ដោយៈមុនីរ័ត្ន/ភ្នំពេញ៖នៅល្ងាចថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២២នេះបន្ទាប់ពីបានជួបពិភាក្សាការងារជាមួយឯកឧត្តមប្រធានា​ធិបតីនៃប្រទេសហ្វីលីពីនហើយនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា ក៏បានបន្តអញ្ជើញជួបពិភាក្សាការងារជាបន្តទៀតជាមួយលោក ផាន់ខាំ វិផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីនៃប្រទេសឡាវជាបន្តទៀត។

ក្នុងកិច្ចសន្ទនាសម្ដេចតេជោ និងលោក វិផាវ៉ាន់ បានពិភាក្សាគ្នាលើ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផង និងលើបញ្ហាអាស៊ានផង ។ក្នុងនេះ សម្ដេចតេជោ និងលោក វិផាវ៉ាន់ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរកន្លងមក ហើយបានឯកភាពគ្នា ជំរុញកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅថែមទៀត លើវិស័យពាណិជ្ជកម្ម វិស័យទេសចរណ៍ ថាមពល និងការតភ្ជាប់ ដែលជាកត្តាជំរុញកំណើនពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។

ពាក់ព័ន្ធនឹងអាស៊ាន សម្ដេចតេជោ និងលោក វិផាវ៉ាន់ បានឯកភាពគ្នាថា នឹងបន្តសហការគ្នា ដើម្បីរក្សាសាមគ្គីភាព និងមជ្ឈភាពអាស៊ាន ៕សរន