​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ រុស្ស៊ី​បានប្រកាស​ដកទ័ព​ចេញពី​ទី​ក្រុងឃើ​សុន​ភាគខាងត្បូង​អ៊ុយ​ក្រែន​ដែល​ខ្លួន​បាន​វាយ​ដណ្តើមយក​កាលពីដើម​សង្គ្រាម​ហើយ​ការជាប់គាំង​ក្នុងការ​ប្រយុទ្ធ​គ្នា​នៅ​រដូវរងារ​​ខាងមុខ​នេះ​អាច​ផ្តល់​ឳ​កាស​សំរាប់​ការចរចា​រក​សន្តិភាព នេះ​បើ​តាម​ឧត្តមសេនីយ៍និង ម៉ាក មី​ល​លី នាយសេនាធិការ​កងទ័ព​ចំរុះ​អាម៉េរិក​។​

​លោក​បាន​និយាយថា ជន​ស៊ីវិល​អ៊ុយ​ក្រែន​ដល់​ទៅ​៤០.០០០​នាក់​និង​ទាហាន​រុស្ស៊ី​ដល់​ទៅ​១០០.០០០​នាក់​ត្រូវបាន​សម្លាប់​ឬ​រងរបួស​ក្នុង​សង្គ្រាម​ដែល​ឥឡូវ​ឈានដល់​ខែ​ទី​ប្រាំបួន​។​ការស្លាប់​និង​របួស​ក្នុង​ចំនួន​​ប្រហាក់ប្រហែល​គ្នា​ក៏​អាច​កើតមាន​លើ​ភាគី​កងកម្លាំង​អ៊ុយ​ក្រែន​ផងដែរ​។​

​លោក​បាន​និយាយ​នៅ​ក្លឹប​សេដ្ឋកិច្ច​របស់​ក្រុង​ញូ​វ​យ៉​ក​ថា «​មាន​ការខូចខាត​បាត់​បង់​ធំធេង ការរង​ទុក្ខ​របស់​មនុស្ស​»​។​

​ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡេន​ស្គី បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា លោក​បើកទ្វារ​សំរាប់​កិច្ច​ពិភាក្សា​រក​សន្តិភាព​ជាមួយ​រុស្ស៊ី​ដើម្បី​បញ្ចប់​សង្គ្រាម តែ​ទាល់តែ​ក្នុង​លក្ខខណ្ឌ​មួយ​គឺ​​ថា​រុស្ស៊ី​ព្រមប្រគល់​ទឹកដី​ដែល​ខ្លួន​វាយ​កាន់កាប់​មកវិញ​ទាំងអស់ ផ្តល់​សំណង​សំរាប់​ការខូចខាត​បង្ក​ឡើង​ដោយ​សង្គ្រាម និង​ដាក់ទោស​ឧក្រិដ្ឋជន​សង្គ្រាម​។​

​ចំណែក​រុស្ស៊ី​បានបញ្ជាក់​ថា​ខ្លួន​ក៏​បើកទ្វារ​សំរាប់​កិច្ចពិភាក្សា តែ​មិន​និយាយ​អំពី​ទឹកដី​ដែល​ខ្លួន​ទើប​កាត់​បញ្ចូល​ក្នុង​ប្រទេស​រុស្ស៊ី​ទេ​។​

​ឧត្តមសេនីយ៍និង ម៉ាក មី​ល​លី បាន​និយាយទៀតថា រុស្ស៊ី​ផ្តុំ​កម្លាំង​២០.០០០​ទៅ​៣០.០០០​នាក់​នៅ​តំបន់​ឃើ​សុន​ហើយ​ការដកចេញ​ណាមួយ​ពី​ទីក្រុង​នេះ​នឹង​ត្រូវ​ចំណាយ​ពេល​រាប់​សប្តាហ៍​។​លោក​ថា​«​មាន​សញ្ញា​​បង្ហាញថា​ពួកគេ​នឹង​ធ្វើ​រឿងនេះ ពួកគេ​បាន​ប្រកាស​ជា​សាធារណៈ​ថា​នឹង​ដកទ័ព​។​ខ្ញុំ​ជឿថា​ពួកគេ​នឹង​ធ្វើ​វា​ដើម្បី​រក្សា​កម្លាំង​និង​ពង្រឹង​ខ្សែការពារ​ឡើងវិញ​នៅ​ខាងត្បូង​ទន្លេ​ឌី​នី​ភើ តែ​អ្វីៗ​នៅ​រង់ចាំ​មើល​​សិន​»​។​

​លោក​បាន​បន្តថា វា​អាច​ទៅរួច​ដែល​រុស្ស៊ី​នឹង​ប្រើ​ការដកថយ​នេះ​ដើម្បី​រៀបចំ​ទ័ព​ឡើងវិញ​សំរាប់​ការវាយប្រហារ​នៅ​រដូវរំហើយ តែ​ក៏​មាន​ឳ​កាស​មួយសំរាប់​ការចរចា​ដែរ៕

​ឧត្តមសេនីយ៍និង ម៉ាក មី​ល​លី នាយសេនាធិការ​កងទ័ព​ចំរុះ​អាម៉េរិក​