ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖ ដើម្បី​បង្កើន​ភាព​ទាក់ទាញ​នាឱកាស​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ និង​លើក​ទី​៤១ រដ្ឋបាល​រាជធានី​ភ្នំពេញ បានរៀបចំ​តុបតែង​លម្អ​តាម​ផ្លូវធំៗ ស្ពាន​ឆ្លងទន្លេ និង​តាម​ទីសាធារណៈ​ផ្សេងទៀត ដើម្បី​បង្កើន​សោភ័ណភាព​រាជធានី​ភ្នំពេញ​ឱ្យ​ស័ក្តិ​សមជា​ស្រុក​មាន​សន្តិភាព ស្ថិរភាព និង​មាន​សុខ​សុវត្ថិ​ភាពល្អ​។​
ការតុបតែង​នេះ​គឺ​ពិត​ជាមាន​សោភ័ណភាព​ទាក់ទាញ​ដើម្បី​បង្ហាញជូន​ប្រតិភូ​អន្តរជាតិ​នានា​ឱ្យ​បានឃើញ​ពីមុខ​មាត់​ដ៏​ស្រស់ស្អាត​នៃ​រាជធានី​ភ្នំពេញ ស័ក្តិ​សមជា​ទីក្រុង​អភិវឌ្ឍ ជា​បេះដូង​នៃ​ប្រទេស​កម្ពុជា ដែល​ពោរពេញ​ទៅដោយ​សន្តិភាព ស្ថិរភាព និង​មាន​សុខ​សុវត្ថិ​ភាពល្អ​។​

​ផ្តើមចេញពី​សុខសន្តិភាព​ពេញ​ផ្ទៃ​ប្រទេស​បានផ្តល់​ឱកាស​មាស​ក្នុង​ដំណើរការ​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ និង​ទូទាំងប្រទេស​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង​២​ទសវត្សរ៍ កន្លងទៅ​ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ស្ថាបនិក​សន្តិភាព​ធ្វើ​ឲ្យ​គី​ជំលោះ​បាន​ទម្លាក់អាវុធ​ចុះ និង​រួមរស់​ក្នុង​មហា គ្រួសារ​ខ្មែរក្រោម​ដំបូល ព្រះមហា​ក្ស​ត្ស​តែមួយ រដ្ឋធម្មនុញ្ញ​តែមួយ និង​រាជរដ្ឋាភិបាល​តែមួយ​។​

​ព្រឹត្តិការណ៍​លេចធ្លោ​ដែលជា​កិត្តិយស​ដ៏​ធំធេង​សំរាប់​ជាតិ​នាពេលនេះ​គឺ​កម្ពុជា​បានធ្វើ​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​សំរាប់​ឆ្នាំ​២០២២​សំរាប់​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ និង​៤១ និង​កិច្ចប្រជុំ​កំពូល​ពាក់​ព​ន្ធ័​ពីថ្ងៃ​ទី​១០ ដល់ ១៣​វិច្ឆិកា ឆ្នាំ​២០២២​នេះ នៅ​រាជធានី​ភ្នំពេញ​។ ក្នុងនាម​ជា​ម្ចាស់ផ្ទះ​នៃ​ទីតាំង​ប្រារព្ធ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​ដូច​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​ក្រោម​ការដឹកនាំ​របស់លោក​ឃួ​ង ស្រេង សហការ​ជាមួយ​ស្ថាប័ន​ជំនាញ​ពាក់​ព​ន្ធ័​បាន​ខិតខំ ប្រឹងប្រែង​យ៉ាង​ពេញទំហឹង​លើ​ការពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ សាធារណៈ​ដើម្បី​ការពារ​សន្តិសុខ​ជូន​ប្រតិភូ​ដែលមាន​ប្រមាណ​២៨​ប្រទេស និង ដៃគូ​សន្ទនា​បាន​អញ្ជើញ​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​ជា​បន្តបន្ទាប់​។​

