​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ នេះ​គឺជា​ពេលវេលា​ដ៏​គួរឱ្យភ្ញាក់ផ្អើល​ដែល​រថយន្ត​បោសសម្អាត​មីន​របស់​រុស្ស៊ី​ត្រូវបាន​បំប៉ើង​ឡើង​លើ​មេឃ​នៅ​សមរភូមិ​ដុន​បាស​ក្នុងអំឡុងពេល​ប្រយុទ្ធ​​គ្នា​ជាមួយ​កងទ័ព​អ៊ុ​យក្រែន​។​

​រូបភាព​ពី​ដ្រូ​ន​បាន​បង្ហាញ រថយន្ត​បោសសម្អាត​មីន UR-77​របស់​រុស្សី​រង​ការផ្ទុះ​ដ៏​មហន្តរាយ​ខណៈ​កំពុង​ធ្វើដំណើរ​ទៅ​មុខជា​ផ្នែក​នៃ​ក្បួន​រថយន្ត​ពាស​ដែក​នៅតាម​ព្រំដែន​រវាង​តំបន់​ដូណិត​ស​ខ៍​​និង​លូ​ហាន​ស​ខ៍​។​

​វីដេអូ​នេះ​ត្រូវ​បាន​ថត​នៅ​ដើមខែ​តុលា​ស្ថិតនៅ​ចម្ងាយ​ប្រហែល ៣២ គីឡូម៉ែត្រ​ពី​ទីក្រុង​បាក់​មុត (Bakhmut)​ដែល​ទាហាន​ស៊ីឈ្នួល​ឈ្មោះ Wagner ព្យាយាម​កាន់កាប់​ដោយ​មិន​បាន​ជោគជ័យ​ខណៈ​​រដ្ឋាភិបាល​ក្រុង​គៀវ​និយាយថា ការប្រយុទ្ធ​គ្នា​ខ្លាំង​បំផុត​និង​ស្លាប់​ច្រើន​បំផុត​កំពុង​កើតឡើង​នៅ​ជុំវិញ​ទីក្រុង​នេះ​។​

​រឿង​នេះ​បាន​លេចឡើង​នៅ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​កាលពី​ថ្ងៃ​ពុធ​ទី​៩​វិច្ឆិកា ខណៈ​អ៊ុយ​ក្រែន​បាន​អះអាង​ថា ទាហាន​រុស្ស៊ី​ដែល​ត្រូវបាន​សម្លាប់​ក្នុង​សង្គ្រាម​មកទល់​ពេល​នេះ​គឺ​ជិត ៧៨.០០០ នាក់​ដែល​​ជា​ចំនួន​ច្រើន​ជាង​ប្រាំ​ដង​នៃ​ចំនួន​ទាហាន​ស្លាប់​របស់​សូ​វៀត​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន ។​

​ទីក្រុង​បាក់​មុត​មាន​ទីតាំង​ស្ថិតនៅ​លើ​ផ្លូវបំបែក​យុទ្ធសាស្ត្រ​ក្នុង​តំបន់​ដូណិត​ស​ខ៍ ដែល​ជា​តំបន់​មួយ​ក្នុងចំណោម​ពីរ ដែល​បង្កើតបានជា​តំបន់​ដុន​បាស​ហើយ​រុស្ស៊ី​បាន​ព្យាយាម​ដណ្តើម​យក​វា​​តាំង​ពី​រដូវក្តៅ​។​

​រូបភាព​ពី​ទីក្រុង​បានបង្ហាញ​ផ្នែក​ខ្លះ​នៃ​វា​ត្រូវ​បាន​វាយ​រាប​ដល់​ដី​បន្សល់ទុក​តែ​ស្នាម​ក្រហូង​ដូច​នៅ​ឋាន​ព្រះ​ចន្ទ​ពី​ការប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំងក្លា​ជា​ច្រើន​ខែ​។​

​ការគ្រប់គ្រង​ទីក្រុង​នេះ​នឹង​ធ្វើឱ្យ​មាន​ការប្រែប្រួល​តិចតួច​ប៉ុណ្ណោះ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​សង្គ្រាម​ទាំងមូល​របស់​រុស្ស៊ី ប៉ុន្តែ​វា​មានតម្លៃ​ឃោសនា​ដ៏​សំខាន់​ចំពោះ​ប្រធានាធិបតី​ពូ​ទីន និង​លោក យ៉េ​វេ​ជេ​នី ព្រី​ហ្គោ​ហ្ស៊ី​ន (Yevegeny Prigozhin) ជា​មេដឹកនាំ​នៃ​ក្រុម​ទាហាន​ស៊ីឈ្នួល Wagner​ដែល​ទទួលបន្ទុក​លើ​កិច្ចខិតខំ​ប្រឹងប្រែង​នេះ​។​

​លោកពូ​ទីន​បាន​អះអាង​ថា បេសកកម្ម​ទាំង​មូលនៃ​សង្គ្រាម​របស់​គាត់​នៅតែ​ជា “​ការរំដោះ​” តំបន់​ដុន​បាស​ឱ្យបាន​៕

​រថយន្ត​បោសសម្អាត​មីន UR-77 របស់​រុស្សី​រង​ការផ្ទុះ​ដ៏​មហន្តរាយ ខណៈ​កំពុង​ធ្វើដំណើរ​ទៅ​មុខ​ជា​ផ្នែក​នៃ​ក្បួន​រថយន្ត​ពាស​ដែក​នៅតាម​ព្រំដែន​រវាង​តំបន់​ដូណិត​សខ៍និង​លូ​ហានស​ខ៍