​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធានាធិបតី​ហ្សេ​លេន​ស្គី​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១០​វិច្ឆិកា​ថា កងកម្លាំង​រដ្ឋាភិបាល​ក្រុង​គៀវ​បាន​ដណ្តើម​យក​មក​វិញ​នូវ​ទីប្រជុំជន​និង​ភូមិ​ជាង ៤០ នៅ​ភាគខាងត្បូង​ប្រទេស​អ៊ុ​យក្រែន ខណៈ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​បាន​ផ្តល់​សញ្ញា​ថា កងទ័ព​របស់​ខ្លួន​បានចាប់ផ្តើម​ដកថយ​ពី​ទីក្រុង​យុទ្ធសាស្ត្រ ឃើ​សុន (Kherson)​។​

​ទន្ទឹមនឹងនេះ សហរដ្ឋ​អាម៉េរិក​បានប្រកាស​កញ្ចប់​ជំនួយ​សន្តិសុខ​ថ្មី ៤០០ លាន​ដុល្លារ​សម្រាប់​រដ្ឋាភិបាល​ក្រុង​គៀវ ដែល​នឹង​រួមបញ្ចូល​ប្រព័ន្ធ​ការពារ​អាកាស និង​កាំជ្រួច​មី​ស៊ី​លបាញ់​ពី​ដី​ទៅ​អាកាស​ខណៈ​​អ៊ុយ​ក្រែន​កំពុង​រងគ្រោះ​ពី​ការវាយប្រហារ​តាម​អាកាស​ទ្រង់ទ្រាយ​ធំ​នា​ពេល​ថ្មីៗ​នេះ​របស់​រុស្ស៊ី ដែល​ផ្តោត​លើ​ហេដ្ឋារចនាសម្ពន្ធ​សំខាន់ៗ​។​

​លោក​ហ្សេ​លេន​ស្គី​បាន​និយាយ​នៅក្នុង​សុន្ទរកថា​ប្រចាំថ្ងៃ​របស់​គាត់​ទៅកាន់​ប្រទេស​ជាតិ​ថា “​ថ្ងៃនេះ​យើង​មាន​ដំណឹង​ល្អ​ពី​ភាគខាងត្បូង​។ ចំនួន​ទង់ជាតិ​អ៊ុយ​ក្រែន​ដែល​ត្រឡប់​ទៅ​កន្លែង​ត្រឹមត្រូវ​របស់​​ខ្លួន​វិញ ជា​ផ្នែក​នៃប្រតិបត្តិ​ការការពារ​ជា​បន្ត គឺ​មាន​រាប់​សិប​រួចទៅហើយ​”​។​

​លោក​ហ្សេ​លេន​ស្គី​បាន​និយាយថា កន្លែង​តាំង​ទីលំនៅ​ចំនួន ៤១ ត្រូវបាន “​រំដោះ​” ពី​ការកាន់កាប់​របស់​រុស្ស៊ី​។​

​រដ្ឋាភិបាល​ក្រុង​មូ​ស្គូបា​ននិយាយថា ខ្លួន​បាន​ធ្វើ “​ការសម្រេចចិត្ត​ដ៏​លំបាក​” ដើម្បី​ដក​កងកម្លាំង​ពី​ទីក្រុង​ឃើ​សុន ហើយ​ក្រសួងការពារជាតិ​រុស្ស៊ី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​និយាយថា​អង្គភាព​របស់​ខ្លួន​​កំពុង​ចល័ត​ទី​យ៉ាង​ប្រុងប្រយ័ត្ន​នៅក្នុង​តំបន់​។​

​អស់​ជាច្រើន​សប្តាហ៍​មក​នេះ​កងទ័ព​អ៊ុយ​ក្រែន​បាន​កំពុង​ដណ្តើមមក​វិញ​នូវ​ភូមិ​នានា​នៅតាម​ផ្លូវ​ឆ្ពោះទៅ​កាន់​ទីក្រុង​ឃើ​សុន ក្នុង​តំបន់​ឃើ​សុន​ដែល​មានឈ្មោះ​ដូច​គ្នា​ជា​កន្លែង​ដែល​មេដឹកនាំ​លើក​​បន្តុប​ដោយ​វិមាន​ក្រឹម​ឡាំង​បាននិងកំពុង​ជម្លៀស​ជន​ស៊ីវិល​ចេញ ដែល​រដ្ឋាភិបាល​ក្រុង​គៀវ​ហៅថា​ជាការ​និរទេស​ដោយ​ខុសច្បាប់​។​

​ការដកថយ​នេះ​នឹង​ក្លាយជា​បរាជ័យ​ដ៏​ធំ​មួយ​របស់​រុស្ស៊ី​នៅក្នុង​តំបន់ ដែល​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន អះអាងថា​បាន​ដាក់បញ្ចូ​លឧបសម្ពន្ធ ប៉ុន្តែ​មន្ត្រី​នៅ​ទីក្រុង​គៀវ​នៅតែ​មាន​ការប្រុងប្រយ័ត្ន ដោយ​និយាយថា រុស្ស៊ី​ទំនងជា​មិន​ចាកចេញ​ពី​ទីក្រុង​ឃើ​សុន​ដោយ​គ្មាន​ការប្រយុទ្ធ​នោះឡើយ​៕

​ទាហាន​អ៊ុយ​ក្រែ​ន​និង​អ្នក​ប្រយុទ្ធ​ស្ម័គ្រចិត្ត​កំពុង​ពិនិត្យ​រថក្រោះ​ខូច​របស់​រុស្ស៊ី​នៅ​ភាគ​ខាងកើត​អ៊ុ​យក្រែន កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២២​

ទាហានអ៊ុយក្រែនរុលទៅមុខក្នុងសមរភូមិភាគខាងត្បូង