ដោយ: ពៅនិមល / ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិច្ចប្រជុំ រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០២២ បានបង្ហាញពីការប្តេជ្ញាចិត្ត របស់កម្ពុជា ក្នុងការធ្វើការយ៉ាងជិតស្និទ្ធ ជាមួយរដ្ឋសមាជិកអាស៊ាន និងសហគមន៍ ធុរកិច្ចអាស៊ានទាំងអស់ ដើម្បីដឹកនាំសហគមន៍ សេដ្ឋកិច្ចអាស៊ាន ឆ្ពោះទៅរក ការអភិវឌ្ឍ ប្រកបដោយនិរន្តរភាព ភាពធន់ និងការប្រកួតប្រជែង។

នៅក្នុងព្រឹត្តិការណ៍ពានរង្វាន់ធុរកិច្ចអាស៊ាន ឆ្នាំ២០២២ ដែលរៀបចំឡើងនៅរាជធានី ភ្នំពេញ កាលពីល្ងាចថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ ដោយមានការអញ្ជើញ ចូលរួមពីលោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការ ប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក លឹម ចុក ហ៊ុយ (Dato Lim Jock Hoi) អគ្គលេខាធិការអាស៊ាន, សភាពាណិជ្ជកម្មកម្ពុជា និងតំណាងមកពី ក្រសួង-ស្ថាប័ន ព្រមទាំងធុរជនជាតិ និងអន្តរជាតិ ជាច្រើនរូបផ្សេងទៀត។

ក្នុងនាមជា ប្រធានអាស៊ានរបស់កម្ពុជា ក្រោមប្រធានបទ៖ ASEAN A.C.T. “ការដោះស្រាយបញ្ហាប្រឈមជាមួយគ្នា” លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានសង្កត់ ធ្ងន់ថាៈ វិស័យឯកជន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការដោះស្រាយ បញ្ហាប្រឈមនានា ដែលតំបន់របស់យើង កំពុងជួបប្រទះ ជាពិសេសពួកគេ បានធ្វើការរួមគ្នា ឆ្ពោះទៅរកកិច្ចខិតខំប្រឹងប្រែងរួមគ្នា សម្រាប់ការស្តារសេដ្ឋកិច្ច ក្នុងតំបន់។

លោកបានបន្ថែមថាៈ សម្រាប់ការធ្វើជាប្រធានអាស៊ាន នៅឆ្នាំនេះ ក្រោមសសរស្តម្ភ AEC យើងបានធ្វើការផ្ដោតសំខាន់ ទៅលើសេដ្ឋកិច្ចជាអាទិភាព (Priority economic deliverables – PEDs) ដែលគ្របដណ្តប់លើការជឿទុកចិត្ត ជាយុទ្ធសាស្រ្តសំខាន់ៗ រួមមាន ការលើកកម្ពស់ការតភ្ជាប់ឌីជីថល, វិទ្យាសាស្រ្ត, បច្ចេកវិទ្យា និងការលើកកំពស់ សមាហរណកម្មអាស៊ាន ដែលរួមបញ្ចូលភាពធន់ និងការប្រកួតប្រជែង ព្រមទាំងការពង្រឹងកំណើន និងការអភិវឌ្ឍអាស៊ានជាសកល និងការបង្រួមគម្លាតអភិវឌ្ឍន៍ សម្រាប់ការប្រកួតប្រជែងរបស់អាស៊ាន ផងដែរ។

