ដោយៈសុផល/ភ្នំពេញ៖​​ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអន្តរសភាអាស៊ានលើកទី៤៣ (AIPA) បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អាយប៉ា ជួបប្រជុំទល់មុខ ជាមួយប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាលអាស៊ាន ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន អាស៊ានឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ នារសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

នៅក្នុងកិច្ចប្រជុំនេះ សម្តេចហេង សំរិន បានមានប្រសាសន៍លើកឡើងថា៖ សព្វថ្ងៃនេះ អាស៊ាន ក៏ដូចជាប្រទេសដទៃនៅលើសកលលោក កំពុងស្ថិតនៅក្នុងចំណុចមួយប្រឈមទៅនឹងបញ្ហាកាន់តែស្មុគស្មាញ។ សម្តេចបានបញ្ជាក់ថា ការទូតសភាកាន់តែមានសារៈសំខាន់ខ្លាំងឡើង ក្នុងការបង្កើតនូវវិធីសាស្រ្តពហុភាគី ដើម្បីដោះស្រាយបញ្ហាដ៏ស្មុគស្មាញទាំងនេះ ដោយផ្អែកលើគុណតម្លៃរួមរបស់AIPA ដូចមានចែងនៅក្នុងលក្ខន្តិកៈ ដូចជាការលើកកម្ពស់គោលការណ៍សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ សន្តិភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់អាស៊ាន។

ជំនួបប្រជុំទល់មុខរវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិអាស៊ាន ជាព្រឹត្តិការណ៍សំខាន់មួយនៃកិច្ចប្រជុំកំពូលអាស៊ាន ដើម្បី AIPA ដែលជាស្ថាប័ននីតិប្បញ្ញត្តិ និងអាស៊ានដែលជាស្ថាប័ន នីតិប្រតិបត្តិ ស្វែងយល់អំពីសភាពការណ៍រួមធ្វើបច្ចុប្បភាពនៃកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរទស្សនៈ បទពិសោធន៍ពីគ្នាទៅវិញទៅមក នៅលើទិសដៅរួមមួយ គឺវិបុលភាពរបស់ពលរដ្ឋអាស៊ាន។

ប្រធានអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ បានមានប្រសាសន៍បន្តថា AIPA សូមគាំទ្រយ៉ាងពេញទំហឹងចំពោះមូលបទដែលត្រូវបានជ្រើសរើស សម្រាប់កិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២៣ គឺ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា” ដែលជាមូលបទ មានសារៈសំខាន់ និងស្របតាមបរិបទពិភពលោកដែលកំពុងវិវត្ត និងផ្លាស់ប្តូរយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ននេះ។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា សម្រាប់មហាសន្និបាតអាយប៉ា ដែលនឹងប្រព្រឹត្តទៅនៅចុងខែនេះ នឹងជ្រើសរើសមូលបទ “កាបោះជំហ៊ានជាមួយគ្នាដើម្បីតំបន់អាស៊ានមួយប្រកប ដោយចីរភាព បរិយាប័ន្ន និងភាពធន់”ផ្តោតលើការស្តារសេដ្ឋកិច្ចសង្គមឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ ក៏ដូចជាការពង្រឹងពហុភាគីនិយម ដើម្បីធានាសន្តិភាព និងសន្តិសុខក្នុងតំបន់។

សូមជម្រាបថា ក្នុងនាមប្រធានអន្តរសភាអាស៊ានប្តូរវេននៅក្នុងឆ្នាំ២០២២នេះ សភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាត AIPA លើកទី៤៣ ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកានេះដែរ បន្ទាប់ពីខាងរាជរដ្ឋាភិបាល ដែលជាប្រធានអាស៊ានឆ្នាំ២០២២ រៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធនាពេលនេះ។

សម្តេច ហេង សំរិន បានលើកឡើងថា កិច្ចសន្ទនា និងការពិគ្រោះយោបល់នាពេលនេះ នឹងផ្តល់នូវលទ្ធផលដ៏ប្រសើរ ដោយធានាបានថា ឯកភាព និងមជ្ឈភាពរបស់ អាស៊ាននឹងត្រូវរក្សាបាន យើងអាចធ្វើការងាររួមគ្នា ដើម្បីជំរុញឲ្យការងើបឡើងវិញពីជំងឺរាតត្បាតនេះ កាន់តែមានភាពរឹងមាំនិងល្អប្រសើរជាងមុន ហើយធ្វើយ៉ាងណាដើម្បីពង្រឹង មូលដ្ឋានគ្រឹះសំដៅសម្រេចបាននូវសហគមន៍អាស៊ានមួយដែលមានភាពធន់ និងប្រកបដោយវិបុលភាព៕ N