​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (al-monitor) ៖ ការបំភាយ​ឧស្ម័ន​ដែល​បង្ក​កម្តៅផែនដី​ពី​ការផលិ​ត​ប្រេង​និង​ឧស្ម័ន​អាច​ខ្ពស់​ជាង​ការរាយការណ៍​បី​ដង នេះ​បើ​យោង​តាម​គម្រោង​ត្រួតពិនិត្យ​ផ្កាយរណប​​មួយ ដែល​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ពុធ​ទី​៩​វិច្ឆិកា ដែល​ប្រមុខ​អង្គការសហប្រជាជាតិ​និយាយ​ថា​ធ្វើឱ្យ​វា​កាន់តែ​ពិបាក​ក្នុង​ការ “​បន្លំ​”​។​

​ឧបករណ៍​ថ្មី ដែល​បាន​បង្ហាញ​នៅក្នុង​កិច្ចពិភាក្សា​ស្តីពី​អាកាសធាតុ​របស់​អ​.​ស​.​ប COP27 នៅក្នុង​ប្រទេស​អេ​ហ្ស៊ី​ប បានកំណត់​ទីតាំង​ជាង ៧០.០០០ ដែល​បំភាយ​ឧស្ម័ន​ទៅក្នុង​បរិយាកា​ស​។​

​គម្រោង ដែល​ដំណើរការ​ដោយ​ក្រុម​ស្ថាប័ន​ស្រាវជ្រាវ អង្គការ​សប្បុរសធម៌ និង​ក្រុមហ៊ុន​នានា គឺ​ត្រួតពិនិត្យ​ទីតាំង​នានា​រួមមាន ឧស្សាហកម្ម​ធុន​ធ្ងន់ ផលិតកម្ម​ថាមពល កសិកម្ម ការដឹកជញ្ជូន កាក​សំណល់ និង​ការជីក​យក​រ៉ែ​។​

​ដោយ​ប្រើ​បញ្ញា​សិប្ប​និមិត្ត (AI)​ដើម្បី​វិភាគ​ទិន្នន័យ​ពី​ផ្កាយរណប​ជាង ៣០០ ក៏​ដូច​ជា​ឧបករណ៍​ចាប់​សញ្ញា​រាប់ពាន់​នៅលើ​ដី​និង​ក្នុង​សមុទ្រ ឧបករណ៍​តាមដាន​អាកាសធាតុ​ហៅថា Climate TRACE បាន​រកឃើញថា អ្នក​បញ្ចេញ​ឧស្ម័ន​ច្រើន​ជាង​គេ​បំផុត​ទាំង ១៤ គឺជា​កន្លែង​ទាញយក​ប្រេង​និង​ឧស្ម័ន​ទាំងអស់​។​

​អតីត​អនុ​ប្រធានាធិបតី​អាម៉េរិក លោក អាល់ ហ្គ័​រ (Al Gore) ដែល​ជា​ស្ថាបនិក​គម្រោង បាន​និយាយថា ក្នុងចំណោម​នោះ អ្នក​បញ្ចេញ​ឧស្ម័ន​ធំ​បំផុត​នៅលើ​ភពផែនដី គឺ​រោងចក្រ Permian Basin ក្នុង​រដ្ឋ​តិច​សាស់ ជា​កន្លែង​ផលិត​ប្រេង​ធំ​បំផុត​មួយ​ក្នុង​ពិភពលោក​។​

​លោកហ្គ័រ​បាន​និយាយថា “​ជាមួយនឹង​ទិន្នន័យ​ថ្មី​ស្តីពី​ឧស្ម័ន​មេតាន​និង​អណ្តាតភ្លើង ឥឡូវ​នេះ​យើង​ប៉ាន់ស្មាន​ថា ការបំភាយ​ឧស្ម័ន​ពិតគឺ​ខ្ពស់​ជាង​អ្វីដែល​ពួកគេ​បាន​រាយការណ៍​ដល់​ទៅ​បី​ដង​”​។​

​ក្នុងន័យនេះ អណ្តាតភ្លើង​គឺជា​ការដុត​ឧស្ម័ន​ធម្មជាតិ​ដែល​មិន​ចង់​បាន​ចេញ​ពី​អណ្តូងប្រេង​និង​ឧស្ម័ន​។​

​ឧស្ម័ន​មេតាន ដែល​បញ្ចេញ​ដោយ​ការ​លេច​ធ្លាយ​ពី​រោងចក្រ​ឥន្ធនៈហ្វូស៊ីល​ក៏ដូចជា​ពី​ប្រភព​បង្កឡើង​ដោយ​មនុស្ស​ផ្សេង​ទៀត ដូចជា​សត្វពាហនៈ​និង​កន្លែង​ចាក់​សំរាម ទទួលខុសត្រូវ​ចំពោះ​ការកើនឡើង​ប្រហែល ៣០ ភាគរយ​នៃ​សីតុណ្ហភាព​សកលលោករ​ហូត​មកទល់​បច្ចុប្បន្ន​។​

​ប្រទេស​រាប់សិប​កាលពី​ឆ្នាំមុន​បាន​សន្យា​ធ្វើ​សកម្មភាព​កាត់បន្ថយ​ការបំពុល​ពី​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដ៏​ខ្លាំងក្លា​នេះ​៕

​អណ្តាតភ្លើង​ចេញពី​ការដុត​ឧស្ម័ន​នៅ​រោងចក្រ​របស់​ក្រុមហ៊ុន Permian Basin ក្នុង​រដ្ឋ​តិច​សាស់ ថត​កាលពី​ឆ្នាំ​២០១៥