ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ ដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ លើកទី៤១ កិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្នុងក្របខ័ណ្ឌអាស៊ាន និងកិច្ចសន្ទនាអាស៊ានជាសាកលលើកទី២ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ។

អញ្ជើញអមសម្តេចតេជោ នាយករដ្ឋមន្រ្តី រួមមាន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមន្រ្តីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល មួយចំនួនទៀត។

ព្រឹត្តិការណ៍ថ្នាក់កំពូល ដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេលបួនថ្ងៃនេះ រួមមាន៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២៣ កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៥ កិច្ចប្រជុំកំពូល រំលឹកខួប ៣០ ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-ឥណ្ឌា កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១០ កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២ កិច្ចប្រជុំកំពូលរំព្ញកខួប នៃទំនាក់ទំនងអាស៊ាន-កាណាដា កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៧។

ក្នុងឱកាសនៃកិច្ចប្រជុំកំពូលនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន រួមជាមួយប្រមុខរដ្ឋ/រាជរដ្ឋាភិបាលអាស៊ានដទៃទៀត នឹងអញ្ជើញចូលរួមកម្មវិធីជំនួប ដោយឡែកពីគ្នា ជាមួយតំណាង នៃអន្តរសភាអាស៊ាន តំណាងនៃយុវជនអាស៊ាន និងតំណាងនៃក្រុមប្រឹក្សាអ្នកប្រឹក្សាធុរកិច្ចអាស៊ាន។

ថ្នាក់ដឹកនាំ ក៏នឹងចូលរួមក្នុងកិច្ចសន្ទនាអាស៊ានជាសាកលលើកទី២ ស្តីពីការស្តារឡើងវិញក្រោយជំងឺកូវីដ-១៩ ដែលនឹងមានការអញ្ជើញចូលរួមពី ប្រធានអង្គការអន្តរជាតិសំខាន់ៗមួយចំនួនផងដែរ។ ថ្នាក់ដឹកនាំ នៃដៃគូសន្ទនាអាស៊ានមួយចំនួន ក៏រំពឹងថា នឹងចូលរួមក្នុងកិច្ចសន្ទនានេះ ផងដែរ។

នៅក្នុងពិធីបិទជាផ្លូវការ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងប្រគល់ញញួរ ប្រធានអាស៊ានជូនលោក ចូកូ វីដូដូ ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ជាប្រធានអាស៊ានប្តូរវេន នៅឆ្នាំក្រោយ។

នៅរវាងកិច្ចប្រជុំ ដែលបានគ្រោង សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏នឹងមានជំនួបទ្វេភាគី ជាមួយប្រមុខប្រតិភូមួយចំនួនផងដែរ។
ក្នុងការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងអញ្ជើញដឹកនាំកិច្ចប្រជុំ ក្រុមប្រឹក្សាសហគមន៍ នយោបាយ-សន្តិសុខអាស៊ាន លើកទី២៥ និងកិច្ចប្រជុំក្រុមប្រឹក្សាសម្រប សម្រួលអាស៊ាន លើកទី៣១។

លោកឧបនាយករដ្ឋមន្រ្តី ក៏នឹងអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខា លើលិខិតុបករណ៍ នៃការចូលជាភាគី នៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC) ដោយប្រទេសអ៊ុយក្រែន និងអេស្ប៉ាញ។ លោក ក៏រំពឹងថា នឹងមានជំនួបទ្វេភាគីជាមួយរដ្ឋមន្រ្តីការបរទេស និងឥស្សរជនមួយចំនួនផងដែរ៕/V-PC