​កត្តា​សន្តិភាព​នេះហើយ ទើប​កម្ពុ​ជាមាន​ឧិ​កាស​អភិវឌ្ឍ​ន៏​ដោយ​ប្រែក្លាយ​ពី​សំឡេង​អាវុធ​មក​សំឡេង​សូត្រធម៌ និង​សំណើច​ក្អាកក្អាយ​របស់​ប្រជាពលរដ្ឋ​និង​សិស្សានុសិស្ស​របស់​យើង​។​កម្ពុជា​មានឈ្មោះ​បោះ​សំឡេង​និង​កំពុង​បោះ​ជំ​ហ៊ាន​យ៉ាង​លឿន​ចូលក្នុងរ​បទ​ថ្មី​ទាំង​លើ​ឆាក​ជាតិ​និង​អន្តរជាតិ​ធ្វើ​ឪ្យិ​កម្ពុជា​ស្មើមុខស្មើមាត់​លើ​ឆាក​តំបន់​និង​អន្តរជាតិ​ផងដែរ​។​

​ក្រៅពី​ការពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ភ្ញៀវ រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅបាន​រៀបចំ​កែ លំអរ​សោ​ភណ្ឌ​ភាព បរិស្ថាន សួនច្បារ ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​ទូទាំង​រាជធានី​ភ្នំពេញ ឲ្យ​មាន​សម្រស់​ស្រស់បំព្រង​ថែមទៀត​ដើម្បី​ចូលរួម​លើក​កំពស់​មុខមាត់​ប្រទេសជាតិ ក្នុង​ព្រឹត្តិការ​ដ៏​សំខាន់​នេះ​។​ដំណាក់កាល​ចុងក្រោយ​នេះ រាជធានី​ភ្នំពេញ​ទទួលបាន​ការកោតសរសើ​រ​មិន​ដាច់​ពី​មាត់​ពី​គណៈប្រតិភូ​, វិនិយោគិន និង​ភ្ញៀវទេសចរ​ណ៏​ដែល​បាន​មកដល់​រាជធានី​ភ្នំពេញ និង​បានឃើញ​ដំណើរការ​អភិវឌ្ឍ​ន៏​រាជធានី​ភ្នំពេញ​យ៉ាង​ឆាប់រហ័ស​នឹកស្មាន​មិន​ដល់​។​


​កិច្ចប្រជុំ​កំពូល​អាស៊ាន បានធ្វើអោយ​កម្ពុជា​កាន់​តែមាន​ឈ្មោះ​បោះ​សំឡេង​លើ​ឆាក​អន្តរជាតិ​។ កិច្ចប្រជុំ កំពូល​អាស៊ាន ឆ្នាំ​២០២២​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​លោក​អគ្គលេខាធិការ អង្គការសហប្រជាជាតិ​ផងដែរ ដែលជា​កិត្តិយស​ដ៏​ធំធេង​បំផុត​សំរាប់​កម្ពុជា​ដែល សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំនេះ​។ ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃ​ច​ន្ទ័​ដើម​សប្តាហ៍ នេះ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែងថា​៖ ការពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុងអំឡុង​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​និង​កិច្ចប្រជុំ ពាក់​ព​ន្ធ័​គឺជា​ចំណុច​ខ្ពស់បំផុត​។​ទន្ទឹមគ្នានេះ រាល់​ការប្រមូលផ្តុំ​ណាមួយ​នៅ​កន្លែង​ភ្ញៀវ​ស្នាក់នៅ ឬ​រំខាន​ដល់​ក្បួន​ប្រតិភូ​ឆ្លងកាត់ ឬ​ការតវ៉ា​ណាមួយ​ដែល​ធ្វើ ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស សេចក្តីថ្លៃថ្នូរ​របស់​ជាតិ គឺ​មិន​ត្រូវអោយ​កើតមាន​ដាច់ខាត​។​

​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ​មាន​កាតព្វកិច្ច​ចូលរួម​លើកតម្កើង​សោភ័ណភាព បរិស្ថាន​ទីក្រុង និង​ផ្តល់​កិត្តិយស មុខមាត់​រាជធានី​ភ្នំពេញ​ក៏​ដូច​ប្រទេសជាតិ​យើង​ទាំងមូល​៕​