ដោយ៖តារារិទ្ធ(ភ្នំពេញ) សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកបណ្ឌិត ផាន់ខាំ វិផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅ ថែមទៀតលើគ្រប់វិស័យ ។

ការឯកភាពគ្នានេះធ្វើឡើងនៅក្នុងជំនួបពិភាក្សាទ្វេភាគីរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង លោកបណ្ឌិត ផាន់ខាំ វិផាវ៉ាន់ នៅល្ងាចថ្ងៃទី ១០ ខែ វិច្ឆិកា ២០២២ នៅវិមានសន្តិភាព ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោហ៊ុនសែនបានមានប្រសាសន៍ឲ្យដឹងបន្ទាប់ពីជំនួបនោះថា៖សម្ដេចតេជោ ហ៊ុន សែននិងលោកផាន់ខាំ វិផាវ៉ាន់ បានពិភាក្សា លើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិងលើបញ្ហាអាស៊ានផងដែរ ។

សម្ដេចតេជោ និង លោក វិផាវ៉ាន់ បានវាតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិការរវាងប្រទេសទាំងពីរកន្លងមកនិងបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅថែមទៀត លើវិស័យពាណិជ្ជកម្ម,ទេសចរណ៍,ថាមពលនិងការតភ្ជាប់ ដែលជាកត្តាជំរុញកំណើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ។ ពាក់ព័ន្ធនឹងបញ្ហាអាស៊ាន សម្ដេចតេជោនិងលោក វិផាវ៉ាន់ បាន ឯកភាពបន្តសហការគ្នារក្សាសាមគ្គីភាពនិងមជ្ឈភាពអាស៊ានឲ្យបាន ៕