​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖ មេដឹកនាំ​ពិភពលោក​កំពុង​ពិភាក្សា​អំពី​សកម្មភាព​ដើម្បី​ដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ​នៅឯ​កិច្ចប្រជុំ​កំពូល​អាកាសធាតុ COP27 នៅ​ប្រទេស​អេ​ហ្ស៊ី​ប​។​កិច្ច​​ប្រជុំ​នេះ​ធ្វើឡើង​បន្ទាប់​ពី​គ្រោះមហន្តរាយ​ទាក់ទង​នឹង​អាកាសធាតុ​និង​ការ​បំបែក​ឯតទគ្គ​កម្ម​សីតុណ្ហភាព​ពេញ​មួយឆ្នាំ​។​

​តើ COP27 ជា​អ្វី​?

​កិច្ចប្រជុំ​កំពូល​ស្តីពី​អាកាសធាតុ​របស់​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​) ត្រូវបាន​ធ្វើឡើង​ជា​រៀងរាល់ឆ្នាំ​ដើម្បី​ឱ្យ​រដ្ឋាភិបាល​នានា​យល់ព្រម​លើ​វិធានការ​នានា​ដើម្បី​រឹតត្បិត​ការកើនឡើង​សីតុណ្ហភាព​​ពិភពលោក​។​

​កិច្ចប្រជុំ​ទាំងនោះ​ត្រូវបាន​គេ​ហៅថា COPs ដែល​តំណាងឱ្យ “​សន្និសីទ​នៃ​ភាគី​ទាំងឡាយ​”​។ ភាគី​គឺ​ជា​ប្រទេស​ចូលរួម​ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អាកាសធាតុ​ដើម​របស់​អ​.​ស​.​ប​ក្នុង​ឆ្នាំ ១៩៩២​។​

COP27 គឺជា​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​លើក​ទី ២៧ របស់​អ​.​ស​.​ប​ស្តីពី​អាកាសធាតុ​។ វា​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​សាម​អែល​សេក (Sharm el-Sheikh) រហូត​ដល់​ថ្ងៃទី ១៨ ខែវិច្ឆិកា​។​

​ហេតុអ្វី​បានជា COP27 មាន​សារៈសំខាន់​?

​ពិភពលោក​កំពុង​ឡើង​កម្តៅ​ដោយសារតែ​ការបំភាយ​ឧស្ម័ន​ដែល​ផលិត​ដោយ​មនុស្ស ភាគច្រើន​ចេញពី​ការដុត​ឥន្ធនៈហ្វូស៊ីល​ដូចជា​ប្រេង ឧស្ម័ន និង ធ្យូង​ថ្ម​។​

​យោង​តាម​ក្រុម​អ្នកវិទ្យាសាស្ត្រ​អាកាសធាតុ​របស់​អង្គការសហប្រជាជាតិ គឺ ក្រុមប្រឹក្សា​អន្តររដ្ឋាភិបាល​ស្តីពី​ការប្រែប្រួល​អាកាសធាតុ (IPCC) បានឱ្យដឹងថា សីតុណ្ហភាព​សកល​បាន​កើនឡើង ១,១ អង្សា​សេ និង កំពុង​ឆ្ពោះទៅរក ១,៥ អង្សា​សេ​។​

​ប្រសិនបើ​សីតុណ្ហភាព​កើនឡើង​ពី ១,៧ ទៅ ១,៨ អង្សា​សេ លើស​ពី​កម្រិត​ទសវត្សរ៍​ឆ្នាំ ១៨៥០ IPCC ប៉ាន់ប្រមាណ​ថា ប្រជាជន​ពាក់កណ្តាល​ពិភពលោក​អាច​ប្រឈម​នឹង​កម្តៅ​និង​សំណើម​ដែល​គំរាម​​កំហែង​ដល់​អាយុជីវិត​។​

​ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ ប្រទេស​ចំនួន ១៩៤ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ក្នុង​ឆ្នាំ ២០១៥ ដោយ​សន្យាថា​នឹង “​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​” ដើម្បី​រឹតត្បិត​ការកើនឡើង​សីតុណ្ហភាព​ពិភពលោក​ឱ្យ​នៅ​ត្រឹម ១,៥ អង្សា​សេ​៕

មេដឹកនាំ​ពិភពលោក​កំពុង​ពិភាក្សា​អំពី​សកម្មភាព​ដើម្បី​ដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ​នៅឯ​កិច្ចប្រជុំ​កំពូល​អាកាសធាតុ COP27 នៅ​ប្រទេស​អេ​ហ្ស៊ី