ដោយ៖តារារិទ្ធ(ភ្នំពេញ)នៅវេលារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានអាស៊ានព្រមទាំងមេដឹក នាំកំពូលប្រទេសសមាជិកអាស៊ានបានអញ្ជើញចូលរួមប្រជុំជាមួយអន្តរសភាអាស៊ាន (អាយប៉ា-AIPA)ដែលរៀបចំឡើងនៅសណ្ឋាគារសុខាភ្នំពេញ ។

កិច្ចប្រជុំទល់មុខគ្នារវាងមេដឹកនាំអាស៊ាននិងអន្តរសភាអាស៊ានដែលបានរៀបចំឡើងនៅរាល់កិច្ចប្រជុំកំពូលអាស៊ានគឺជាជំនួបផ្លូវការកម្រិតខ្ពស់បំផុតរបស់អាស៊ាន និងអន្តរសភា អាស៊ានដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរនិងដើម្បីពិភាក្សាស៊ីជម្រៅលើកិច្ចការរបស់អាស៊ាននៅគ្រប់កម្រិតក្នុងន័យឆ្ពោះទៅរកគោលបំណងរួមរបស់ អាស៊ានគឺសន្តិភាព ស្ថិរភាព និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពជាមួយការពន្លឿន និង ជំរុញឱ្យសម្រេចបាននូវសហគមន៍អាស៊ានមួយនិងត្រៀមខ្លួនសម្រាប់ការពង្រីក អាស៊ាននាពេលអនាគត។

គណៈប្រតិភូសភានៃបណ្តាប្រទេសជាសមាជិកអាយប៉ានឹងនាំយកនូវធាតុចូលដែលជាទស្សនៈរួមក្នុងនាមប្រទេសជាសមាជិកអាយប៉ា ដាក់បញ្ចូលទៅក្នុង សារដែលនឹងត្រូវថ្លែងដោយ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានិងជាប្រធានប្តូរវេនអាយប៉ាលើកទី ៤៣ នៅចំពោះមុខថ្នាក់ដឹកនាំអាស៊ាន។

សូមរំលឹកថា កិច្ចប្រជុំរវាងថ្នាក់ដឹកនាំអាស៊ាន និងអាយប៉ា លើកទី១ ត្រូវបានចាប់ផ្តើមអនុវត្តន៍ជាលើកដំបូង នាកិច្ចប្រជុំកំពូលអាស៊ានលើកទី១៤ នៅឆ្នាំ២០០៩នៅខេត្តហ៊ួហ៉ីន ប្រទេសថៃក្រោមគំនិតផ្តួចផ្តើមរបស់សភាប្រទេសសមាជិកអាយប៉ានិងអាស៊ាន។ ចាប់ពីពេលនោះមកកិច្ចប្រជុំនេះបានប្រព្រឹត្ត ទៅចំនួន១០លើករួចមកហើយដែលលើកចុង ក្រោយ នៅឆ្នាំ២០២០ ធ្វើនៅទីក្រុងហាណូយ ប្រទេសវៀតណាម តាមប្រព័ន្ធនិម្មិត (ប្រព័ន្ធវីដេអូ)។ ឆ្នាំនេះជាកិច្ចប្រជុំលើកទី១១ ដែលសភាកម្ពុជា ទទួលរៀបចំនិងដឹកនាំកិច្ចប្រជុំទល់មុខគ្នា រវាងអាស៊ាន និងអាយប៉ានេះ។

គណៈប្រតិភូសភានៃបណ្ដាប្រទេសសមាជិកអាយប៉ាដែលបានចូលរួមកិច្ចប្រជុំទល់មុខគ្នារវាងអាស៊ាននិងអាយប៉ានោះរួមមាន៖ គណៈប្រតិភូសភានៃប្រទេ សព្រុយណេដារូស្សាឡឹម កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន សិង្ហបុរី ថៃ និង ប្រទេសវៀតណាម៕