ដោយៈសុផល/ភ្នំពេញ៖លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១០ខែវិច្ឆិកា បានរៀបចំជំនួបពិភាក្សា និងទទួលទានអាហារថ្ងៃត្រង់ស្វាគមន៍គណៈប្រតិភូ ដឹកនាំដោយលោកសាស្ត្រាចារ្យ ក្លូស ស្វាប ( Klaus Schwab )ស្ថាបនិក និងជាប្រធានប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក។

ជំនួបពិភាក្សា និងទទួលទានអាហារថ្ងៃត្រង់នេះរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហការរវាងកម្ពុជា និងវេទិកាសេដ្ឋកិច្ចពិភពលោកឱ្យមានភាពរឹងមាំ និងយូរអង្វែង ជាពិសេសផ្ដោតសំខាន់លើការផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននិងវេទិកាសេដ្ឋកិច្ចពិភពលោកឱ្យមានភាពទូលំទូលាយបន្ថែមទៀតសម្រាប់បច្ចុប្បន្ន និងពេលអនាគត។

លោកទេសរដ្ឋមន្ត្រី បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយក្នុងការទទួលជួបពិភាក្សា និងទទួលទានអាហារថ្ងៃត្រង់ស្វាគមន៍លោកសាស្ត្រាចារ្យ ក្លូស ស្វាបនិងគណៈប្រតិភូ ដែលនេះជាលើកទី១ សម្រាប់លោកសាស្ត្រាចារ្យក្នុងការអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងចូលរួមកិច្ចសន្ទនាសកលអាស៊ាន (ASEAN Global Dialogue) ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ឆ្នាំ២០២២។

ឆ្លៀតក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី បានលើកឡើងថា ការអញ្ជើញមកបំពេញទស្សនកិច្ចនេះ គឺជាឱកាសសម្រាប់លោកសាស្ត្រាចារ្យ និងគណៈប្រតិភូ ដើម្បីស្វែងយល់ និងស្គាល់ច្បាស់អំពីការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ក៏ដូចជាឱកាសក្នុងការផ្សព្វផ្សាយលើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិ។ បន្ទាប់មក លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់វេទិកាសេដ្ឋកិច្ចពិភពលោក ដែលតែងតែបានផ្ដល់កិច្ចសហការល្អ និងការគាំទ្រក្នុងការលើកកម្ពស់ការចូលរួមរបស់កម្ពុជានៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ដោយបានផ្ដល់ឱ្យកម្ពុជានូវឱកាសទាក់ទាញវិនិយោគិន និងធុរជនមកបណ្ដាក់ទុន និងធ្វើពាណិជ្ជកម្មនៅកម្ពុជា ព្រមទាំងបានជួយលើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិ។ បន្ថែមពីលើនេះ ឯកឧត្ដមទេសរដ្ឋមន្ត្រី ក៏បានថ្លែងនូវការកោតសរសើរដល់វេទិកាសេដ្ឋកិច្ចពិភពលោក ដែលបានជួយសម្របសម្រួលឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ាន នៅឆ្នាំ២០១៧ ប្រកបដោយជោគជ័យ និងបានសម្របសម្រួលផ្តួចផ្តើមបង្កើតនូវគម្រោង Closing the Skills Gap Accelerator Project និងកម្មវិធីផ្សេងៗ ដើម្បីជួយលើកកម្ពស់វិស័យសំខាន់ៗរបស់កម្ពុជា ដូចជាការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈលើជំនាញផ្សេងៗផងដែរ។

 

ជាមួយគ្នានោះ លោកសាស្ត្រាចារ្យ ក្លូស ស្វាប បានថ្លែងអំណរគុណដល់គណៈប្រតិភូកម្ពុជា ដែលបានទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅ ជាពិសេសការរៀបចំដំណើរបំពេញទស្សនកិច្ចនៅខេត្តសៀមរាប ដើម្បីស្វែងយល់អំពីសម្បត្តិបេតិកភណ្ឌ និងវប្បធម៌ដ៏ល្បីល្បាញរបស់កម្ពុជា។ លោកសាស្ត្រាចារ្យ ក៏បានបង្ហាញចំណាប់អារម្មណ៍អំពីការមើលឃើញនូវការរីកចម្រើនគួរឱ្យកត់សម្គាល់របស់កម្ពុជា និងមានបំណងចង់បង្កើនកិច្ចសហការរវាងកម្ពុជា និងវេទិកាសេដ្ឋកិច្ចពិភពលោកឱ្យមានភាពរឹងមាំជាងមុន និងយូរអង្វែង ជាពិសេសផ្ដោតសំខាន់លើការផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន និងវេទិកាសេដ្ឋកិច្ចពិភពលោកឱ្យមានភាពទូលំទូលាយបន្ថែមទៀតសម្រាប់បច្ចុប្បន្ន និងពេលអនាគត៕