​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​អាម៉េរិក​នឹង​បញ្ជូន​ជំនួយ​យោធា​៤០០​លាន​ដុល្លារ​ទៀត​ទៅ​អោយ​អ៊ុយ​ក្រែន​ចំ​ពេល​មាន​ការព្រួយបារម្ភ​ថា​ជំនួយ​ហិរញ្ញវត្ថុ​សំរាប់​សង្គ្រាម​ប្រឆាំង​រុស្ស៊ី​អាច​ធ្លាក់ចុះ​បើសិន​​ជា​ពួក​សាធារណរដ្ឋ​គ្រប់គ្រង​សភា​។​

​បើ​តាម​ក្រសួង​ការពារជាតិ​អាម៉េរិក ជំនួយ​ថ្មី​នេះ​ភាគច្រើន​ជា​គ្រាប់រំសេវ​រួម​មាន​គ្រាប់​រ៉ុក្កែត​HIMARS​ដែល​ប្រើ​មាន​ប្រសិទ្ធភាព​ខ្ពស់​លើ​កងកម្លាំង​រុស្ស៊ី​និង​ប្រព័ន្ធ​ការពារ​ដែនអាកាស​ចល័ត​Avenger​ចំនួន​៤​គ្រឿង​ដែល​អាម៉េរិក​ផ្តល់អោយ​អ៊ុយ​ក្រែនជា​លើកដំបូង​។​

សព្វាវុធ​ជា​ជំនួយ​ថ្មី​គឺ​ប្រព័ន្ធ​ការពារ​ដែនអាកាស​ចម្ងាយ​ខ្លី​Avenger​នឹង​ជួយ​អ៊ុ​យក្រែន​​ការពារ​ទាហាន​របស់​ខ្លួន​ពី​ដ្រូ​ន កាំជ្រួច​បណ្តែត​និង​ការវាយប្រហារ​ពី​ឧទ្ធម្ភាគចក្រ

​ការប្រកាស​ផ្តល់ជំនួយ​ថ្មី​នេះ​ធ្វើឡើង​ចំ​ពេល​អាម៉េរិក​កំពុង​រាប់​សន្លឹកឆ្នោត​ក្នុង​ការបោះឆ្នោត​ពាក់កណ្តាល​អាណត្តិ ដោយ​ពួ​សាធារណរដ្ឋ​ខិត​ទៅ​កាន់តែ​កៀក​ការ​ដណ្តើម​បាន​សម្លេង​ភាគច្រើន​ស្តួចស្តើង​​មួយ​នៅ​សភា ហើយ​ការគ្រប់គ្រង​ព្រឹទ្ធសភា​ឥឡូវ​កំពុង​រង់ចាំ​អ៊ុត​សម្លេង​គាំទ្រ​ចេញ​ពី​រដ្ឋ​អា​រី​ហ្សូ​ណា រដ្ឋ​ណេវ៉ា​ដា​និងច​ច​ជៀ​។​

​វា​ក៏​រួម​មាន​កាំជ្រួច​Stinger​សំរាប់​ប្រព័ន្ធ​ប្រឆាំង​យន្តហោះ​បាញ់​ពី​ដី​ទៅ​អាកាស​HAWK គ្រាប់​កាំភ្លើងត្បាល់​១០.០០០​គ្រាប់ គ្រាប់កាំភ្លើង​ធំ​រាប់​ពាន់​គ្រាប់ និង​កាំ​ភ្លើង​បាញ់​គ្រាប់បែក​៤០០​ដើម រថយន្ត​​យោធា​Humvees១០០​គ្រឿង អាវ​រងារ​និង​គ្រាប់កាំភ្លើង​២០​លាន​គ្រាប់ កាំភ្លើង​ខ្លី​និង​កាំភ្លើង​វែង​។​

​នៅ​សេត​វិមាន ទីប្រឹក្សា​សន្តិសុខ​ជាតិ​លោក ជេ​ក ស៊ូ​ល​លី​វ៉ាន់ បាន​និយាយថា​ជំនួយ​ថ្មី​នឹង​រួមមាន​ជំនួយ​ការពារ​ដែនអាកាស​ដ៏​សំខាន់​។​«​វា​នឹង​បង្កើន​ការការពារ​ដែនអាកាស​ដែល​សំខាន់​សំរាប់​អ៊ុ​យក្រែន​​នៅពេល​រុស្ស៊ី​បន្ត​បាញ់​កាំជ្រួច​និង​បង្ហោះ​ដ្រូ​នវាយ​ប្រហារ​លើ​ហេដ្ឋារចនាសម្ពន្ធ​ស៊ីវិ​ល​អ៊ុ​យក្រែន​»​។​

