ដោយ: ពៅនិមល / ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កាលពីរសៀល ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ បានជួបពិភាក្សាការងារជាមួយ លោក Nobuhiko Sasaki ប្រធានក្រុមប្រឹក្សាភិបាល នៃអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) និងសហការី ដើម្បីជំរុញបរិយាកាសធុរកិច្ច និងបង្កើនទំនាក់ទំនងពាណិជ្ជកម្ម រវាងកម្ពុជា-ជប៉ុន ឱ្យកាន់តែប្រសើឡើង។

ប្រភពពីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថាៈ ក្នុងជំនួបនេះ លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ ពីទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ និងបានលើកទឹកចិត្តឱ្យ JETRO បន្តចូលរួម ទាក់ទាញវិនិយោគិនជប៉ុន មកកម្ពុជា ឱ្យកាន់តែច្រើន និងពិនិត្យលទ្ធភាព ក្នុងការគាំទ្រដល់ ចលនាភូមិមួយផលិតផលមួយ ជាពិសេសការរៀបចំពិព័រណ៍ និងលក់ផលិតផលខ្មែរ នៅទីផ្សារជប៉ុន។ បន្ថែមពីនេះ លោកបានស្នើសុំឱ្យ JETRO សហការចូលរួមពិព័រណ៍ OVOP 2022 ដែលរៀបចំឡើង ដោយក្រសួងពាណិជ្ជកម្មកម្ពុជា និងជួយសម្របសម្រួល ក្នុងការពិនិត្យលទ្ធភាពសិក្សាបន្ថែម អំពីកិច្ចចរចាកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគី រវាងជប៉ុន និងកម្ពុជា ព្រមទាំងស្នើសុំ JETRO ឱ្យកៀរគរក្រុមហ៊ុនជប៉ុន ដែលមានទីតាំងនៅ ប្រទេសជិតខាង ជាពិសេសថៃ+១ និងវៀតណាម+១ ពិចារណាដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន មកកម្ពុជា។

ជាការឆ្លើយតប ភាគីជប៉ុន បានថ្លែងអំណរគុណដល់កម្ពុជា សម្រាប់ការគាំទ្រយ៉ាងខ្លាំង លើកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ជាពិសេស ក្រសួងពាណិជ្ជកម្ម ដែលតែងតែគាំទ្រ ដល់ក្រុមហ៊ុនជប៉ុន ក្នុងការវិនិយោគ នៅកម្ពុជា និងបានចូលរួមអបអរសាទរដល់កម្ពុជា ចំពោះភាពជោគជ័យរបស់ខ្លួន ក្នុងការធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន នាពេលកន្លងមក និងកិច្ចប្រជុំពាក់ព័ន្ធនានា។ ភាគីជប៉ុន បានស្នើសុំកិច្ចសហប្រតិបត្តិការ ពីក្រសួងពាណិជ្ជកម្មបន្ថែមទៀត ដើម្បីជំរុញ ការនាំចេញផលិតផលជប៉ុន ជាពិសេសផលិតផលគ្រឿងសម្អាង និងអាហារមកកាន់ ទីផ្សារកម្ពុជា។

លោកប្រធានអង្គការ ក៏បានជំរុញឱ្យភាគីកម្ពុជាសិក្សា និងស្វែងយល់ពីតម្លៃបន្ថែម ដើម្បីឱ្យមានកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី បើប្រៀបធៀបទៅនឹង RCEP ហើយវាជា ក្របខ័ណ្ឌ ដែលសម្រេចដោយរដ្ឋាភិបាលជប៉ុន។

លោកបានបន្តថាៈ អង្គការ JETRO គ្រោងនឹងរៀបចំសិក្ខាសាលាថៃ+១ នៅប្រទេសថៃ ក្នុងខែមករា ឆ្នាំ២០២៣ ដើម្បីទាក់ទាញក្រុមហ៊ុនជប៉ុន ដែលមានទីតាំង ក្នុងប្រទេសថៃ ដើម្បីពិនិត្យលទ្ធភាព ពង្រីកអាជីវកម្មរបស់ពួកគេ ឱ្យមកវិនិយោគ នៅប្រទេសកម្ពុជា ជាពិសេសតាមរយៈច្រកអន្តរជាតិប៉ោយប៉ែត។

ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា នៅកិច្ចបញ្ចប់ ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ ចំពោះកិច្ចពិភាក្សា ប្រកបដោយលទ្ធផល ដ៏ល្អប្រសើរ និងបានបង្ហាញពីឆន្ទៈ ក្នុងការពង្រឹងកិច្ចសហការ ឱ្យកាន់តែជិតស្និទ្ធ ដើម្បីជំរុញវិស័យពាណិជ្ជកម្ម និងការវិនិយោគ នៃប្រទេសទាំងពីរ ឱ្យកាន់តែប្រើសើឡើងថែមមួយកម្រិតទៀត៕/V-PC

 

ចំណងជើងរូបភាព៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ទទួលជួបការងារជាមួយអង្គការ JETRO
រូបភាព៖ ក្រសួងពាណិជ្ជកម្ម