ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារ ចុះពិនិត្យការរៀបចំដាក់អំពូលភ្លើង ដើម្បីបំភ្លឺសួនប៉ោយប៉ែត តេជោ ឈ្នះ-ឈ្នះ ដែលបានសាងសង់រួចរាល់ កាលពីពេលថ្មីៗនេះ។

មន្ត្រីរដ្ឋបាលក្រុងនេះ បានឱ្យដឹងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ថាៈ សួនប៉ោយប៉ែត តេជោ ឈ្នះ-ឈ្នះ បានសាងសង់ឡើង តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ និងភូមិគីឡួលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានផ្ទៃក្រឡា ៩.៦០០ ម៉ែត្រការ៉េ។
មកដល់ពេលនេះ ក្រុមការងារ បានស្ថាបនារួចរាល់ជាស្ថាពរ និងត្រៀមដាក់សម្ពោធ បើកឲ្យប្រើប្រាស់ ក្នុងពេលឆាប់ៗខាងមុខនេះ។

លោក គាត ហ៊ុល បានឱ្យដឹងថាៈ សមិទ្ធផលថ្មីមួយនេះ រដ្ឋបាលក្រុង សង្ឃឹមថា វានឹងបានលើកកម្ពស់សោភ័ណភាពទីក្រុង ហើយមានប្រយោជន៍ ដល់ពលរដ្ឋ មន្ត្រីរាជការ កងកម្លាំង ក្នុងក្រុងប៉ោយប៉ែត ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិ៕/V-PC