ស្របតាម PEDs ទាំងនេះ លោករដ្ឋមន្រ្តី សម្គាល់ថាៈ ក្រុមប្រឹក្សាប្រឹក្សាធុរកិច្ច អាស៊ាន បានបង្កើតនូវវិស័យអាទិភាព ជាយុទ្ធសាស្ត្ររបស់ខ្លួន ក៏ដូចជាសកម្មភាព គម្រោង ដើម្បីគាំទ្រដល់សមាហរណកម្មអាស៊ាន និងការស្តារសេដ្ឋកិច្ចក្នុងតំបន់ ដូចជា ការផ្លាស់ប្តូរថាមពលបៃតង ការផ្លាស់ប្តូរឌីជីថល ការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ សហគ្រាសធុនតូច និងមធ្យម ការបង្កើតការងារ ការតភ្ជាប់ពាណិជ្ជកម្មឌីជីថល និងការថែទាំសុខភាព។ ក្នុងន័យនេះ លោកលើកទឹកចិត្តឱ្យ ក្រុមប្រឹក្សាប្រឹក្សាធុរកិច្ច អាស៊ាន បន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនបន្ថែមទៀត ក្នុងការអនុវត្តគំនិតផ្តួចផ្តើម និងសកម្មភាពគម្រោងសំខាន់ៗទាំងនោះ ក៏ដូចជា ការស្នើសុំអនុសាសន៍ សម្រាប់អាស៊ាន លើបញ្ហាសំខាន់ៗ ផ្សេងៗ។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្រ្តី ក៏បានចូលរួមអបអរសាទរ ចំពោះជ័យលាភីឆ្នើម ដែលទទួលបានរង្វាន់ ក្នុងថ្ងៃនេះ និងបានលើកឡើង ពីការរួមចំណែករបស់ពួកគេ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងការបង្កើតការងារក្នុងតំបន់ ព្រមទាំងបានអំពាវនាវដល់ សហគ្រិនផ្សេងទៀត ឱ្យគំរូតាម ដើម្បីច្នៃប្រឌិតអាជីវកម្ម របស់ខ្លួនបន្ថែមទៀត ឱ្យកាន់តែមានភាពរីកចម្រើន ឈានទៅរកការកាត់បន្ថយភាពក្រីក្រក្នុងតំបន់ និងចូលរួមបង្រួមគម្លាត នៃការអភិវឌ្ឍ។

លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានបញ្ជាក់ថាៈ អាស៊ានបានគាត់សម្គាល់ពីសារៈសំខាន់ នៃការចូលរួមរបស់វិស័យឯកជន ក្នុងការដោះស្រាយនិន្នាការដែលកំពុងរីកចម្រើន ដូចជា ភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ ការបង្កើតឌីជីថល និងនិរន្តរភាព អាស៊ាន ប្តេជ្ញាសហការជាមួយវិស័យឯកជន ដើម្បីជួយកសាងសមត្ថភាព លើជំនាញឌីជីថល និងសេដ្ឋកិច្ចទៅវិញទៅមក ដោយឆ្ពោះទៅរកអនាគត ជាមួយគ្នាលើវិស័យឌីជីថល និងកាបូនទាប។ លើសពីនេះ កម្ពុជា បានប្តេជ្ញា ក្នុងការបង្កើតបរិយាកាសធុរកិច្ច និងបរិយាកាសអាជីវកម្ម ឱ្យកាន់តែប្រសើ តាមរយៈការបញ្ចុះថ្លៃចំណាយ និងពេលវេលា សម្រាប់អាជីវកម្ម ដូចជា ការចុះឈ្មោះអាជីវកម្ម តាមអ៊ីនធឺណិត ការបំពេញស្លាកសញ្ញា តាមអ៊ីនធឺណិត វិញ្ញាបនបត្រនៃប្រភពដើមទំនិញ តាមអ៊ីនធឺណិត អេឡិចត្រូនិក ច្រលចេញចូលតែមួយ ការបង់ពន្ធតាមអ៊ីនធឺណិត និងប្រព័ន្ធទូទាត់ តាមអ៊ីនធឺណិត ជាដើម៕/V-PC

 

ចំណងជើងរូបភាព៖ ព្រឹត្តិការណ៍ពានរង្វាន់ធុរកិច្ចអាស៊ាន ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ
រូបភាព៖ ក្រសួងពាណិជ្ជកម្ម