ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក Ferdinand Romualdez Marcos Jr. ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន បានជួបពិភាក្សាទ្វេភាគី នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។
ថ្នាក់ដឹកនាំទាំងពីរ បានសម្តែងនូវការពេញចិត្ត ចំពោះការវិវត្តនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ចាប់តាំងពីការបង្កើត ទំនាក់ទំនងការទូត ក្នុងរយៈពេល ៦៥ ឆ្នាំ កន្លងមកនេះ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និង ឯកឧត្ដមប្រធានាធិបតី Marcos បានបង្ហាញនូវសេចក្តីប៉ងប្រាថ្នាដូចគ្នា និងបានពិភាក្សា អំពីវិធានការនានា ដើម្បីពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេស លើវិស័យការពារជាតិ ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងទំនាក់ទំនង រវាងប្រជាជន និងប្រជាជន។ ក្នុងន័យនេះ ថ្នាក់ដឹកនាំទាំងពីរ បានលើកទឹកចិត្ត ឱ្យក្រសួង/ស្ថាប័នពាក់ព័ន្ធ នៃប្រទេសទាំងពីរ អនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធភាព នូវឯកសារនានា ដែលបានចុះហត្ថលេខារួច។

ថ្នាក់ដឹកនាំទាំងពីរ បានកត់សម្គាល់ ដោយក្តីសោមនស្ស ចំពោះការកើនឡើងវិញ នូវការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគី បន្ទាប់ពីវិបត្តិនៃជំងឺរាតត្បាត។ ថ្នាក់ដឹកនាំទាំងពីរ ក៏បានកត់សម្គាល់ពីភាពចាំបាច់ ក្នុងការជំរុញភាពជាដៃគូ នៃវិស័យរដ្ឋ និងឯកជន និងការជំរុញទំហំពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី បន្ថែមទៀត។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យហ្វីលីពីន នាំចូលអង្ករ និងផលិតផល កសិកម្មផ្សេងៗទៀតពីកម្ពុជា ឱ្យបានកាន់តែច្រើន ជាពិសេសបានជំរុញឱ្យហ្វីលីពីន វិនិយោគលើវិស័យកសិកម្ម របស់កម្ពុជា ដូចជាក្នុងដំណើរការរោងម៉ាស៊ីនកិនស្រូវ សម្រាប់ការនាំចេញ ទៅកាន់ប្រទេសហ្វីលីពីន ដើម្បីបំពេញតម្រូវការរបស់ ប្រទេសនេះ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ប្រធានាធិបតី Marcos បានពិភាក្សាគ្នាយ៉ាងយូរ អំពីបញ្ហាប្រឈមនានា ដែលអាស៊ាន កំពុងជួបប្រទះ ដូចជា បញ្ហាមីយ៉ាន់ម៉ា និងកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌអាស៊ាន ជាដើម។
ថ្នាក់ដឹកនាំទាំងពីរ ក៏បានផ្លាស់ប្តូរយោបល់ លើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួម ផងដែរ៕/V-PC

KH PR_with​ Philippine President