ដោយៈ សុ​ផានី​តា​/​កោះកុងៈ ភ្ញៀវទេសចរ​សរុប​ជាង​ពីរម៉ឺន បាននាំគ្នា​មកលេង​កម្សាន្ត​នៅ​ខេត្តកោះកុង តាម​តំបន់​រមណីយដ្ឋាន​នានា អំឡុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក សំពះ​ព្រះ​ខែ និង​បណ្តែតប្រទីប ចំនួន​បី​ថ្ងៃ​កន្លងទៅ​។​

​លោក សុខ ចាន់​គ្រឹះ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកោះកុង បង្ហាញថា បើ​គិត​ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​៩ ខែវិច្ឆិកា មូលដ្ឋាន​ខេត្ត ភ្ញៀវទេសចរ​សរុប​ប្រមាណ ២១.០៨២​នាក់ ក្នុងនោះ​អ្នកទេសចរ​បរទេស​ចំនួន​២៧៧​នាក់ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២១ ថយចុះ​ចំនួន​៣.៤៨៦​នាក់ ស្មើនឹង​១៦​ភាគរយ​។​

​លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកោះកុង លើកឡើង​នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា​នេះ​ថា អំឡុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក សំពះ​ព្រះ​ខែ ឆ្នាំ​២០២២ ក្រុម​ភ្ញៀវទេសចរ បាននាំគ្នា​ទៅលេង​កម្សាន្ត​នៅ​តំបន់​អេកូ​ទេសចរ​ធម្មជាតិ​ឆាយ អា​រ៉ែ​ង សហគមន៍​អេកូ​ទេសចរ​ព្រៃកោងកាង ពាម​ក្រសោប ទឹកជ្រោះ​តា​តៃ​ក្រោម កោះ​ស្តេច តំបន់​រមណីយដ្ឋាន​ឆ្នេរ​នេសាទ និង​តំបន់​ព្រំដែន​អន្តរជាតិ​ចាំ​យាម​។​

​ទន្ទឹមនឹងនោះ រដ្ឋបាល​ខេត្តកោះកុង សហការ​ជាមួយ​មន្ទីរ​ពាក់ព័ន្ធ និង​ក្រុមហ៊ុន​ឯកជន​រៀបចំ​ជា​កម្មវិធី​ប្រគុំ​តន្ត្រី បណ្តែតប្រទីប តាំង​ពិ​ព័រ​ណ៌​ស្នាដៃ​សិស្ស សម្ភារៈប្រើប្រាស់ និង​ចំណីអាហារ នៅ​ទល់មុខ​អគារ​សាលា ដើម្បី​ផ្តល់​ភាពសប្បាយ​ដល់​ប្រជាពលរដ្ឋ និង​អ្នកទេសចរ​។ទាក់ទិន​នឹង​បញ្ហា​តម្លៃ​សេវាកម្ម​ស្នាក់នៅ និង​ចំណីអាហារ ម្ចាស់​ភោគ​ជនី​យ​ដ្ឋា​ន អាហា​រដ្ឋា​ន ផ្ទះសំណាក់ ក៏ដូចជា​សណ្ឋាគារ មិន​តម្លើងថ្លៃ​ហួសហេតុ​ពេក​នោះទេ​។​

​ចំណែក​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​អំឡុង​ថ្ងៃ​ពិធី​បុណ្យអុំទូក​បី​ថ្ងៃនេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ គង់ មនោ ស្នងការ​នគរបាល​ខេត្តកោះកុង ឱ្យដឹង​ដែរ​ថា គ្រប់​តាម​គោលដៅ​ទេសចរ​នានា សុទ្ធតែ​ត្រូវបាន​យកចិត្តទុកដាក់​ខ្ពស់​ពង្រាយ​កងកម្លាំង​សមត្ថកិច្ច​ល្បាត​ការពារ​សុវត្ថិភាព​ជូន​អ្នកទេសចរ និង​ប្រជាពលរដ្ឋ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ គង់ មនោ ស្នងការ​នគរបាល​ខេត្តកោះកុង អះអាងថា បី​ថ្ងៃ​នៃ​ពិធី​បុណ្យអុំទូក​ឆ្នាំ​២០២២​នេះ ពុំមាន​បទល្មើស​អ្វី​កើតឡើង​គួរឱ្យកត់សម្គាល់​ឡើយ ពោលគឺ​មាន​សុខ​សុវត្ថិភាព​ល្អប្រសើរ​ច្រើនណាស់​សម្រាប់​ឆ្នាំ​២០២២ មិន​ថា​នៅ​ទី​រួម​ខេត្ត ឬ​បណ្តា​ស្រុក​គោលដៅ​ទេសចរណ៍​។​​ដោយ​នេះ​ក៏​ព្រោះតែ​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ប្រទេស​មាន​សុខសន្តិភាព ធូរស្រាល​ជំងឺ​កូ​វីដ​១៩ ដែល​ធ្វើឱ្យ​រំហូរ​ភ្ញៀវទេសចរ​ក​កើតមានឡើង​វិញ​នៅ​មូលដ្ឋាន​ខេត្តកោះកុង​ពេល​មាន​ពិធី​បុណ្យទាន​តូចធំ​៕​