ដោយ៖តារារិទ្ធ(ភ្នំពេញ)៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៅល្ងាចថ្ងៃទី១០ ខែវិច្ឆិកាឆ្នាំ២០២២នេះបានចេញសេចក្តីប្រកាសព័ត៌មានជុំវិញជំនួបពិភាក្សាអំពីកិច្ច សហប្រតិបត្តិការទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង ឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្ត្រីថៃ ដែលបានជួបពិភាក្សាការងារកាលពីព្រឹកថ្ងៃ ១០ ខែ វិច្ឆិកា ២០២២ នៅវិមានសន្តិភាព ។

សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា៖ក្នុងជំនួបនោះនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៏ល្អលើគ្រប់វិស័យដែលកំពុង មាននៅពេលបច្ចុប្បន្នរវាងប្រទេសទាំងពីរដែលឈរលើស្មារតីជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និង ការជឿជាក់គ្នាទៅ វិញទៅមក ។

នាយករដ្ឋមន្រ្តីទាំងពីរបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់នៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះនិងបានឯកភាពគ្នាក្នុង ការពង្រីកនិងធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងដ៏ជិតស្និទ្ធនេះ ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានស្នើឱ្យឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្ត្រីថៃជួយទិញអង្ករកម្ពុជាបន្ថែមទៀតនិងជួយ សម្រួលនីតិវិធីនៃការនាំ ចូលកសិផលកម្ពុជាឆ្លងកាត់ព្រំដែនចូលទៅប្រទេសថៃ។

បន្ថែមលើសពីនេះ ថ្នាក់ដឹកនាំទាំងពីរបានកត់សម្គាល់ដោយការពេញចិត្តចំពោះកំណើននៃការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីចំពេលនៃបញ្ហាប្រឈមនានាបង្កឡើងដោយជំងឺរាតត្បាត កូវីដ-១៩ និងបានពិភាក្សាអំពីវិធានការជាក់ស្តែងដើម្បីជំរុញបន្ថែមទៀតនូវទំហំនៃការផ្លាស់ប្តូរនេះ ឲ្យកើនដល់គោលដៅចំនួន១៥ប៊ីលានដុល្លារអាមេរិក នៅក្នុងរយៈពេល២ឆ្នាំ។

ដើម្បីជំរុញពាណិជ្ជកម្មតាមព្រំដែននិងទំនាក់ទំនងរវាងប្រជាជននិងប្រជាជននាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពប្រគល់ភារកិច្ចដល់អាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរដើម្បីពន្លឿនការបើកដំណើរការច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀននិងការបើកដំណើរការ «ស្ពានមិត្តភាព»ឱ្យបានឆាប់ហើយនិងអនុវត្តកិច្ចព្រមព្រៀងដែលសម្រេចបានក្នុងកិច្ច ប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃនាពេលថ្មីៗនេះដើម្បីជំរុញការអភិវឌ្ឍតំបន់ព្រំដែន។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណរាជរដ្ឋាភិបាលថៃដែលបានជួយសម្រួលដល់ពលករកម្ពុជានៅប្រទេសថៃជាពិសេសក្នុងអំឡុងពេល នៃការរាតត្បាតនៃជំងឺកូវីដ-១៩ និងបានស្នើសមភាគីថៃ ឱ្យបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធ នៅក្នុងកិច្ចការនេះ។

ថ្នាក់ដឹកនាំទាំងពីរក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំការអភិវឌ្ឍធនធានមនុស្សវិស័យការពារជាតិនិងសន្តិសុខ ទេសចរណ៍ការតភ្ជាប់ ផ្លូវដែក ថាមពលស្អាត ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដូចជាការឆ្លងដែនខុសច្បាប់និងការជួញដូរមនុស្ស ។ ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាគ្នាផងដែរអំពីការផ្លាស់ប្តូរការ គាំទ្រគ្នាលើឆាកអន្តរជាតិ ។សម្តេចតេជោនាយករដ្ឋមន្ត្រីនិងឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ធអូឆា ក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាប្រឈមនានាដែលអាស៊ានកំពុងជួបប្រទះព្រមទាំង បញ្ហាតំបន់និងអន្តរជាតិមួយចំនួនដែលជាកង្វល់រួមផងដែរ។

ឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ធអូឆា បានជូនពរសម្តេចតេជោនាយករដ្ឋមន្ត្រីឱ្យទទួលបានជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និងទី ៤១និងកិច្ចប្រជុំកំពូលពាក់ ព័ន្ធនានានៅរាជធានីភ្នំពេញ៕