ដោយ​៖​ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​១០ វិច្ឆិកា សហព័ន្ធ​កី​ឡ​វូ​ស៊ូ បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​លម​ន្ត្រី​បច្ចេកទេស​អាជ្ញាកណ្ដាល​ចៅក្រម​កីឡា​វូ​ស៊ូ​របស់ខ្លួន ដោយមាន​ការចូល​​រួម​ពី​សំណាក់​លោក ប៉ែន វុទ្ធី អនុប្រធាននាយកដ្ឋាន​អប់រំ​កាយ និង​កីឡា ។​

​លោក ប៉ែន​វុទ្ធី បានស្នើ​ឲ្យ​មន្ត្រី​បច្ចេកទេស​អាជ្ញាកណ្ដាល និង​ចៅក្រម​កីឡា​វូ​ស៊ូ​ប្រឹង​ប្រឹងប្រែង​ដុសខាត់​សមត្ថភាព​របស់ខ្លួន​ឲ្យ​មានគុណ​ភាពល្អប្រសើរ​ត្រៀម​ឆ្ពោះទៅ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ជា​ប្រវត្តិសាស្ត្រ​ដំបូង​នៅ​កម្ពុជា​។​

​វគ្គ​បណ្តុះបណ្តាល​មន្ត្រី​បច្ចេកទេស​អាជ្ញាកណ្ដាល​ចៅក្រម​កីឡា​វូ​ស៊ូ​នឹង​ដំណើរការ​ពីថ្ងៃ​ទី​១០ ដល់​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ រាជធានី​ភ្នំពេញ​។​

​លោក​អនុប្រធាននាយកដ្ឋាន​បាន​ចាត់ទុកថា វគ្គ​នេះ​ពិត​ជាមាន​សារសំខាន់​ណាស់ ក្នុងការ​ដុសខាត់​សមត្ថភាព​មន្ត្រី​បច្ចេកទេស​អាជ្ញាកណ្តាល​និង​ចៅក្រម​កីឡា​វូ​ស៊ូ​សម្រាប់​បម្រើ​ដល់​ការប្រកួត​ជាតិ និង​អន្តរជាតិ​នាពេលខាងមុខ​។ ជាពិសេស​គឺ​ការប្រកួត​កីឡា​ជាតិ​លើក​ទី​៣ ពីថ្ងៃ​ទី​២១-៣០ ខែវិច្ឆិកា ឆ្នាំ​២០២២ និង​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ដែល​នឹង​ដំណើរការ​ជា​ផ្លូវការ​ពីថ្ងៃ​ទី​៥ ដល់​១៧ ខែឧសភា ឆ្នាំ​២០២៣​។ នេះ​ជាការ​បង្ហាញ​ពី​ការខិតខំ​របស់​សហព័ន្ធ​ដើម្បី​រៀបចំ​វគ្គ​បណ្តុះបណ្តាល​បញ្ជ្រាប​ចំណេះដឹង​ថ្មីៗ​ជា​លក្ខណៈ​អន្តរជាតិ​ដល់​មន្ត្រី​ថ្នាក់ជាតិ នាពេលនេះ​។​

​ជាមួយគ្នានេះដែរ​លោក ប៉ែន វុទ្ធី បានស្នើ​សុំ​ឲ្យ​សិក្ខាកាម​ទាំងអស់​ខិតខំ​ក្រេបជញ្ជក់​យកចំណេះ​ដឹង និង​ចំណេះធ្វើ ពី​គ្រូឧទ្ទេស​ឲ្យ​បានល្អ​ប្រសើរ​ដើម្បី​យកទៅអនុវត្ត​ការងារ​ក្នុងនាម​ជា​មន្ត្រី​រៀបចំ​ការប្រកួត អាជ្ញាកណ្តាល ចៅក្រម ពេល​ប្រកួត​ស៊ី​ហ្គេម ឆ្នាំ​២០២៣​។ ក្រោយពី​ក្រសួង​អប់រំ យុវជន និង​កីឡា​បានប្រគល់​អំណាច​ទាំងស្រុង​លើ​ផ្នែក​រដ្ឋបាល បច្ចេកទេស​រួមទាំង​ថវិកា​គាំទ្រ​ជូន​ដល់​សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់​ក្រសួង​នឹង​បាន​មើលឃើញ​ពី​ភាពរឹងមាំ​របស់​សហព័ន្ធ​ក្នុងការ​រៀបចំ មន្ត្រី​បច្ចេកទេស សម្រាប់​ការប្រកួត​នានា​។​

