ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានជម្រាបជូន លោក ហ្វឺឌីណាន់ ម៉ាកូស ជេអរ (Ferdinand Marcos Jr)ប្រធានាធិបតីហ្វីលីពីនថាពាក់ព័ន្ធការនាំអង្ករពីកម្ពុជាទៅកាន់ប្រទេសហ្វីលីពីន ក្រុមហ៊ុនហ្វីលីពីនអាចដាក់ទុនវិនិយោគ ១០០ ភាគរយនៅកម្ពុជាបង្កើតម៉ាស៊ីន កិនស្រូវ ឡសម្ងួត និង ឃ្លាំងស្តុកស្រូវ ដើម្បីធ្វើការសម្ងួតនិងកិនស្រូវនាំចេញទៅកាន់ប្រទេសហ្វីលីពីន ។

សម្តេចតេជោ ហ៊ុន សែន បានជម្រាបជូនលោក ហ្វឺឌីណាន់ ម៉ាកូស ជេអរ នៅក្នុងជំនួបពិភាក្សាទ្វេភាគីកាលពីល្ងាចថ្ងៃទី ១០ ខែ វិច្ឆិកា ២០២២ នៅវិមានសន្តិភាព ។ សម្តេចតេជោ បានបន្តថាពីនោះទៀតក្រុមហ៊ុនហ្វីលីពីនក៏អាចឲ្យកសិករកម្ពុជាធ្វើការដាំដុះដំណាំស្រូវដែលជាតម្រូវការរបស់ប្រជាជនហ្វីលីពីនសម្រាប់នាំចេញទៅប្រទេសហ្វីលីពីនផងដែរ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងបន្ទាប់ពីជំនួបនោះថា៖សម្ដេចតេជោ ហ៊ុន សែន និងលោក ហ្វឺឌីណាន់ ម៉ាកូស បានពិភាក្សា គ្នាអំពីបញ្ហាអាស៊ានធ្វើយ៉ាងណារក្សាឲ្យបាននៅសាមគ្គីភាព និង មជ្ឈភាពអាស៊ាន ។ ពីនោះទៀតសម្ដេចតេជោនិងលោកម៉ាកូបានឯកភាពគ្នាលើការជំរុញកិច្ចសហប្រតិបត្តិការលើ វិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ កសិកម្ម ការនាំអង្ករចេញទៅកាន់ប្រទេសហ្វីលីពីន ព័ត៌មានវិទ្យា ឡូជីស្ទីក និង វិស័យការពារជាតិ ៕