​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖ គ្រូបង្វឹក​កូរ៉េខាងត្បូង​លោក ប៉ូ​ឡូ បិ​នតូ (Paulo Bento) បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១០​វិច្ឆិកា​ថា កីឡាករ ហុង​មីន ស៊ុន ដែល​រងរបួស នឹង “​ពិតជា​” ត្រូវ​ជ្រើសរើស​នៅក្នុង​ក្រុម​វើល​ខាប់​របស់គាត់ ប៉ុន្តែ​មិន​អាច​និយាយបាន​ថា​តើ​ប្រធាន​ក្រុម​របស់​គាត់​នឹង​អាច​លេង​ការប្រកួត​ដំបូង​របស់​ប្រទេស​ក្នុង​ប្រទេស​កាតា​នៅពេលណា​នោះទេ​។​

​ខ្សែប្រយុទ្ធ​របស់ Tottenham រូបនេះ​បាន​ទទួល​ការវះកាត់​ដោយ​ជោគជ័យ​ដើម្បី​ជួសជុល​ការ​បាក់ឆ្អឹង​ភ្នែក​ក្នុង​ការប្រកួត Champions League ឈ្នះ ២-១ លើ​ក្រុម Marseille​កាលពី​​ប្រាំបួន​ថ្ងៃមុន​។​

​ស៊ុន​បាន​សរសេរ​នៅលើ​ទំព័រ Instagram របស់​គាត់​កាលពី​ថ្ងៃ​ពុធ​ថា ការ​លេង​នៅវើ​លខាប់​គឺជា​ក្តី​សុបិន​កាលពី​កុមារភាព​របស់គាត់ ហើយ​ថា​គាត់​”​មិន​អាច​ត្រាំ​រង់ចាំ​តំណាង​ឱ្យ​ប្រទេស​ដ៏​ស្រស់​​ស្អាត​របស់​យើង​បានទេ​”​។​

​លោ​កបិន​តូ​បាន​ច្រានចោល​ការព្រួយបារម្ភ​អំពី​ស៊ុន​ខកខាន​ការប្រកួត​វើល​ខាប់ ខណៈ​ការប្រកួត​ដំបូង​របស់​កូរ៉េ​ខាងត្បូង​ក្នុង​ពូ​ល H ជាមួយ​អ៊ុយ​រូ​ហ្គាយ​នៅ​ថ្ងៃទី ២៤​ខែ​វិច្ឆិកា​គឺ​នៅសល់តែ​​ពីរ​សប្តាហ៍​ទៀត​ប៉ុណ្ណោះ​នឹង​ចូលមក​ដល់​។​

​លោ​កបិន​តូ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា “​ពិត​ណាស់​គាត់​នឹង​ត្រូវបាន​ជ្រើសរើស​”​។​

​ប៉ុន្តែ​គាត់​បាន​និយាយថា ស៊ុន​គួរតែ​ត្រូវបាន​ផ្តល់​ពេល​គ្រប់គ្រាន់​ដើម្បី “​ជាសះស្បើយ​តាម​ដែល​អាច​ធ្វើទៅបាន​”​។​

​លោ​កបិន​តូ​បាន​និយាយថា “​អំពី​ទិដ្ឋភាព​ផ្សេងទៀត យើង​គួរតែ​ពិនិត្យ​មើល ហើយ​យើង​គួរតែ​វិភាគ​ពី​មួយថ្ងៃ​ទៅមួយថ្ងៃ​។ ឱ្យ​គាត់​ចូលរួម​សិន​។ យើង​នៅ​មាន​ពេល​ដើម្បី​ធ្វើការ​សម្រេចចិត្ត​ត្រឹមត្រូវ ហើយ​ជា​ការសម្រេច​ចិត្តល្អ​បំផុត​សម្រាប់​យើងទាំងអស់គ្នា​”៕

ស៊ុន​នឹង​មាន​វត្តមាន​ក្នុង​ក្រុម​វើល​ខាប់​របស់​កូរ៉េ​ខាងត្បូ​ង