ដោយៈសុផល/ខេត្តត្បូងឃ្មុំ : ក្រសួងទេសចរណ៍នារសៀលថ្ងៃទី១០ខែវិច្ឆិកា បានឱ្យដឹងថាខេត្តត្បូងឃ្មុំទទួលបានភ្ញៀវទេសចរជាង ២៣ ម៉ឺននាក់ ក្នុងពិធីបុណ្យអុំទូក លយប្រទីប អកអំបុក សំពះព្រះខែ និងតាំងពិព៍រណ៍ភូមិ ១ ផលិតផល ១ ក្នុងឆ្នាំ ២០២២ នេះ ក្នុងរយ:ពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២២ ។

លោក អឿន រឹទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ បានឲ្យដឹងនៅព្រឹកថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២២ ថា រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២២រដ្ឋបាលខេត្ត ត្បូងឃ្មុំ បានរៀបចំពិធីបុណ្យអុំទូក អកអំបុក លយប្រទីប និងបាញ់កាំជ្រួច នៅរមណីយដ្ឋានហ្លួងព្រះស្តេចកន ហើយនៅរដ្ឋបាលខេត្តត្បូងឃ្មុំក៏មានការប្រគុំតន្រ្តីខ្នាតធំ លយប្រទីប និងបាញ់កាំជ្រួចផងដែរមានភ្ញៀវមកកម្សាន្តតាមតំបន់រមណីយដ្ឋាន នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សរុបប្រមាណ ២៣៣.៩៨៦ នាក់ ភ្ញៀវអន្តរជាតិក្នុងស្រុក ៩ នាក់ បើប្រៀបធៀបនឹងឆ្នាំ ២០២១ មានភ្ញៀវសរុបតែ ៣.៥០៨ នាក់ មានការកើនឡើងចំនួន ៦.៥៧០,០៦ % ។

លោក អឿន រិទ្ធិ បន្តថា ក្នុងនោះផងដែរមន្រ្តីមន្ទីរទេសចរណ៍បានផ្សព្វផ្សាយ វិធានការរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ពិសេសវិធានការ ៣ការពារ ៣កុំ ផ្សព្វផ្សាយ ដើម្បីពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់ដាប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី ដែលត្រូវបានដាក់ឲ្យអនុវត្តដោយក្រសួងទេសចរណ៍ បានណែនាំឲ្យម្ចាស់អាជីវកម្មរក្សាតម្លៃផលិតផល និងសេវាឲ្យបានសមរម្យ ហើយសរសេរតម្លៃឲ្យបានច្បាស់លាស់ក្នុងបញ្ជីមុខម្ហូប សម្រាប់ជូនភ្ញៀវដឹងមុន បានចងបដាផ្សព្វផ្សាយ “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ” ក្នុងរមណីយដ្ឋានទេសចរណ៍ បានជួយណែនាំឲ្យភ្ញៀវទេសចរដែលទៅកម្សាន្តនៅតំបន់រមណីយដ្ឋានឲ្យពួកគាត់វេចខ្ចប់ ទុកដាក់សម្រាមក្នុងធុងសម្រាម និងត្រូវជួយថែរក្សាបរិស្ថានជាដើម៕​ N