ដោយៈបូព៌ព្រឹក្ស/ភ្នំពេញ៖អគ្គលេខាធិការអង្គការសហប្រជាជាតិ(អ.ស.ប) លោក អាន់តូនីញ៉ូ គូតេរ៉េស នឹងធ្វើទស្សនកិច្ចទៅកាន់ សារមន្ទីរឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ទួលស្លែង អំឡុងពេលលោកអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននិងអង្គការសហប្រជាជាតិ លើកទី១២ និងព្រឹត្តិការណ៍ពាក់ព័ន្ធនានានៅរាជធានីភ្នំពេញ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកសម្របសម្រួលអ.ស.ប ប្រចាំកម្ពុជានៅថ្ងៃទី១០ខែវិច្ឆិកានេះបានឱ្យដឹងថា ថ្ងៃសៅរ៍ទី១៣ ខែវិច្ឆិកាវេលាម៉ោង ១២:៥៥ ដល់ ១៣:១០ លោក អាន់តូនីញ៉ូ គូតេរ៉េស (Antonio Guterres)អគ្គលេខាធិការអ.ស.ប (UNSG)និងគណៈប្រតិភូនឹងធ្វើទស្សនកិច្ចទៅកាន់សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង នៅរាជធានីភ្នំពេញ។

ប្រភពដដែលបន្តថា ការិយាល័យអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានសូមអញ្ជើញអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចូលរួមក្នុងពិធីថ្លែងសុន្ទរកថារបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ជាមួយអ្នកសារព័ត៌មានបន្ទាប់ពីលោកបញ្ចប់ ទស្សនកិច្ចនៅសារមន្ទីរនេះ។ សុន្ទរកថារបស់ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិនឹងធ្វើឡើងនៅបរិវេណសារមន្ទីរផ្ទាល់។
សម្រាប់ព័ត៌មានបន្ថែម និងបញ្ជាក់ការចូលរួម សូមទាក់ទងទៅកាន់កញ្ញា កែវ ស្រីស្រស់ មន្ត្រីទំនាក់ទំនងកម្មវិធី និងតស៊ូមតិ នៃការិយាល័យអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា តាមរយៈ [email protected] ឬ (+855) 11 88 57 66។

សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ទួលស្លែងជា​បូជនីយដ្ឋាន​នៃ​ការ​ចង​ចាំ​ពី​ព្រឹត្តិការណ៍​ដែល​កើត​ឡើង​ក្នុង​អតីត​ “មន្ទីរសន្ដិសុខ២១ ឬស-២១” ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​(សម័យ​ខ្មែរ​ក្រហម)​។ អតីត​មន្ទីរ​ឃុំ​ឃាំង​នេះ ស្ថិត​នៅចំ​កណ្តាល​ទី​ក្រុង​ភ្នំពេញ​ដែល​​​ស្ងាត់​ជ្រងំ ក្រោយ​ខ្មែរ​ក្រហម​ជម្លៀស​ប្រជាជន​ទាំង​អស់​ចេញ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥។សារមន្ទីរ​នេះស្ថិតនៅផ្លូវ​លេខ១១៣ សង្កាត់​បឹងកេងកង៣ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។

យោងតាមឯកសារបង្ហាញថា មន្ទីរ​ស‑២១ ជា​មណ្ឌល​កណ្តាល​ដ៏​ធំ​មួយ​នៃ​ប្រព័ន្ធ​គុក​នៅ​ទូទាំង​ប្រទេស ហើយ​គុក​នេះ​ក៏​ជា​កន្លែង​សម្ងាត់សម្រាប់​ឃុំឃាំង សួរ​ចម្លើយ ធ្វើ​ទារុណកម្ម និង​កំទេច​អ្នក​ដែល​ត្រូវ​ចាត់​ទុក​ថា​ជា “អ្នក​ទោស​នយោបាយ” របស់​របប​នេះ​។ ខ្មែរ​ក្រហម​ចាប់​យក​អ្នក​ទោស​មក​ឃុំ​ឃាំង​ទាំង​ក្រុម​គ្រួសារដោយផ្អែកលើគោលនយោបាយដាក់កំហុសជាប្រព័ន្ធ។អ្នកទោសមួយចំនួនតូចត្រូវ ខ្មែរក្រហមដោះលែងក្រោយចាប់មកឃុំឃាំងនៅមន្ទីរស-២១ នៅក្រោមការគ្រប់គ្រងរបស់ខ្លួនចន្លោះឆ្នាំ១៩៧៥-១៩៧៩ ហើយក្នុង ចំណោមនោះមានតែជនរងគ្រោះ១២នាក់តែប៉ុណ្ណោះដែលមានជីវិតនៅពេលដែលកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិបានរំដោះទីក្រុងភ្នំពេញ។ ក្នុងចំណោមជនរងគ្រោះ១២នាក់មានកុមារ៤នាក់។

មន្ទីរ​ឃុំ​ឃាំង​ស-២១ មាន​បុគ្គលិក​បម្រើ​ការ​ផ្ទាល់​និង​ប្រយោល​ប្រមាណ​១.៧២០នាក់​។ បុគ្គលិក​ភាគ​ច្រើន ​ជា​កម្មករ​បម្រើ​ការងារ​ទូទៅ​ដោយ​រាប់​បញ្ចូល​ទាំង​អ្នក​ដាំ​ស្ល រី​ឯ​បុគ្គលិក​មួយ​ចំនួន​ទៀត បម្រើ​ការ​ផ្ទាល់​នៅ​ផ្នែក​រដ្ឋបាល យាមកាម និង​សួរ​ចម្លើយ​អ្នក​ទោស។

យោងតាមឯកសារបង្ហាញថា ជនរងគ្រោះចំនួន ១២.២៧២ នាក់ ដែលបានជាប់ឃុំឃាំងខុសច្បាប់នៅ គុកទួលស្លែង (មន្ទីរ ស-២១) ក្នុងរបបកម្ពុជាប្រជាធិបតេយ្យនៅចន្លោះឆ្នាំ ១៩៧៥ ដល់ ១៩៧៩។  នៅទីនោះពួកគេបានស្ថិតនៅក្នុងស្ថានភាពអមនុស្សធម៌ និងត្រូវបានគេបង្ខំឲ្យធ្វើការងារ ត្រូវទទួលរងទារុណកម្ម ត្រូវបានសម្លាប់ និងត្រូវបាត់បង់ជីវិតនៅវាលពិឃាតជើងឯក និងព្រៃស (មន្ទីរ ស-២៤) ដែលជាការដ្ឋានបង្ខំឲ្យធ្វើការងារ ។

លោក អាន់តូនីញ៉ូ គូតេរ៉េស ជនជាតិព័រទុយហ្កាល់ត្រូវបានតែងតាំងជាអគ្គលេខាអ.ស.ប នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៧មកដល់បច្ចុប្បន្ននេះ៕សរន

(រូបថតសារមន្ទីរឧក្រិដ្ឋប្រល័យពូជសាសន៍ទួលស្លែង)