ដោយៈ សុផល / ព្រះសីហនុ៖ ការនាំយកផលិតផលក្នុងស្រុក ដាក់តាំងពិព័រណ៍ និងលក់ជូន ភ្ញៀវទេសចរ ត្រូវបានលើកទឹកចិត្ត ឱ្យចូលរួមតាំងបង្ហាញ ក្នុងព្រឹត្តិការណ៍ទេសចរណ៍នានា ប៉ុន្តែម្ចាស់អាជីវកម្ម ឬម្ចាស់ផលិតផល ក៏ត្រូវគិតអំពីលទ្ធភាពរបស់អតិថិជន និងកំណត់តម្លៃ សមរម្យផងដែរ។ នេះជាការលើកឡើងរបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

យោងតាមផេកហ្វេសប៊ុករបស់ក្រសួងទេសចរណ៍ នាថ្ងៃទី១០ ខែវិច្ឆិកា បានឱ្យដឹងថាៈ នាឱកាសចូលរួមទស្សនា សាលពិព័រណ៍ពាណិជ្ជកម្ម ឆ្នាំ២០២២ (Cambodia Biz fair 2022) នៅខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកទឹកចិត្តឱ្យនាំយកផលិតផលក្នុងស្រុក ទូទាំងប្រទេសកម្ពុជា ​មកដាក់តាំងពិព័រណ៍​ក្នុងព្រឹត្តិការណ៍ទេសចរណ៍នានា ដើម្បីចូលរួមលើកស្ទួយផលិតផលក្នុងស្រុក ជំរុញជីវភាព ប្រជាពលរដ្ឋមូលដ្ឋាន ដែលជាអ្នកផលិត ព្រមទាំងអាចបង្ហាញប្រាប់ភ្ញៀវទេសចរ ឬអ្នកទិញ ឱ្យបានដឹងពីទីតាំងផលិត ប្រភពដែលជឿទុកចិត្ត និងទីផ្សារលក់ផលិតផលទាំងនោះជាដើម។

លោករដ្ឋមន្ត្រី បានថ្លែងថាៈ «ការនាំយកផលិតផលក្នុងស្រុក មកតាំងបង្ហាញជូនភ្ញៀវទេសចរ ជាការចេញចូលនៅនឹងកន្លែង ម្យ៉ាងទៀត ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ មកឃើញ ផលិតផល នៅកន្លែងតាំងពិព័រណ៍ ពួកគាត់នឹងអាចដឹងពីទីតាំងផលិត និងលក់ចែកចាយ នៅតាមទីផ្សារផ្សេងទៀត»។

លោករដ្ឋមន្ត្រី បានបន្តថាៈ ការតាំងពិព័រណ៍ផលិតផល ដែលគាំទ្រដល់វិស័យទេសចរណ៍ គឺជាការបន្ថែមភាពទាក់ទាញ មួយកម្រិតទៀត សម្រាប់គោលដៅទេសចរណ៍នីមួយៗ។ គោលដៅទេសចរណ៍ល្អ ត្រូវមានផលិតផលល្អ និងទាក់ទាញ ហើយផលិតផលទាំងនោះ ក៏ត្រូវមានតម្លៃសមស្របដែរ។

គួរជម្រាបថា ពិព័រណ៍ពាណិជ្ជកម្ម ឆ្នាំ២០២២ (Cambodia Biz fair 2022) នៅខេត្តព្រះសីហនុ មានរយៈពេល ៥ ថ្ងៃ គិតចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមការដឹកនាំ រៀបចំ ដោយសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក ប្រចាំនៅកម្ពុជា សហការជាមួយ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ។ ក្នុងព្រឹត្តិការណ៍នេះ មានស្ដង់​ផលិតផលចម្រុះ សរុបចំនួន ២៥០ ស្តង់ ក្នុងនោះមានក្រុមហ៊ុនអន្តរជាតិ ជាអ្នកទិញ ចូលរួមជិត ៧៥ ក្រុមហ៊ុន ព្រមទាំងមានការចូលរួម ពីសំណាក់ធុរជនអន្តរជាតិ ​ចំនួន ៨ ប្រទេស​ ក្នុងតំបន់អាស៊ាន ចិន ឥណ្ឌា តួកគី ជាដើម៕/V-PC