ដោយ៖តារារិទ្ធ(ភ្នំពេញ)៖ នៅវេលាម៉ោង២រសៀលថ្ងៃ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជានិងជាប្រធានអាស៊ានព្រមទាំងថ្នាក់ដឹកនាំកំពូលប្រទេសអាស៊ានបាននឹងអញ្ជើញចូលរួមប្រជុំជាមួយអន្តរសភាអាស៊ាន(អាយប៉ា-AIPA) ដែលរៀបចំឡើងនៅសណ្ឋាគារសុខាភ្នំពេញ។

កិច្ចប្រជុំអន្តរសភាអាស៊ាន(អាយប៉ា-AIPA)នេះសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជានឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ សភានៃបណ្តាប្រទេសសមាជិក អាយប៉ាចូលរួមកិច្ចប្រជុំទល់មុខជាមួយមេដឹកនាំអាស៊ាន ។

កិច្ចប្រជុំទល់មុខគ្នារវាងអាស៊ាននិងអាយប៉ាដែលបានរៀបចំឡើងនៅរាល់កិច្ចប្រជុំកំពូលអាស៊ាន គឺជាជំនួបផ្លូវការកម្រិតខ្ពស់បំផុតរបស់អាស៊ាននិង អាយប៉ាដើម្បីពង្រឹងនិងពង្រី កកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរនិងដើម្បីពិភាក្សាស៊ីជម្រៅលើកិច្ចការរបស់អាស៊ាននៅគ្រប់កម្រិត ក្នុងន័យឆ្ពោះទៅរកគោលបំណងរួមរបស់អាស៊ាន គឺសន្តិភាព ស្ថិរភាព និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាមួយការពន្លឿន និងជំរុញឱ្យសម្រេចបាននូវសហ គមន៍អាស៊ានមួយ និងត្រៀមខ្លួនសម្រាប់ការពង្រីកអាស៊ាននាពេលអនាគត។

គណៈប្រតិភូសភានៃបណ្តាប្រទេសជាសមាជិកអាយប៉ានឹងនាំយកនូវធាតុចូលដែលជាទស្សនៈរួមក្នុងនាមប្រទេសជាសមាជិកអាយប៉ាដាក់បញ្ចូលទៅក្នុង សារដែលនឹងត្រូវថ្លែងដោយ សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានិងជាប្រធានប្តូរវេនអាយប៉ាលើកទី៤៣ នៅចំពោះមុខថ្នាក់ដឹកនាំអាស៊ាន។

សូមរំលឹកថាកិច្ចប្រជុំរវាងថ្នាក់ដឹកនាំអាស៊ាននិងអាយប៉ាលើកទី១ ត្រូវបានចាប់ផ្តើមអនុវត្តន៍ជាលើកដំបូងនាកិច្ចប្រជុំកំពូលអាស៊ានលើកទី១៤ នៅឆ្នាំ ២០០៩ នៅហួហ៊ីន ប្រទេស ថៃក្រោមគំនិតផ្តួចផ្តើមរបស់សភាប្រទេសសមាជិកអាយប៉ានិងអាស៊ាន ។ ចាប់ពីពេលនោះមកកិច្ចប្រជុំនេះបានប្រព្រឹត្តទៅចំនួន ១០ លើករួចមកហើយដែលលើកចុងក្រោយនៅ ឆ្នាំ២០២០ ធ្វើនៅទីក្រុងហាណូយប្រទេសវៀតណាមតាមប្រព័ន្ធនិម្មិត (ប្រព័ន្ធវីដេអូ)។ឆ្នាំនេះជាកិច្ចប្រជុំលើកទី១១ ដែលសភាកម្ពុជា ទទួលរៀបចំនិងដឹកនាំកិច្ចប្រជុំទល់មុខគ្នា រវាង អាស៊ាន និងអាយប៉ានេះ៕