ដោយៈ គង់ហេង / កំពង់ចាម៖ វិមានឯករាជ្យ ខេត្តកំពង់ចាម ដែលបានសម្ពោធដាក់ឱ្យ ប្រើប្រាស់ ជាផ្លូវការ ចំថ្ងៃបុណ្យឯករាជ្យជាតិ ថ្ងៃទី៩ វិច្ឆិកា កាលពីថ្ងៃរសៀល ម្សិលមិញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី គឺប្រើប្រាស់រយៈពេល នៃការសាងសង់ ចំនួន ១១ ខែ។

ស្ថិតក្រោមកម្តៅព្រះទិនករ ប្រមាណជាង ៣០ អង្សាសេ លោក អ៊ុន ចាន់ដា អភិបាលខេត្ត កំពង់ចាម នៅលើវេទិកាឥតដំបូល ឈរអមដោយមេបញ្ជាការ យោធភូមិភាគទី២, មេបញ្ជាការតំបន់ប្រតិបត្តិសឹករងកំពង់ចាម, មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម និងស្នងការនគរបាលខេត្តកំពង់ចាម បានថ្លែងទៅកាន់អ្នកអញ្ជើញចូលរួម ប្រមាណជាង ៤.០០០ នាក់ថាៈ វិមានឯករាជ្យ ដែលកំពុងឈរបង្អួតរាង យ៉ាងសង្ហារនេះ មានកម្ពស់ ២៩,៩១ ម៉ែត្រ ជាសមិទ្ធផលជាប្រវត្តិសាស្រ្តថ្មីមួយទៀត របស់រដ្ឋបាលខេត្តកំពង់ចាម។

លោកអភិបាល ខេត្តកំពង់ចាម ថ្លែងទៀតថាៈ វិមានឯករាជ្យមួយនេះ មានខឿនតួប្រាង្គ ចំនួន បីជាន់ , ដំបូលឋានចំនួន ប្រាំថ្នាក់, កំពូលវិមានរំលេចដោយក្បាច់រចនាលម្អចំនួន បួន ក្បាច់ មានក្បាច់សន្លឹកអង្គរ ក្បាចដកចាន់ ក្បាច់ត្របកឈូកបំបែក និងក្បាចពងត្រី រួមនឹងក្បាលនាគចំនួន ១០០ ចំណែក ខឿនបាតក្រោមមានអង្កត់ផ្ចិត ៣៩,៣ ម៉ែត្រ ដែលរំលេចផ្នូរអតីតយុទ្ធជនជុំវិញ និងចាក់បេតុងផ្លូវជុំវិញវិមានទទឺង ១០ ម៉ែត្រ។

លោកបានបន្ថែមថាៈ ជាពិសេស វិមាននេះ មានហេដ្ឋារចនាសម្ព័ន្ធ នៅព័ទ្ធជុំវិញបរិវេណលម្អ ដោយភ្លើងចម្រុះពណ៌ ក្នុងពេលរាត្រី អមដោយទឹកផុសចេញពីថែវ (បរិវេណ) ជុំវិញតួវិមាន សួនផ្កាស្របតាមដងផ្លូវ និងមានដើមរំដួលចំនួន ១០០ ដើម តំណាងឱ្យអត្តសញ្ញាណជាតិ។ ដោយចាប់ផ្តើមសាងសង់ កាលពីកំឡុងចុងឆ្នាំ២០២១ ប្រើប្រាស់ថេរវេលា នៃការស្ថាបនា ចំនួន ១១ ខែ។

លោកបានបន្តថាៈ វិមានឯករាជ្យនេះ ពិតជាមានអត្ថន័យជាប្រវត្តិសាស្រ្ត សម្រាប់យើង ទាំងអស់គ្នា ហើយក៏បាននាំមក នូវសោភ័ណភាពស្រស់ស្អាត ថែមទៀត ក្នុងក្រុងកំពង់ចាម និងជាសម្បទានមួយទៀត នៃការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ មកលេងកម្សាន្ត ក្នុងខេត្តកំពង់ចាម។ ពិសេសជាទីកន្លែងជួបជុំ សម្រាប់ការប្រារព្ធពិធីធំៗ សំខាន់ៗ និងការប្រមូលផ្តុំ នូវដួងព្រលឹងបុព្វបុរសយើង ជាការកសាងជំនឿលើការដឹកនាំដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី៕/V-PC