​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ មន្ត្រីជាន់ខ្ពស់​របស់​អង្គការសហប្រជាជាតិ​និង​រុស្ស៊ី​គ្រោង​នឹង​ជួបប្រជុំគ្នា​នៅ​ទីក្រុង​ហ្សឺ​ណែវ​នៅ​ថ្ងៃ​សុក្រ​ទី​១១​វិច្ឆិកា​នេះ​ដើម្បី​ពិភាក្សា​លើ​ការបន្ត​កិច្ចព្រមព្រៀង​​ដែល​បាន​បញ្ជូន​គ្រាប់​ធញ្ញជាតិ​អ៊ុយ​ក្រែន​ត្រឡប់​ទៅ​កាន់​ទីផ្សារ​ពិភពលោក​ឡើងវិញ ហើយ​ត្រូវ​គេ​សន្មត​ថា​នឹង​លុបបំបាត់​ឧបសគ្គ​សម្រាប់​ការនាំចេញ​គ្រាប់​ធញ្ញជាតិ​និង​ជី​របស់​រុស្ស៊ី​ផងដែរ​។​

​កិច្ចព្រមព្រៀង​នេះ​នឹង​ផុតកំណត់​នៅ​ថ្ងៃទី ១៩ ខែវិច្ឆិកា ហើយ​អ៊ុយ​ក្រែ​ន​និង​ប្រទេស​លោកខាងលិច​កំពុង​ជំរុញ​ឱ្យ​បន្ត​កិច្ច​ព្រមព្រៀង​នេះ​។ ទោះយ៉ាងណា រដ្ឋាភិបាល​រុស្ស៊ី​បាន​និយាយថា​ខ្លួន​មិន​ទាន់​​សម្រេច​ចិត្ត​ទេ ដោយ​បង្ហាញ​ការ​មិន​ពេញចិត្ត​ចំពោះ​របៀប​ដែល​កិច្ចព្រមព្រៀង​នេះ​ដំណើរការ​សម្រាប់​ភាគី​របស់​ខ្លួន​។​

​អ​.​ស​.​ប​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រធាន​ផ្នែក​មនុស្សធម៌​របស់​អ​.​ស​.​ប លោក ម៉ា​ទីន ហ្គ្រី​ហ្វ​ហ្វីត (Martin Griffiths) និង​ប្រធាន​ផ្នែក​ពាណិជ្ជកម្ម​របស់​អ​.​ស​.​ប លោកស្រី រេ​បេកា ហ្គ្រី​ន​ស្ប៉ា​ន (Rebeca Grynspan) ដែល​ទទួលបន្ទុក​កិច្ចព្រមព្រៀង​ខាង​ភាគី​រុស្ស៊ី នឹង​ជួប​ជាមួយ​គណៈប្រតិភូ​រុស្ស៊ី ដឹកនាំ​ដោយ​អនុ​រដ្ឋមន្ត្រីការបរទេស​លោក សឺ​ហ្គេ វើ​ស៊ីនីន (Sergey Vershinin)​។​

​កិច្ចព្រមព្រៀង​ដាច់ដោយឡែក​ដែល​សម្របសម្រួល​ដោយ​អ​.​ស​.​ប និង​តួ​ក​គី និង​ចុះហត្ថលេខា​ដោយ​អ៊ុយ​ក្រែ​ន​និង​រុស្ស៊ី​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​កាលពី​ថ្ងៃទី ២២​ខែ​កក្កដា​គឺជា​ឧទាហរណ៍​ដ៏​កម្រ​នៃ​កិច្ច​សហ​​ប្រតិបត្តិការ​យ៉ាង​ស្រួចស្រាល់​រវាង​ប្រទេស​កំពុង​មាន​សង្គ្រាម​នឹង​គ្នា​ក្នុងពេល​ប្រឈម​មុខ​នឹង​វិបត្តិ​ស្បៀងអាហារ​ពិភពលោក​ដែល​កំពុង​កើនឡើង បន្ទាប់​ពី​ការ​លុកលុយ​របស់​រុស្ស៊ី​កាលពី​ថ្ងៃទី ២៤ ខែ​កុម្ភៈ​លើ​អ្នកជិតខាង​តូច​ជាង​ខ្លួន​។​

​អ៊ុយ​ក្រែ​ន​និង​រុស្ស៊ី​គឺជា​អ្នក​ផ្គត់ផ្គង់​គ្រាប់​ធញ្ញជាតិ​លំដាប់​កំពូល​របស់​ពិភពលោក​មុន​សង្គ្រាម ហើយ​រុស្ស៊ី​ក៏​ជា​ប្រទេស​នាំចេញ​ជី​ឈានមុខ​គេ​ផង​ដែរ​។​ការរំខាន​ការនាំចេញ​របស់​ពួកគេ​បាន​បណ្តាលឱ្យ​​មាន​ការខ្វះខាត​ស្បៀងអាហារ និង​បាន​បន្ថែម​ថ្លៃ​លើ​ទំនិញ​នៅ​ជុំវិញ​ពិភពលោក ដែល​ប៉ះពាល់​ដល់​ប្រទេស​ក្រីក្រ​ខ្លាំងជាងគេ​។​

​លោកស្រី​ហ្គ្រី​ន​ស្ប៉ា​ន​បាន​ប្រាប់​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប​កាលពី​សប្តាហ៍​មុន​ថា អ៊ុយ​ក្រែ​ន​និង​រុស្ស៊ី​បាន​ផ្តល់​ប្រហែល ៣០ ភាគរយ​នៃ​ស្រូវ​សាលី​នាំ​ចេញ​របស់​ពិភពលោក ពោត ២០ ភាគរយ និង​ប្រេង​​ផ្កាឈូករ័ត្ន​ជាង ៥០ ភាគរយ​។ រុស្ស៊ី​គឺជា​ប្រទេស​នាំចេញ​ជី​ធំ​បំផុត​របស់​ពិភពលោក ដែល​ស្មើនឹង ១៥ ភាគរយ​នៃ​ការនាំចេញ​លើ​សកលលោក​៕

ឯកអគ្គរដ្ឋទូត​អាម៉េរិក​ប្រចាំ​អ​.​ស​.​ប លោកស្រី លីន​ដា ថូ​ម៉ាស ហ្គ្រី​ន​ហ្វៀ​ល (​កណ្តាល​) ជួប​កម្មករ​ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​ទៅ​កាន់​រោង​ម៉ាស៊ីន​កិន​ម្សៅ Kyiv Mlyn ក្នុង​ទីក្រុង​គៀវ កាលពី​ថ្ងៃ​អង្គារ ទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២២