ដោយៈ​ មុនីរ័ត្ន / ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានអាស៊ាន ប្តូរវេន ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូថ្នាក់ប្រមុខរដ្ឋ រាជរដ្ឋាភិបាលអាស៊ាន ចូលសវនាការជាមួយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ថ្វាយជូន ស្តីពីដំណើរការកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ នៅក្នុងព្រះបរមរាជវាំង នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។

ប្រមុខរដ្ឋ/រាជរដ្ឋាភិបាលអាស៊ាន ចំនួន ៣៤ ប្រទេស និងស្ថាប័នអន្តរជាតិ បានអញ្ជើញមក ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ចាប់ផ្តើមពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

ប្រមុខរដ្ឋ/រាជរដ្ឋាភិបាលអាស៊ាន មានដូចជា : ព្រះមហាក្សត្រព្រុយណេ ប្រធានាធិបតី ឥណ្ឌូណេស៊ី ប្រធានាធិបតីហ្វីលីពីន នាយករដ្ឋមន្ត្រីចិន វៀតណាម ឡាវ ថៃ សឹង្ហបុរី រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន។

តាមកម្មវិធីដែលបានគ្រោងទុក នៅថ្ងៃទី១១ ខែវិច្ឆិកា ស្អែកនេះ ប្រធានាធិបតីកូរ៉េ អនុប្រធានាធិបតីឥណ្ឌា អគ្គលេខាធិការអង្គការសហប្រជាជាតិ នាយករដ្ឋមន្ត្រីអូស្ត្រាលី នាយករដ្ឋមន្ត្រីជប៉ុន នឹងអញ្ជើញមកដល់កម្ពុជា។

ចំណែកនៅថ្ងៃទី១២ ខែវិច្ឆិកា តាមកម្មវិធី គឺប្រធានាធិបតីសហរដ្ឋអាមេរិក នាយករដ្ឋមន្ត្រី កាណាដា និងនូវែលសេឡង់ នឹងអញ្ជើញមកដល់កម្ពុជា។

លោក គង់ ភោគ អ្នកនាំពាក្យ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ បានឲ្យដឹងថាៈ ពាក់ព័ន្ធការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងចាប់ផ្តើម ពីថ្ងៃទី១០-១៣ ខែវិច្ឆិកា គឺមានដំណើរការទៅមុខ ដោយរលូន គ្រប់ផ្នែកទាំងអស់ គឺបានធ្វើការសស្រាក់ សស្រាំ សម្របសម្រួលគ្នា​ទៅវិញទៅមក។

ជារួមសម្រាប់ការរៀបចំកិច្ចប្រជុំកំពូល គឺមានលេខាធិការដ្ឋានរៀបចំ នឹងសម្របសម្រួលរួម ក៏ដូចជា អនុគណៈកម្មាការដល់ទៅ ៧ ទៅតាមផ្នែកជំនាញរៀងៗខ្លួន ហើយត្រៀមខ្លួន រួចរាល់សម្រាប់ទទួលថ្នាក់ដឹកនាំកំពូលរបស់អាស៊ាន ក៏ដូចជាដៃគូដែលទាំងអស់ មានរហូត ទៅដល់ ៣៤ ប្រទេស និងស្ថាប័នអន្តរជាតិ ហើយសឹងតែទាំងអស់ មានការចូលរួម កម្រិតកំពូល។ ដោយឡែក ពីរករណី គឺឥណ្ឌា និងម៉ាឡេស៊ី ដោយសារគាត់មានការរៀបចំ ការបោះឆ្នោត ចំពេលដែលយើងរៀបចំកិច្ចប្រជុំកំពូល ហើយមានការលំបាកសម្រាប់គាត់ អញ្ជើញមក ប៉ុន្តែគួរចាត់តំណាងជាន់ខ្ពស់ដែរ ឧទាហរណ៍ ឥណ្ឌា បានចាត់អនុប្រធានាធិបតី និង ម៉ាឡេស៊ី គឺអតីតប្រធានសភា ដូច្នេះមិនមានជាបញ្ហាអីទេ ពាក់ព័ន្ធជាមួយនឹងការចូលរួម របស់ថ្នាក់ដឹកនាំនៃប្រទេសដៃគូ ក៏ដូចជាប្រទេសសមាជិកអាស៊ាន៕/V-PC