ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ បន្ទាប់ពីប្រកួតឈ្នះ ពីរ ប្រកួតជាប់ៗគ្នា ក្នុងវគ្គជម្រុះ ដំណាក់កាលទី២ កាលពីម្សិលមិញនោះ នៅថ្ងៃទី១១ វិច្ឆិកា នេះ ក្រុមបាល់បោះរទេះ ជនពិការនារីកម្ពុជា នឹងប្រកួតផ្ដាច់ព្រ័ត្រ ជាមួយម្ចាស់ផ្ទះឥណ្ឌា។

ក្នុងព្រឹត្តិការណ៍ ICRC (International Wheelchair Basketball Tournament) លើកទី៣ នៅប្រទេសឥណ្ឌា ក្នុងវគ្គជម្រុះ ដំណាក់កាលទី១ ក៏កម្ពុជាឈ្នះ ពីរប្រកួតជាប់គ្នាដែរ។

គ្រូបង្វឹកកីឡាបាល់បោះជិះរទេះជនពិការកម្ពុជា លោក ម៉ៅ សុខជា បានឲ្យដឹងថាៈ ទោះបីការប្រកួតច្រើនដង ជាមួយក្រុមដដែលៗ ក៏ក្រុមកីឡាការិនីបាល់បោះជនពិការ កម្ពុជា នៅតែធ្វើបានល្អ ដោយបានយកឈ្នះក្រុមកីឡាការិនី បាល់បោះជិះរទេះ នេប៉ាល់ ក្នុងលទ្ធផល ៥០ទល់២៥ និងឈ្នះម្ចាស់ផ្ទះឥណ្ឌា ៤៤ទល់២៦។

បន្ទាប់ពីឆ្លងកាត់ ៤ ប្រកួត ក្រុមកីឡាការិនីកម្ពុជា នៅតែឈរលំដាប់លេខ១​ ក្នុងពូល ទាំងដំណាក់កាលទី១ និងដំណាក់កាលទី២។ បន្ទាប់ពីការប្រកួតកម្រិតអន្តរជាតិ នៅឥណ្ឌា កីឡាករ កីឡាការិនីបាល់បោះជនពិការកម្ពុជា គ្រោងនឹងប្រកួតជម្រុះ ជាមួយប្រទេសហ្វីលីពីន និង ឡាវ ដើម្បីយកសិទ្ធិចូលរួមការប្រកួតអាស៊ីប៉ារ៉ាហ្គេម នៅប្រទេសចិន ឆ្នាំ២០២៣ ខាងមុខ។

សហព័ន្ធកីឡាបាល់បោះជិះរទេះជនពិការកម្ពុជា បានបញ្ជូនតែក្រុមនារី ចូលរួម ប៉ុណ្ណោះ តបតាមការអញ្ជើញរបស់ប្រទេសឥណ្ឌា ជាម្ចាស់ផ្ទះ ជាមួយបណ្តាប្រទេស ចំនួន៨ ដូចជា ប្រទេសនេប៉ាល់ បង់ក្លាដែស កម្ពុជា លីប៊ី អាហ្វហ្គានីស្ថាន ស៊ីរី ហ្គាណា និង ឥណ្ឌា ។ ដោយឡែក ក្រុមនារីមានតែ​ ៣ ប្រទេស ចូលរួម គឺកម្ពុជា នេប៉ាល់ និងម្ចាស់ផ្ទះឥណ្ឌា៕/V-PC