ដោយ: ពៅនិមល / ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធាន កិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០២២ នៅថ្ងៃម្សិលមិញ បានអញ្ជើញថ្លែងសុន្ទរកថា បើកសម្ពោធសន្និសីទ ស្តីពី “ផែនការអភិវឌ្ឍន៍អាស៊ីគ្រប់ជ្រុងជ្រោយ ៣.០” (Comprehensive Asian Development Plan – CADP 3.0) ដែលសហការរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម កម្ពុជា និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA)។

កម្មវិធីនេះ បានប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួម ពីលោកសាស្រ្តាចារ្យ ហ៊ីឌេតូហ្ស៊ី នីហ្ស៊ីម៊ូរ៉ា (HIDETOSHI NISHIMURA) ប្រធានវិទ្យាស្ថាន ស្រាវជ្រាវសេដ្ឋកិច្ច សម្រាប់អាស៊ាន និងអាស៊ីបូព៌ា និងតំណាងមកពីក្រសួង-ស្ថាប័ន ពាក់ព័ន្ធជាច្រើន រូបផ្សេងទៀត នៅរាជធានីភ្នំពេញ។

នៅក្នុងអង្គពិធី លោករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ ចំពោះតួនាទី និងការចូលរួមរបស់ ERIA ក្នុងការស្រាវជ្រាវ ដែលបាននឹងកំពុងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងដំណើរការ សមាហរណកម្មក្នុងអាស៊ាន។ ជាក់ស្តែង “ផែនការអភិវឌ្ឍន៍អាស៊ីគ្រប់ជ្រុងជ្រោយ ៣.០” នឹងផ្តល់នូវក្របខ័ណ្ឌទ្រឹស្តី សម្រាប់ការអភិវឌ្ឍឌីជីថលនៃអាស៊ី រួមជាមួយនឹងអនុសាសន៍ គោលនយោបាយដ៏ទូលំទូលាយ និងមានតម្លៃជាច្រើន ដែលនឹងរួមចំណែកក្នុងការជំរុញ និងអភិវឌ្ឍន៍វិស័យឌីជីថលក្នុងតំបន់ និងសកលលោក។

លោកបានបន្តថាៈ “ផែនការអភិវឌ្ឍន៍អាស៊ីគ្រប់ជ្រុងជ្រោយ ៣.០” នឹងជួយដោះស្រាយ បញ្ហាប្រឈមទាំងក្នុងឧស្សាហកម្ម ដែលកំពុងរីកចម្រើន រហូតដល់វិស័យថាមពល ជាពិសេស ការធ្វើឱ្យប្រសើរឡើង នូវឧស្សាហកម្មប្រពៃណី ដូចជាកសិកម្មជាដើម ដែលនឹងបង្កើតឱកាសដ៏ច្រើន សម្រាប់អាជីវកម្មថ្មីៗ។

ឆ្លៀតក្នុងកាសនោះ លោករដ្ឋមន្រ្តី បានចូលរួមផ្តល់អនុសាសន៍គន្លឹះ ដល់វិទ្យាស្ថាន ERIA ក្នុងការពង្រឹងសមត្ថភាព និងធ្វើឱ្យការស្រាវជ្រាវរបស់ខ្លួន កាន់តែស៊ីជម្រៅ លើការច្នៃប្រឌិត ឌីជីថល និងសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ដោយបញ្ចូល និងឆ្លុះបញ្ចាំងពីសំឡេងវិស័យ ឯកជន។ បន្ថែមពីនេះ លោករដ្ឋមន្រ្តី ក៏បានជម្រាបជូន អំពីគោលនយោបាយ និងកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឌីជីថលភាវូបនីយកម្ម ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន នៃសេដ្ឋកិច្ចក្នុងតំបន់ និងសកលលោកផងដែរ។

ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់បន្ថែមថាៈ នៅកិច្ចបញ្ចប់ លោករដ្ឋមន្រ្តី ក៏បានបញ្ជាក់សារជាថ្មី នូវការប្តេជ្ញាចិត្តរបស់ ក្រសួងពាណិជ្ជកម្មកម្ពុជា ក្នុងការធ្វើការយ៉ាងជិតស្និទ្ធ និងយ៉ាងសកម្ម ជាមួយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ដែលនឹងចូលរួមចំណែក យ៉ាងសំខាន់ក្នុងការពង្រឹងដំណើរការ សមាហរណកម្មក្នុងតំបន់ និងពិភពលោក៕/V-PC

 

ចំណងជើងរូបភាព៖ រដ្ឋមន្រ្តីពាណិជ្ជកម្មក្នុងពិធីសម្ពោធសន្និសីទស្តីពី “ផែនការអភិវឌ្ឍន៍អាស៊ីគ្រប់ជ្រុងជ្រោយ ៣.០”
រូបភាព៖ ក្រសួងពាណិជ្ជកម្ម