​ទាហាន​អាម៉េរិក​ពិនិត្យ​មើល​គ្រាប់កាំភ្លើង​ធំ​ដែល​ត្រូវ​បញ្ជូន​អោយ​អ៊ុ​យក្រែន

​សា​ប្រ៊ី​ណា ស៊ី​ង​(Sabrina Singh)​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​អាម៉េរិក បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា សព្វាវុធ​ជា​ជំនួយ​ថ្មី​គឺ​ប្រព័ន្ធ​ការពារ​ដែនអាកាស​ចម្ងាយ​ខ្លី​Avenger​នឹង​ជួយ​អ៊ុ​យក្រែន​​ការពារ​ទាហាន​របស់​ខ្លួន​ពី​ដ្រូ​ន កាំជ្រួច​បណ្តែត​និង​ការវាយប្រហារ​ពី​ឧទ្ធម្ភាគចក្រ តែ​មិនដឹងថា​ពេល​ណា​នឹង​ត្រូវ​បញ្ជូន​ទៅ​ដល់​អ៊ុយ​ក្រែនទេ​។​

​ការបន្ថែម​ជំនួយ​នេះ​កើតឡើង​ចំ​ពេល​រុស្ស៊ី​ចាប់ផ្តើម​ដកទ័ព​ចេញពី​ទីក្រុង​ឃើ​សុន ដែល​អាច​ជា​ចំណុច​របត់​មួយ​ក្នុង​សង្គ្រាម​រុស្ស៊ី​នៅ​អ៊ុ​យក្រែន​។​ឃើ​សុន​ជាទី​រួម​ខេត្ត​តែ​មួយ​ដែល​រុស្ស៊ី​បាន​វាយ​យក​និង​ការ​​ដកថយ​នេះ​នឹង​អនុញ្ញាត​អោយ​អ៊ុយ​ក្រែន​ដណ្តើម​បាន​មក​វិញ​ទឹក​ដី​បាត់បង់នៅ​ភាគខាងត្បូង​។​ពួក​មន្ត្រី​អ៊ុយ​ក្រែន​បាន​និយាយថា កងកម្លាំង​ក្រុង​មូ​ស្គូ​គ្មាន​ជំរើស​ណា​ក្រៅពី​ដកថយ តែ​មានកា​ប្រុងប្រយ័ត្ន​ខ្លាច​​វា​ជា​អន្ទាក់​វាយ​ឆ្មក់​។​

​សូមបញ្ជាក់​ថា ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡេន​ស្គី បាន​ស្នើសុំ​អាម៉េរិក​ម្តង​ហើយ​ម្តងទៀត​នូវ​ប្រព័ន្ធ​ការពារ​ដែនអាកាស​ទំនើ​ប​។​ប្រព័ន្ធ​ដូច្នេះ​កាន់តែ​មាន​សារសំខាន់​សំរាប់​អ៊ុយ​ក្រែន​ការពារ​ខ្លួន​ទល់​នឹង​ការវាយប្រហា​រតាម​អាកាស​របស់​រុស្ស៊ី​លើ​ហេ​ដ្ឋា​រចនា​​សម្ពន្ធ​ទឹក ភ្លើង​។​ពួក​មន្ត្រី​បាន​អះអាងថា ហេដ្ឋារចនាសម្ពន្ធ​អគ្គិ​ស​នី​អ៊ុ​យក្រែន​៤០​ភាគរយ​ត្រូវ​បំផ្លាញ​ដោយ​ការវាយប្រហារ​ដោយ​រុស្ស៊ី​។​

​ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡេន​ស្គី និយាយថា ប្រជាជន​អ៊ុយ​ក្រែន​ប្រមាណ​៤​លាន​នាក់​គ្មាន​ភ្លើង​ប្រើ​ដោយសារ​ការវាយប្រហារ​របស់​រុស្ស៊ី​

​រួម​ទាំង​ជំនួយ​ចុងក្រោយ​នេះ អាម៉េរិក​បាន​ផ្តល់​សព្វាវុធ​និង​គ្រឿង​បរិក្ខា​ផ្សេងៗ​ដល់​អ៊ុយ​ក្រែន​សរុប​១៨,៦​ពាន់​លាន​ដុល្លារ​គិត​ចាប់តាំងពី​រុស្ស៊ី​បញ្ជូន​ទ័ព​ចូល​អ៊ុយ​ក្រែន​កាលពី​ថ្ងៃ​២៤​កុម្ភៈ​៕