​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ពួក​ហ៊ែ​ក​ឃើ (Hacker)​ដែល​បាន​ទម្លាយ​កំណត់ត្រា​វេជ្ជសាស្ត្រ​ដែល​បាន​លួច​ពី​ក្រុមហ៊ុន​ថែទាំ​សុខភាព​ដ៏​ធំ​របស់​អូស្ត្រាលី​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១០​វិច្ឆិកា​ថា ពួក​គេ​ទាមទារ​ប្រាក់​ចំនួន ១០ លាន​ដុល្លារ​អាម៉េរិក​ដើម្បី​បញ្ឈប់​ការទម្លាយ ពោលគឺ​ប្រហែល​មួយ​ដុល្លារ​សម្រាប់​ជនរងគ្រោះ​នីមួយៗ​របស់​ពួកគេ​។​

​កាលពីដើម​សប្តាហ៍​នេះ ក្រុមហ៊ុន Medibank បានបញ្ជាក់​ថា ពួក​ហ៊ែ​ក​ឃើ​បានចូល​ប្រើ​ព័ត៌មាន​ដែល​ជា​កម្មសិទ្ធិ​របស់​អតិថិជន​បច្ចុប្បន្ន​និង​អតីត​ចំនួន ៩,៧ លាន​នាក់ រួមទាំង​នាយក​រដ្ឋមន្ត្រី អាន​ថូ​នី អាល់​បាណេ​ស (Anthony Albanese) ផងដែរ​។​

​សំណាក​តូច​មួយ​នៃ​កំណត់ត្រា​ដែល​បាន​បង្ហោះ​ដោយ​ពួក​ហ៊ែ​ក​ឃើ​កាលពី​ថ្ងៃ​ពុធ បាន​បង្ហាញ​នូវ “​បញ្ជី​ច្រើន​គួរសម​” នៃ​ឈ្មោះ​មនុស្ស ដែល​បាន​ទទួល​ការព្យាបាល​សម្រាប់​ការ​ញៀន​ថ្នាំ ការសេព​គ្រឿង​ស្រវឹង និង​មេរោគ​ហ៊ី​វ​។​

​ក្រុមហ៊ុន Medibank​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បានបញ្ជាក់​ថា “​ឯកសារ​បន្ថែម​” ដែល​គេ​ជឿ​ថា​មាន​ទិន្នន័យ​អតិថិជន ត្រូវបាន​អាប់​ឡូត​ចូល​ទៅ​កាន់​វេទិកា “​វេបសាយ​ងងឹត​” (Dark Web)​ពេញ​មួយ​យប់​។​

​ពួក​ហ៊ែ​ក​ឃើ​បាន​ប្រើ​វេទិកា​ដូចគ្នា​នេះ​ដើម្បី​លម្អិត​អំពី​លក្ខខណ្ឌ​តម្រូវ​សម្រាប់​បង់​លុយ​លោះ​របស់​ពួកគេ​។​

​ពួក​ហ៊ែ​ក​ឃើអ​នា​មិកបាន​បង្ហោះ​លើ​វេទិកា​វេបសាយ​ងងឹត​នោះ​ថា “​សង្គម​បាន​សួរ​យើង​អំពី​តម្លៃ​លោះ វា​មាន​ចំនួន ១០ លាន​ដុល្លារ​អាម៉េរិក​”៕

ការវាយប្រហារ​តាម​អ៊ីនធឺណិត​លើ​ក្រុមហ៊ុន Medibank បាន​លាតត្រដាង​ទិន្នន័យ​អតិថិជន​បច្ចុប្បន្ន​និង​អតីត​ប្រហែល ៩,៧ លាន​នាក់