​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ សេត​វិមាន​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១០​វិច្ឆិកា​ថា លោកចូ បៃ​ដិ​ននឹង​ជួប​ជាមួយ​សម​ភាគី​ចិន​លោក ស៊ី ជីន​ភីង នៅ​ថ្ងៃទី ១៤​ខែវិច្ឆិកា​នៅ​ខាងក្រៅ​​កិច្ចប្រជុំ​កំពូល G20​នៅ​កោះ​បាលី នៅក្នុង​កិច្ចពិភាក្សា​ទល់មុខ​គ្នា​ជា​លើកដំបូង​របស់​ពួកគេ​ចាប់​តាំងពី​មេដឹកនាំ​អាម៉េរិក​បាន​ក្លាយជា​ប្រធានាធិបតី​។​

​អ្នក​ទាំង​ពីរ​បាន​ជួប​គ្នា​មុនពេល​លោកបៃ​ដិន​ចូលកាន់​តំណែង ហើយ​បាន​និយាយ​តាម​ទូរស័ព្ទ​ជាច្រើន​ដង​ក្នុង​អំឡុង​រយៈពេល ២២ ខែ​ចុងក្រោយ​នេះ​ប៉ុន្តែ​ជំងឺ​រាតត្បាត​កូវី​ដ​១៩​និង​ការមិន​ចូលចិត្ត​​ធ្វើដំណើរ​ទៅ​បរទេស​របស់​លោក​ស៊ី​បាន​រារាំង​ពួកគេ​មិន​ឱ្យ​ជួប​គ្នា​ផ្ទាល់​។​

​អ្នកនាំពាក្យ​សេត​វិមាន នាង ការី​ន ហ្សង់​ព្យែរ (Karine Jean-Pierre)​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​”​មេដឹកនាំ​ទាំង​ពីរ​នឹង​ពិភាក្សា​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​រក្សា​និង​ធ្វើឱ្យ​​ខ្សែបណ្តាញ​ទំនាក់ទំនង​កាន់តែ​ស៊ីជម្រៅ​” ក៏​ដូច​ជា​របៀប “​គ្រប់គ្រង​ការប្រកួតប្រជែង​ប្រកបដោយ​ការទទួលខុសត្រូវ​និង​ធ្វើការ​ជាមួយ​គ្នា​ត្រង់​កន្លែង​ដែល​ផលប្រយោជន៍​របស់​យើង​ស្របគ្នា​”​។​

​កិច្ចប្រជុំ​របស់​ពួកគេ​ក្នុងអំឡុង​កិច្ចប្រជុំ​កំពូល​នៅ​កោះ​បាលី​កើត​ឡើង​បន្ទាប់ពី​លោក​ស៊ី​កាលពី​ខែ​មុន​បាន​ទទួល​អាណត្តិ​ទី​បី​ជា​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​ចិន​។​

​ទន្ទឹមនឹងនោះ លោកបៃ​ដិន​អាចមាន​ផ្លូវកាន់​តែ​តឹងតែង​ទៅមុខ​សម្រាប់​ពីរ​ឆ្នាំ​បន្ទាប់ បន្ទាប់​ពី​ការបោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​កាលពី​ថ្ងៃ​អង្គារដែល​ទំនង​ជា​ឱ្យ​គណបក្ស​សាធារណរដ្ឋ​គ្រប់គ្រង​​សភា​មួយ​របស់​អាម៉េរិក បើ​មិន​មែន​សភា​ទាំង​ពីរ​ថ្នាក់​។​

​ទោះយ៉ាងណា ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​សេត​វិមាន​លោក ជែក ស៊ូ​លី​វ៉ាន់ (Jake Sullivan)​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា លោកបៃ​ដិន​កំពុង​ធ្វើដំណើរ​ទៅ​ក្រៅប្រ​ទេស​”​ជាមួយនឹង​ខ្យល់​​រុញ​នៅ​ខាងក្រោយ​ខ្នង​របស់គាត់​” ដោយមាន “​ឱកាស​ដ៏​ល្អ​សម្រាប់​ដោះស្រាយ​ជាមួយនឹង​គូប្រជែង​ពី​ទីតាំង​ដ៏​រឹងមាំ​ផង​និង​ប្រមូលផ្តុំ​សម្ពន្ធមិត្ត​ផង​”​។​

​សហរដ្ឋ​អាម៉េរិក​និង​ចិន​មាន​ទំនាក់ទំនង​វិនិយោគ​និង​ពាណិជ្ជកម្ម​ដ៏​ធំ ប៉ុន្តែ​ក៏​កំពុង​ប្រកួតប្រជែង​ឥទ្ធិពល​យោធា​និង​ការទូត​រវាង​គ្នា​ទៅវិញទៅមក​ផងដែរ ជាពិសេស​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។​

​ពួកគេ​ក៏​ប្រឈមមុខគ្នា​ជុំវិញ​កោះ​តៃវ៉ាន់​ដែល​គ្រប់គ្រង​ដោយ​ខ្លួនឯង​ផងដែរ ដែល​ជា​សម្ពន្ធមិត្ត​ជិតស្និទ្ធ​របស់​អាម៉េរិក ដែល​លោក​ស៊ី​បញ្ជាក់​យ៉ាងច្បាស់​ថា​វា​គួរតែ​ស្ថិតនៅក្រោម​ការ​គ្រប់​គ្រ​របស់​រដ្ឋា​​ភិបាល​ក្រុង​ប៉េកាំង​។​

​កាលពី​ថ្ងៃ​ពុធ លោកបៃ​ដិនបាន​និយាយថា លោក​បាន​បញ្ជាក់​យ៉ាងច្បាស់​ដល់​លោក​ស៊ី​ថា​លោក​កំពុង​ស្វែងរក​ការប្រកួតប្រជែង មិនមែន​ជម្លោះ​ទេ​។​លោកបៃ​ដិនបាន​និយាយថា ពួកគាត់​នឹង​ពិភា​​ក្សា​អំពី​កោះ​តៃវ៉ាន់ ប៉ុន្តែ​បាន​បន្ថែមថា ជំហរ​របស់​សហរដ្ឋ​អាម៉េរិក​លើ​កោះ​នេះ “​មិន​បាន​ផ្លាស់ប្តូរ​ទាល់តែសោះ តាំងពី​ដើមទី​ដំបូង​មក​”៕

​លោកបៃ​ដិ​ន​និង​លោក​ស៊ីនឹង​ជួប​គ្នា​ផ្ទាល់​នៅ​កិច្ចប្រជុំ G20 នៅ​កោះ​បាលី