ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ លើសង្វៀន TV5 យប់ថ្ងៃទី១៣ វិច្ឆិកា ខាងមុខនេះ អ្នកប្រដាល់ឡាវ ២ រូប និង ថៃ មួយរូប នឹងឆ្លងដែន មកប្រកួតជាមួយ អ្នកប្រដាល់ ជើងខ្លាំង ស្រករក្រោយរបស់កម្ពុជា។

អ្នកប្រដាល់កម្ពុជា ឡៅ សៃណេត ក្លិបបញ្ជាការដ្ឋានទ័ពពិសេស កំពុងតែសម្លៀងកែង និងជង្គង់ ដើម្បីស្វាគមន៍អ្នកប្រដាល់ឡាវ Fang Khung Lek ។ អ្នកប្រដាល់ទាំង ២ រូបនេះ ប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៥១ គីឡូក្រាម។

សៃណេត ជាអ្នកប្រដាល់ជើងថ្មីទេ តែគេបានសាងកេរ្តិ៍ឈ្មោះ បានយ៉ាងឆាប់រហ័ស។ អ្នកប្រដាល់រូបនេះ មានប្រវត្តិប្រកួត ចំនួន ២៩ ដង ឈ្នះ ២០ ដង ចាញ់ ៦ ដង និងស្មើពិន្ទុ ៣ ដង ។ ចំពោះអ្នកប្រដាល់ឡាវ Fang Khung Lek វិញ គេមានប្រវត្តិប្រកួត ចំនួន ២០ ដង ឈ្នះ ១៥ ដង និងចាញ់ ៥ ដង។

នេះជាលើកដំបូងហើយ ដែលអ្នកប្រដាល់ឡាវ រូបនេះ ឆ្លងដែនមកប្រកួត នៅស្រុកខ្មែរ គេមិនដឹងថា Fang Khung Lek មានសមត្ថភាពប៉ុណ្ណានោះឡើយ។ ចំពោះអ្នកប្រដាល់កម្ពុជា ឡៅ សៃណេត វិញ គេបានចាត់ទុកថា នេះជាឱកាស សម្រាប់សាងកេរ្តិ៍ឈ្មោះហើយ ហេតុនេះ គេត្រូវតែឈ្នះដាច់ខាត។

ប៊ន ពន្លឹក ក្លិបនាគរាជចតុមុខ ត្រូវបានដាក់ឲ្យប្រកួត ជាមួយអ្នកប្រដាល់ថៃ Phet Nakhorn ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៥១ គីឡូក្រាម។

ពន្លឹក មានប្រវត្តិប្រកួត ចំនួន ៨៥ ដង ឈ្នះ ៦២ ដង ចាញ់ ១៩ ដង និងស្មើពិន្ទុ ៤ ដង ។ ចំពោះ Phet Nakhorn វិញ គេមានប្រវត្តិប្រកួត ចំនួន ៤២ ដង ឈ្នះ ៣១ ដង ចាញ់ ១០ ដង និងស្មើពិន្ទុ ១ ដង។ សម្រាប់ជំនួបនេះ មិនដឹងថា នរណា ជាអ្នកមានសមត្ថភាព ដណ្ដើមជ័យជំនះនោះឡើយ។

ខាំ ខ្លានាង ក្លិបមេសថ្ងកខេត្តស្វាយរៀង ប្រកួតជាមួយអ្នកប្រដាល់ឡាវ Chav Fang Khung ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៥៤ គីឡូក្រាម។

ខ្លានាង ជាអ្នកប្រដាល់ជើងខ្លាំងមួយរូបរបស់កម្ពុជា គេមានប្រវត្តិប្រកួត ចំនួន ១៣៥ ដង ឈ្នះចំនួន ៩៩ ដង ចាញ់ ២៥ ដង និងស្មើពិន្ទុ ១១ ដង ។ ចំពោះ Chav Fang Khung គេមានប្រវត្តិប្រកួត ចំនួន ៣៥​ ដង ឈ្នះ ២៥ ដង ចាញ់ ៩ ដង និងស្មើពិន្ទុ ១ ដង ។ សម្រាប់ជំនួបនេះ ទោះបីអ្នកប្រដាល់ឡាវ Chav Fang Khung គេមិនអាចមើលស្រាលបាន ក៏ពិតមែន តែទំនងជាមិនអាចទៅរួចជាមួយ ខ្លានាងនោះឡើយ៕/V-PC