ដោយ៖តារារិទ្ធ(ភ្នំពេញ)ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានអាស៊ានបានថ្លែងថា ឆ្នាំនេះជាឆ្នាំវិសេសវិសាលរបស់អាស៊ានដោយអាស៊ាន ប្រារព្ធពិធីខួបអនុវស្សាវរីយ៍ ៥៥ ឆ្នាំនៃវឌ្ឍនភាពនិងការអភិវឌ្ឍចាប់តាំងពីការបង្កើតសមាគមអាស៊ាន ។

ថ្លែងបើកបើកកិច្ចបជុំកំពូលអាស៊ានលើកទី៤០និង ៤១និង កិច្ចប្រជុំកំពូលពាក់ព័ន្ធ នាព្រឹកថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖អាស៊ានបានឆ្លងកាត់ផ្លូវដ៏វែងឆ្ងាយក្នុងនាមជាអង្គការថ្នាក់តំបន់ក៏ដូចជាគ្រួសារនិងបងប្អូន ។ អាស៊ានសម្រេចបាននូវគោលបំណងចម្បងក្នុង ការកសាងសហគមន៍អាស៊ានប្រកបដោយសុខសន្តិ ភាពទំនើបកម្ម ភាពធន់និងបរិយាបន្ន ។

សម្តេចតេជោបន្តថា៖ដើម្បីប្រារព្ធអបអរសាទរលើការសម្រេចបាននូវសមិទ្ធផលគោលដៅជាប្រវត្តិសាស្ត្រនេះអាស៊ាននឹងដាក់ចេញនូវសេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ានស្តីពី ខួបលើកទី ៥៥ នៃការបង្កើតអាស៊ានដែលនឹងត្រូវបានបំពេញបន្ថែមដោយសេចក្តីថ្លែងការណ៍ ២ ផ្សេងទៀតគឺសេចក្តីថ្លែងការណ៍ចក្ខុវិស័យរបស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពី«អាស៊ាន រួមគ្នាធ្វើ៖ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»និងសេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ានស្តីពីរបៀបវារៈនៃការតភ្ជាប់អាស៊ានក្រោយឆ្នាំ ២០២៥ ដែលនឹងត្រូវបានអនុម័តនាពេ លបន្តិចទៀតក្នុងថ្ងៃនេះ ។

សម្តេចតេជោបន្តថា៖មគ្គុទេសក៍គោលនយោបាយទាំងនេះបានបង្ហាញអំពីការតាំងចិត្តរបស់យើងក្នុងការកសាងអនាគតអាស៊ានទៅជាសហគមន៍ដែលមានឯកភាព បរិយាបន្ន ភាពធន់ និង នីតិរដ្ឋជាសហគមន៍ពោរពេញដោយកាលានុវត្តភាពដែលប្រជាជនអាចមានការតភា្ជប់គ្នាយ៉ាងរលូន ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយសមធម៌ បរិស្ថានសុខភាពល្អ និងការគាំពារសង្គម ប្រកបដោយសមធម៌និងជាសហគមន៍ ដើរតួជាស្នូលសម្រាប់និម្មាបនកម្មតំបន់ ដែលប្រែប្រួលយ៉ាងឆាប់រហ័សនិងក្នុងការពង្រឹងទំនាក់ទំនងជាមួយដៃគូខាង ក្រៅដោយផ្អែកលើទំនុកចិត្តនិងការគោរពគ្នាទៅវិញទៅមកដើម្បីសន្តិភាព សន្តិសុខនិងកំណើនប្រកបដោយចីរភាពក្នុងតំបន់ក៏ដូចជាសកលលោក ៕