ដោយៈ ប.ខុន / ភ្នំពេញៈ ការសាងសង់ផ្លូវបេតុងឆ្អឹងដែកលើខ្នងទំនប់ អាងត្រពាំងថ្ម ដោយប្តូរពីគម្រោងចាក់កៅស៊ូ មកចាក់បេតុង កម្រាស់ ០,២ ម៉ែត្រ ទទឹង ៦ ម៉ែត្រ និងមានប្រវែងសរុប ២១ គីឡូ ម៉ែត្រ ជំនួសវិញ មកដល់ថ្ងៃទី១១ ខែវិច្ឆិកា អនុវត្តបាន ប្រវែង ១៥.៦២០ ម៉ែត្រ ទទឹង ៣ ម៉ែត្រ និងការចាក់បេតុង ដល់ទំហំផ្លូវ ៦ ម៉ែត្រ អនុវត្តបាន ៨៨០ ម៉ែត្រហើយ។

លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ថាៈ ការស្ថាបនា ផ្លូវបេ តុងឆ្អឹងដែក លើផ្លូវទំនប់អាងត្រពាំងថ្ម គិតមកដល់ថ្ងៃនេះ (១១វិច្ឆិកា) អនុវត្ត បានប្រវែង ១៥.៦២០ ម៉ែត្រ ទទឹង ៣ ម៉ែត្រ (មួយចំហៀងនៃផ្លូវ) និងចាក់បេតុង ទទឹងគ្រប់ ៦ ម៉ែត្រ បានប្រវែង ៨៨០ ម៉ែត្រ កម្រាស់ ០,២ ម៉ែត្រ។ ផ្លូវដែលត្រូវចាក់ បេតុងនេះ មានប្រវែង ២១ គីឡូម៉ែត្រ ទទឹង ៦ ម៉ែត្រ។

ប្រធានមន្ទីរខាងលើ បានបញ្ជាក់ថាៈ សន្ទុះការងារចាក់បេតុង លើផ្លូវខាងលើ មានល្បឿនលឿន ដោយសារអស់ភ្លៀងផ្លូវដឹកជញ្ជូនបេតុង ចេញចូលការដ្ឋាន ស្រួលជាងមុន ការងារធ្វើគ្រឹះផ្លូវ ចងដែកនិងវ៉ៃពុម្ព ក៏បានដំណើរការ ដោយរលូនដែរ។ គម្រោងសាងផ្លូវបេតុងនេះ ត្រូវប្រើពេលយូរជាង ការចាក់កៅស៊ូ តែវាមានគុណភាពល្អ សម្រាប់ការប្រើប្រាស់បានយូរអង្វែរ ទាំងផ្លូវ និងទំនប់របស់អាងទឹក។​ គម្រោងនេះ ពីដំបូង ត្រូវចាក់ក្រាលកៅស៊ូ។

គម្រោងសាងសង់ផ្លូវខាងលើ ជាបន្ទាន់ ដោយក្រសួងធនធានទឹក និងឧតុនិយមនេះ បន្ទាប់ពីប្រជាពលរដ្ឋ នៅក្នុងខេត្តបន្ទាយមានជ័យ  ជាពិសេស អ្នករស់នៅ និងប្រើប្រាស់ផ្លូវនេះផ្ទាល់ បានស្នើសុំសម្តេចតេជោ នៅក្នុងឱកាសសម្តេច អញ្ជើញចូលរួម ក្នុងកម្មវិធីទិវាមច្ឆាជាតិ នៅអាងត្រពាំងថ្ម​កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅនេះ រួចមក ។

គម្រោងខាងលើនេះ តាមពិត ត្រូវចាក់កៅស៊ូ តាំងពីឆ្នាំ២០១៣ មកម្ល៉េះ តែដោយសារមានការប្រទាញប្រទង់គ្នា ជាមួយនឹងស្ថាប័នជំនាញ ផ្សេងទៀត ទើបធ្វើឱ្យការសាងសង់ផ្លូវនេះ ខកខាន រហូតដល់ពេលនេះ៕/V-PC