ដោយៈ សុផល / ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅមុនការចាប់ផ្តើម នៃកិច្ចប្រជុំកំពូលអាស៊ាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន និងបណ្តាមេដឹកនាំ ប្រទេសសមាជិកអាស៊ានទាំងអស់ ដែលបានមកដល់កម្ពុជា បានចូលគាល់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅព្រះបរមរាជវាំង។

នៅក្នុងផេកហ្វេសប៊ុកផ្លូវការរបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជន កម្ពុជា ដោយភ្ជាប់ជាមួយរូបភាព ថ្នាក់ដឹកនាំអាស៊ាន ពេលចូលគាល់ព្រះមហាក្សត្រ បានសរសេរថាៈ នេះមិនត្រឹមតែជាអត្ថរូប ប៉ុន្តែថែមទាំងជាអត្ថន័យដ៏ជ្រាលជ្រៅ ដែលបង្ហាញថាៈ ទី១). កម្ពុជា មានសន្តិភាពពេញលេញ ដែលអនុញ្ញាតឲ្យប្រទេស នេះ មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការទទួលស្វាគមន៍ នូវរាល់វត្តមានរបស់ថ្នាក់ដឹកនាំ កំពូលៗ របស់ពិភពលោក និងតំបន់ ក៏ដូចជា ប្រធានស្ថាប័ន និងអង្គការអន្តរជាតិធំៗ នានា , ទី២) កម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការរៀបចំ និងដឹកនាំកិច្ចប្រជុំ កំពូលនានា ជាអាទិ៍ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនេះ ឆ្លុះបញ្ជាំង ឲ្យឃើញពីសមត្ថភាពនៃការដឹកនាំ ធនធានមនុស្សដ៏មានសក្តានុពល និងបរិយាកាស ប្រកបដោយភាពអំណោយផល, ទី៣) កម្ពុជា មានសិទ្ធិ និងអំណាច ស្មើមុខស្មើមាត់ ដូចបណ្តាប្រទេសនានា ក្នុងពិភពលោក ដែលជាអាទិ៍ រួមមាន សិទ្ធិក្នុងការផ្តួចផ្តើម កំណត់ចក្ខុវិស័យ បង្កើតយន្តការដោះស្រាយបញ្ហាតំបន់ និងពិភពលោក, ទី៤) កម្ពុជា បានប្រែក្លាយពីប្រទេស ដែលធ្លាប់បានញ៉ាំញី ដោយផេះផង់នៃភ្លើងសង្រ្គាម និងជម្លោះផ្ទៃក្នុងដ៏រ៉ាំរ៉ៃ ភាពអត់ឃ្លាន ការរំលោភសិទ្ធិមនុស្ស មកជាប្រទេសដែលមាន ការអភិវឌ្ឍលើគ្រប់វិស័យ ការគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងជាប្រទេសនីតិរដ្ឋ ពិតៗ និង ទី៥). កម្ពុជា កំពុងដើរលើផ្លូវ ដ៏ត្រឹមត្រូវបំផុត ក្រោមការដឹកនាំដ៍ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

លោក ហ៊ុន ម៉ានី បានសរសេរទៀតថាៈ «ក្នុងន័យនេះ យើងទាំងអស់គ្នា ត្រូវពួតដៃ គ្នារក្សាសន្តិភាព និងបន្តជំរុញនូវភាពរុងរឿងនេះ តទៅមុខទៀត ដើម្បជាតិ និងមាតុភូមិយើង»៕/V-PC