ដោយៈមុនីរ័ត្ន/ភ្នំពេញ៖​​​​​​​ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គសព្វព្រះរាជហឬទ័យ ព្រះបរមរាជានុញ្ញាតថ្វាយព្រះចៅស៊ុលតង់នៃប្រទេសព្រុយណេដារូសាឡេឹម និងជូនឯកឧត្តមប្រធានាធិបតី នាយករដ្ឋមន្ត្រីនៃបណ្តាប្រទេសជាសមាជិកអាស៊ានចូលក្រាបថ្វាយបង្គំគាល់ ថ្វាយព្រះពរ នៅវេលាម៉ោង១០ព្រឹកថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២២នៅព្រះទីនាំងទេវាវិនិច្ឆ័យក្នុងព្រះបរមរាជវាំង។

អញ្ជើញចូលរួមក្នុងព្រះរាជសវនាការដ៏ឧត្តុងឧត្តមនេះ មានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា, សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង, លោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង។

ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន និងស្ថាប័ន អន្តរជាតិ ចំនួន៣៤ប្រទេសបានអញ្ជើញមក ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ លើកទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ចាប់ផ្តើមពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

តាមកម្មវិធីដែលបានគ្រោងទុកនៅថ្ងៃទី១១ ខែវិច្ឆិកា ស្អែកនេះ លោកប្រធានាធិបតីកូរ៉េ លោកអនុប្រធានាធិបតីឥណ្ឌា លោកអគ្គលេខា ធិការអង្គការសហប្រជាជាតិ លោកនាយក រដ្ឋមន្ត្រីអូស្ត្រាលី លោកនាយករដ្ឋមន្ត្រីជប៉ុន នឹងអញ្ជើញមកដល់កម្ពុជា។ចំណែក នៅ ថ្ងៃទី១២ ខែវិច្ឆិកា តាមកម្មវិធី គឺប្រធានាធិបតីសហរដ្ឋ អាមេរិក នាយករដ្ឋមន្ត្រីកាណាដា និង ញូវហ្សេឡេន នឹងអញ្ជើញមកដល់កម្ពុជា។ដោយឡែកពីរករណី គឺ ឥណ្ឌា និង ម៉ាឡេស៊ី ដោយសារមានការរៀបចំការបោះឆ្នោត ចំពេលដែលកម្ពុជារៀបចំកិច្ចប្រជុំកំពូលនោះ ក៏បានចាត់តំណាងមក ដូចជាប្រទេស ឥណ្ឌាបានចាត់អនុប្រធានាធិបតី និងប្រទេសម៉ាឡេស៊ី គឺអតីតប្រធានសភា។

លោក គង់ ភោគ អ្នកនាំពាក្យនៃកិច្ចប្រជុំ កំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធបានឱ្យដឹងថា ពាក់ព័ន្ធការរៀបចំកិច្ចប្រជុំកំពូលអាស៊ានដែលនឹងចាប់ផ្តើមពីថ្ងៃទី១០-១៣ ខែវិច្ឆិកា គឺមានដំណើរការទៅមុខដោយរលូន គ្រប់ផ្នែកទាំងអស់ គឺបានធ្វើការសស្រោកសស្រាំសម្របសម្រួលគ្នាទៅវិញទៅមក៕សរន-PC