ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអបអរសាទរ អ៊ុយក្រែន​ដែលបានចូលជាសមាជិក នៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍​ក្នុងអំឡុងពេល នៃជំនួបទ្វេភាគីជាមួយលោក ឌីមីត្រូ គូលេបា រដ្ឋមន្ត្រីការបរទេស អ៊ុយក្រែន នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅភ្នំពេញ។

លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានរំលឹកពីកិច្ចពិភាក្សា តាមប្រព័ន្ធទូរស័ព្ទ ប្រកបដោយផ្លែផ្កា នាពេលថ្មីៗនេះ រវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក វ្ល៉ាឌីមៀរ ហ្សេឡិនស្គី ប្រធានាធិបតីអ៊ុយក្រែន កាលពីថ្ងៃទី១​​​ ខែវិច្ឆិកា ឆ្នាំ២០២២។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ជាថ្មី នូវជំហរជាគោលការណ៍ របស់កម្ពុជា ចំពោះសង្គ្រាមនៅអ៊ុយក្រែន និងសង្ឃឹមថា ដំណោះស្រាយដោយ សន្តិភាព ដើម្បីបញ្ចប់សង្រ្គាមនេះ នឹងអាចកើតមាន ក្នុងពេលឆាប់ៗ ដើម្បីអ៊ុយក្រែន ទទួលបានសន្តិភាព និងស្ថិរភាព និងការអភិវឌ្ឍ។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ ពីការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការបណ្តុះបណ្តាល អ្នកដោះមីន អ៊ុយក្រែន ដោយសហការជាមួយ ប្រទេសជប៉ុន ផងដែរ។

លោក ឌីមីត្រូ គូលេបា បានអបអរសាទរលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចំពោះភាពជោគជ័យរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន និងជូនពរកម្ពុជា ទទួលជោគជ័យ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ លោក ឌីមីត្រូ គូលេបា បានអរគុណកម្ពុជាយ៉ាង ជ្រាលជ្រៅ ចំពោះការប្រកាន់យកជំហរ ប្រកបដោយគោលការណ៍ ចំពោះសង្គ្រាម នៅអ៊ុយក្រែន ភាពសប្បុរស ក្នុងការជួយអ្នកដោះមីនរបស់អ៊ុយក្រែន និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលអាចធ្វើឱ្យអ៊ុយក្រែន ចូលជាសមាជិក នៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

លោក រដ្ឋមន្រ្តីទាំងពីរ បានកត់សម្គាល់ អំពីកំណើននៃទំនាក់ទំនង ជាមិត្តភាព កម្ពុជា-អ៊ុយក្រែន ដែលបានឆ្លុះបញ្ចាំង តាមរយៈជំនួបកំរិតខ្ពស់សំខាន់ៗ នាពេលថ្មីៗនេះ ការឯកភាពគ្នាលើការតែងតាំង និងផ្លាស់ប្តូរឯកអគ្គរាជ/រដ្ឋទូត ទៅវិញទៅមក ក្នុងពេលឆាប់ៗ​ និងការព្រមព្រៀង ក្នុងការបង្កើតឱ្យមានកិច្ចពិគ្រោះ យោបល់ទ្វេភាគី រវាងក្រសួងការបរទេសទាំងពីរ៕ V / N