ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង​ និងយោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម បានចុះហត្ថលេខា លើកំណត់ហេតុបន្តសហការស្រាវជ្រាវ រុករកជីកលើក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុ របស់កងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ជំហានទី២២ ឆ្នាំ ២០២២-២០២៣ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ នៅទីបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង​។

ពិធីនេះ បានធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ មុំ សុភាព មេបញ្ជាការរង យោធភូមិភាគពិសេស តំណាងលោកឧត្តមសេនីយ៍ឯក ពូសាប៊ុតឌី មេបញ្ជាការរង កងទព័ជើងគោក និងលោកឧត្តមសេនីយ៍ត្រី ជន ថាញ់ស្វឺន អនុប្រធាននយោបាយ និងជា ប្រធានចង្អុលការ ៥១៥ យោធភូមិភាគទី៩ នៃកងទព័ប្រជាជនវៀតណាម និងមានការចូលរួម ពីលោក នៃ ចារី អភិបាលរងខេត្ត ជាតំណាងលោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា និងជាអនុ ប្រធានអចិន្ត្រៃយ៍ គណៈកម្មការជំនាញថ្នាក់ខេត្ត បានចុះពិធីហត្ថលេខា បន្តកិច្ចសហ ប្រតិបត្តិការរុករក ជីកលើក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុ កងទព័ស្ម័គ្រចិត្តវៀតណាម និង ជំនាញការវៀតណាម គ្រប់សម័យសង្គ្រាម ក្នុងភូមិសាស្ត្រខេត្ត ជំនាន់ទី២២ ក្នុងរដូវប្រាំង ឆ្នាំ២០២២ និង ២០២៣ នេះ។ លោកបានបញ្ជាក់ថាៈ គណ:កម្មការជំនាញខេត្ត បានសហការ ជាមួយក្រុម K90 របស់យោធភូមិភាគទី៩ បានចុះស្រាវជ្រាវរុករក ជីកលើក និងបានធ្វើ មាតុភូមិនិវត្តន៍អដ្ឋិធាតុ រួចចាប់ពីរដូវប្រាំង ឆ្នាំ២០០២ និង ២០០៣ មកដល់រដូវប្រាំង ឆ្នាំ២០២១ ដល់ឆ្នាំ២០២២ សរុបចំនួន ៣៦៣ សព រួចមកហើយ។

លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បានមានប្រសាសន៍ថាៈ លទ្ធផលសម្រេចបានខាងលើ អាស្រ័យដោយមានការយកចិត្តទុកដាក់ គ្រប់បែបយ៉ាង និងចង្អុលការផ្ទាល់ពីលោក មេបញ្ជាការ យោធភូមិភាគពិសេស គណៈបញ្ជាការជំនាញ យោធភូមិភាគ ពិសេសលោក អភិបាលខេត្ត គណៈកម្មាធិការជំនាញខេត្ត ព្រមទាំងមានការខិតខំប្រឹងប្រែង សហការរវាង ក្រុមការងារខេត្តកំពង់ឆ្នាំង ជាមួយក្រុម K 90 ដើម្បីបន្តលទ្ធភាព សម្រាប់បម្រើឲ្យ កិច្ចសហប្រតិបត្តិការ រុករក ជីកលើក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុ ជំហានទី ២២ រដូវប្រាំង ឆ្នាំ២០២២ និង ២០២៣ ឲ្យទទួលបានលទ្ធផលល្អ។ គណៈកម្មការជំនាញ ផ្សព្វផ្សាយដល់ អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ឲ្យបំផុសស៊ីជម្រៅ ក្នុងប្រជាពលរដ្ឋ ចូលរួមផ្ដល់ព័ត៌មាន អំពីកន្លែងកប់សព។

លោកឧត្តមសេនីយ៍ត្រី ជន ថាញ់ស្វឺន បានមានប្រសាសន៍ថាៈ ក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យកម្ពុជាមានការរីកចម្រើន តែជាអកុសល ការអាក់ខានដោយ សារតែជំងឺកូវីដ ១៩ ហើយពេលនេះ ប្រទេសកម្ពុជា កំពុងមមាញឹក ក្នុងការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំអាស៊ាន តែយ៉ាងណា ការសហការរវាងកម្ពុជា និងវៀតណាម នៅតែជាមិត្តម៉ឺនឆ្នាំ ប្រកៀកស្មាគ្នា ប្រយុទ្ធសត្រូវរួម ។

លោកឧត្តមសេនីយ៍ត្រី ជន ថាញ់ស្វឺន បានបញ្ជាក់ថាៈ ការចុះហត្ថលេខាលើកំណត់ហេតុ បន្តសហការស្រាវជ្រាវរុករក ជីកលើក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុ របស់កងទ័ពស្ម័គ្រចិត្ត វៀតណាម និងជំនាញការវៀតណាម ជំហានទី២២ នៅរដូវប្រាំង ឆ្នាំ ២០២២ និង ២០២៣ នៅខេត្តកំពង់ឆ្នាំង នៅតែបន្ត ក្នុងនោះ ជាលទ្ធផល ប្រជាពលរដ្ឋ បានផ្ដល់ព័ត៌មានកន្លែង កប់សពថ្មី មួយកន្លែង មានសពចំនួន ៣ នៅចំណុចថ្មចង្ក្រាន ដែលស្ថិតនៅក្នុងភូមិចំបក់ខ្ពស់ ឃុំស្វាយរំពារ ស្រុកកំពង់លែង។​ ក្រៅពីនោះ យើងបន្តរុករកជីកលើក កន្លែងចាស់ៗ ដែលយើងបានរុករកជីកលើក មិនទាន់អស់ ដូចជា នៅស្រុកសាមគ្គីមានជ័យ តំបន់អាចម៍សត្វ ស្រុកកំពង់ត្រឡាច និងស្រុកជលគិរី ព្រមជាមួយនេះ យើងដំណើរការរុករកជីកលើក បណ្ដើរៗ​ និងបន្តស្រាវជ្រាវ ព័ត៌មានបណ្ដើរៗបន្ថែមទៀត។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ មុំ សុភាព និងលោក នៃ ចារី បានបញ្ជាក់ប្រាប់ទៅ ភាគីវៀតណាម និងសហការី K៩០ ត្រូវធ្វើយ៉ាងណា រូតរះ ព្រោះពីមួយថ្ងៃទៅមួយថ្ងៃ ការអភិវឌ្ឍប្រទេសជាតិ ចេះតែមានការវិវត្តទៅមុខជានិច្ច ដែលធ្វើឲ្យកន្លែងខ្លះ ប៉ះពាល់នឹងការជីករុករកអដ្ឋិធាតុ របស់កងទ័ពស្ម័គ្រចិត្តវៀតណាម និងជំនាញការវៀតណាម ពិសេសការស្រាវជ្រាវរាវរក និងក្តាប់ព័ត៌មានពីប្រជាពលរដ្ឋ មាននៅកន្លែងណាខ្លះទៀត ដើម្បីរួមគ្នាសហការធ្វើការគាស់កកាយ យកសាកសព ឱ្យបានទាន់ពេលវេលា៕ V / N