​ប្រសិនបើ​នៅ​ទន់ខ្សោយ​លើ​ចំណុច​ណា​សហព័ន្ធ​កីឡា​ជាតិ​ត្រូវតែ​បំពេញ​នូវ​ការខ្វះ​ខាត​ដើម្បី​បំពេញបន្ថែម​ឲ្យ​បានល្អ​ប្រសើរ​ក្នុងពេល​ព្រឹត្តិការណ៍​កីឡា​ជាតិ​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​ឲ្យ​ទទួលបាន​ជោគជ័យ​។ ពេលវេលា​រៀបចំ​ស៊ី​ហ្គេម ២០២៣ កាន់តែ​ខ្លី​ទៅៗ បើ​ដើរ គឺ​មិន​ដល់​គោលដៅ នូវ​អ្វីដែល​យើង​ចង់បាន​នោះទេ ដូច្នេះ​ក្នុងនាម​សហព័ន្ធ​កីឡា​ជំនាញ មន្ត្រី​បច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម​ត្រូវ​ប្រឹងប្រែង​រត់​ទាំងអស់គ្នា ដើម្បី​ជោគជ័យ ស៊ី​ហ្គេម ២០២៣ របស់​ជាតិ​យើងទាំងអស់គ្នា​។​

​លោក ម៉ៅ ចន្ថា​វុ​ធ អគ្គលេខាធិការ សហព័ន្ធ​កីឡា​វូ​ស៊ូ​កម្ពុជា​គូសបញ្ជាក់ថា វគ្គ​បណ្តុះបណ្តាល​មន្ត្រី​បច្ចេកទេស​អាជ្ញាកណ្ដាល​និង​ចៅក្រម​កីឡា​វូ​ស៊ូ​នេះ​អនុវត្តតាម​កិច្ចព្រមព្រៀង​ស្ដីពី​ការអនុវត្ត​ថវិកា​គាំទ្រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ឆ្នាំ​២០២២ សម្រាប់​ព​ន្លឿ​ន​ការអភិវឌ្ឍ​សហព័ន្ធ​កីឡា​ជាតិ ឆ្ពោះទៅ​ចូលរួម​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២​ឆ្នាំ​២០២៣​។​សហព័ន្ធ​កីឡា​វ​ស៊ូ​កម្ពុជា​បានរៀបចំ​បើក​វគ្គ​បណ្តុះបណ្ដាល​មន្ត្រី​បច្ចេកទេស អាជ្ញាកណ្ដាល និង​ចៅក្រម​កីឡា​វ៉ូ​ស៊ូ បង្កើន​ចំណេះដឹង​បន្ថែមទៀត​។​
​អគ្គលេខាធិការ​រូបនេះ​អះអាងថា​សិក្ខាកាម​បានមកពី​បណ្តា​ក្លិប​នានា​ត្រូវ​ផ្ដោតលើ​ការសិក្សា បច្ចេកទេស​វិញ្ញាសា​ថាវ​លូ (​សម្ដែង​) និង​វិញ្ញាសា សាន់​ដា (​ប្រយុទ្ធ​) ឲ្យ​កើនឡើង​ទាំង​បរិមាណ​និង​គុណភាព​ពី​កម្រិត​មូលដ្ឋាន​មកជា​កម្រិត​ជាតិ​និង​ឈានទៅ​កម្រិត​អន្តរជាតិ​ថែមទៀត​។​ពិសេស​បង្កើន​សមត្ថភាព​ដែល​អាច​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ជា​​លក្ខណៈ​អន្តរជាតិ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។​វគ្គ​សិក្សា​នេះ​មាន​ចំនួន​០៩ ថ្ងៃ និង​មាន​មន្ត្រី​កីឡា​ចូលរួម​សរុប​ចំនួន​៤៤​នាក់ គិត​ទាំង​គ្រូឧទ្ទេស និង​សិក្ខាកាម​៕​