងារ​ យ៉ាងសស្រាក់សស្រាំ ក្នុងការពន្លឿន​ វឌ្ឍនភាពការងារ និងត្រៀមខ្លួនរៀបចំការប្រកួត នាពេលដ៏ខ្លីខាងមុខនេះ។

ជាមួយគ្នានេះ លោក ស សុខា ក៏បានស្នើដល់រដ្ឋបាលខេត្តទាំងពីរ ផ្តល់កិច្ចសហការ ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ នេះ ឲ្យទទួលបានជោគជ័យ ពិសេសការងារ​ សន្តិសុខ សណ្តាប់ធ្នាប់ សុខាភិបាល ការស្នាក់នៅ ការហូបចុក របស់គណៈប្រតិភូកីឡា កីឡាករ កីឡាការិនី ព្រមទាំងអ្នកទស្សនាផងដែរ។

កិច្ចប្រជុំពិភាក្សាការងាររៀបចំព្រឹត្តិការណ៍កីឡាជាតិលើកទី៣ រួមបញ្ចូលគ្នារវាងខេត្តកែប និងខេត្តកំពត នាព្រឹកនេះ គឺមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាអនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធានអង្គភាពចំណុះអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា ស្នងការនគរបាល ស្នងការរង មេបញ្ជាការ មេបញ្ជាការរងកងរាជអាវុធហត្ថ កងទ័ពជើងទឹក មន្ទីរ អង្គភាពជុំវិញខេត្ត តំណាងសហព័ន្ធ ព្រមទាំងសមាជិក សមាជិកាជាច្រើនរូប។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ នេះ ចាប់ផ្តើមប្រព្រឹត្តទៅ ពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ លើទីតាំង ៥រាជធានី ខេត្ត ដូចជា រាជធានីភ្នំពេញ ខេត្តកែប កំពត ព្រះសីហនុ និងខេត្តសៀមរាប។
ចំពោះប្រភេទកីឡាដែលដាក់ឲ្យប្រកួតប្រជែង មាន ៣៨ប្រភេទ ស្មើនឹង ៣៥៦វិញ្ញាសា ។ ចំណែកប្រភេទកីឡាប៉ារ៉ាអូឡាំពិក ចំនួន ៧ មានវិញ្ញាសា ចំនួន ៤៩ ។ ក្នុងនោះប្រតិភូកីឡា កីឡាករ កីឡាការិនី អញ្ជើញចូលរួមចំនួន ៥ ០៤៩នាក់ មកពីក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរាជធានី ខេត្តទាំង២៥។

សូមបញ្ជាក់ថា ចំពោះពិធីបើក និងបិទព្រឹត្តិការណ៍ប្រកួតនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕/V-PC