ដោយៈមុនីរ័ត្ន/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក ហ្វឺឌីណាន់ ម៉ាកូស ជេអរ (Ferdinand Marcos Jr) ប្រធានាធិបតី នៃប្រទេសហ្វីលីពីន នៅវិមានសន្តិភាព នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះក្នុងឱកាសដែលលោក អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជា។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ បានឲ្យដឹងពីលទ្ធផលនៅក្រោយជំនួបនេះថាសម្ដេចតេជោ នាយករដ្ឋមន្ត្រី និងលោកប្រធានាធិបតីហ្វីលីពីន បានពិភាក្សាគ្នាលើបញ្ហាអាស៊ាន ធ្វើយ៉ាងណារក្សាឱ្យបាននូវ សាមគ្គីភាពនិងមជ្ឈភាព អាស៊ាន។ ក្នុងនេះដែរ ប្រមុខដឹកនាំទាំងពីរ ក៏បានពិភាក្សា និងឯកភាពគ្នាក្នុងការជំរុញកិច្ច សហប្រតិបត្តិការទ្វេភាគី លើវិស័យពាណិជ្ជកម្ម, វិនិយោគ ទេសចរណ៍, កសិកម្ម, ការនាំអង្ករចេញទៅប្រទេសហ្វីលីពីន, វិស័យព័ត៌មានវិទ្យា, ឡូជីស្ទីក និងវិស័យការពារជាតិ។

ពាក់ព័ន្ធនឹងការនាំអង្ករចេញទៅប្រទេសហ្វីលីពីន សម្ដេចតេជោ បានជម្រាបជូនលោក ហ្វឺឌីណាន់ ម៉ាកូស ជេអរ ថា ក្រុមហ៊ុនហ្វីលីពីន អាចដាក់ទុនវិនិយោគ ១០០ភាគរយ លើម៉ាស៊ីនកិនស្រូវ , ឡសំងួត និងឃ្លាំងសម្រាប់ប្រមូល ទិញស្រូវ ដើម្បីធ្វើការសម្ងួតនិងកិននាំចេញទៅប្រទេសហ្វីលីពីន ។លើសពីនេះក្រុមហ៊ុនហ្វីលីពីនក៏អាចឱ្យកសិករកម្ពុជា ធ្វើការដាំដុះនូវដំណាំស្រូវ ដែលជាតម្រូវការរបស់ប្រជាជនហ្វីលីពីន សម្រាប់នាំចេញទៅប្រទេសហ្វីលីពីនផងដែរ៕សរន