ដោយ: សុខុម / ស្ទឹងត្រែង: សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ បន្ទាប់ពីវាយប្រពន្ធ ឱ្យរបួសធ្ងន់ និងយកកាំបិតអារកផ្ដាច់ជីវិតកូនខ្លួនឯង បណ្ដាលឲ្យស្លាប់ នៅលើផ្ទះ។ បន្ទាប់មក ជនសង្ស័យ ក៏បានយកកាំបិតដែលអារកកូន មកអារកខ្លួនឯង តាមក្រោយ រងរបួសធ្ងន់។ ករណីនេះ បានកើតឡើង នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅភូមិស្រែស្រណុកថ្មី ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។

មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំក្បាលរមាស បានប្រាប់ឲ្យដឹងថាៈ ក្រោយមានករណីឃាតកម្ម កើតឡើង សមត្ថកិច្ច ក៏បានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ កន នី អាយុ ៣៧ ឆ្នាំ។
សមត្ថកិច្ចបានឲ្យដឹងទៀតថាៈ ពីដំបូង ជនសង្ស័យ ឈ្មោះ កន នី បានបង្កជម្លោះជាមួយ ប្រពន្ធឈ្មោះ ខេង ខំចាន់ អាយុ ៣៩ ឆ្នាំ វាយប្រពន្ធឱ្យរងររបួសធ្ងន់ ហើយបានត្រូវគេបញ្ជូន ស្ត្រីរងគ្រោះ ទៅមណ្ឌលសុខភាពស្រែពក ដើម្បីសង្គ្រោះជីវិត។

ជនសង្ស័យ បន្ទាប់ពីបង្កហិង្សាជាមួយប្រពន្ធ បានយកកូនប្រុស ឈ្មោះ នី វុធ អាយុ ៧ ឆ្នាំ ឡើងទៅសម្ងំនៅក្នុងផ្ទះ យកកាំបិតផ្គាក់អារកកូនប្រុសខ្លួនឯង ស្លាប់នៅលើផ្ទះ។ បន្ទាប់មក ជនសង្ស័យ បានយកកាំបិតដដែលនោះ មកអាករខ្លួនឯង រងរបួសធ្ងន់ បង្កឲ្យមានការភ្ញាក់ ផ្អើល ដល់សមត្ថកិច្ច ចុះឃាត់ខ្លួនតែម្ដង។

នៅព្រឹកថ្ងៃទី១០ វិច្ឆិកានេះ កម្លាំងនគរបាលផ្នែកជំនាញ ស្រុកសេសាន កំពុងកសាងសំណុំ រឿង ឃាតកម្មឪពុក សម្លាប់កូនខ្លួនឯង ទៅតាមនីតិវិធី៕/V-PC